នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៤
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយលោកអភិបាលរងខេត្ត លោកស្នងការខេត្ត រដ្ឋបាលខេត្ត លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋានក្នុងភូមិចំនួន៤នៃឃុំពាមរាំង បានចុះអន្តរាគមន៍កម្ចាត់រុយសនិងដង្កូវមូរស្លឹក បំផ្លាញដំណាំស្រូវលើផ្ទៃដីសរុប ៣៤២ហិកតា នៅតាមបណ្តាភូមិចំនួន៤ នៃឃុំពាមរាំង ស្រុកលើកដែក។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តបានសំណេះសំណាល និងណែនាំដល់កសិករឱ្យយកចិត្តទុកដាក់អនុវត្តតាមមន្រ្តីជំនាញ និងផ្តល់អនុសាសន៍ឱ្យអាជ្ញាធរដែនដី និងមន្រ្តីជំនាញបន្តផ្សព្វផ្សាយពីវិធានការកម្ចាត់រុយសនិងដង្កូវមូរស្លឹក និងសត្វល្អិតចង្រៃផ្សេងទៀតឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។
បន្ទាប់ពីសំណេះសំណាលរួច ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានចុះពិនិត្យស្ថានភាពស្រែ និងការបាញ់ថ្នាំ កម្ចាត់សត្វល្អិតចង្រៃផ្សំពីរុក្ខជាតិ តាមស្រែដែលរងការបំផ្លាញដោយរុយស និងដង្កូវមូរស្លឹក។ កិច្ចអន្តរាគមន៍កម្ចាត់ នេះ ត្រូវបានធ្វើឡើងព្រមគ្នា នៅតាមភូមិដែលរងផលប៉ះពាល់ទាំងបួនភូមិ លើផ្ទៃដីស្រូវដែលប៉ះពាល់ចំនួន ៣៤២ហិកតា ។ ស្ថានភាពជារួម ស្រូវប៉ះពាល់ដោយការបំផ្លាញមានកម្រិតស្រាល មិនទាន់មានការខូចខាតគួរឱ្យកត់សម្គាល់ឡើយ៕