កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះ ឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូក្រសួងរួមមាន ឯ.ឧទីប្រឹក្សាក្រសួង អនុប្រធានរដ្ឋបាលព្រៃឈើ អគ្គនាយករងនៃអគ្គនាយកដ្ឋាន កសិកម្ម ថ្នាក់ដឹកនាំអង្គភាព និងមន្ត្រីជំនាញ ចុះពិនិត្យមើលព្រៃអង់តែនជប៉ុន និងជួបជាមួយមន្ត្រីសង្កាត់រដ្ឋបាល ព្រៃឈើក្រយា ហើយបន្តចុះពិនិត្យមើលស្រូវនៅតំបន់ប្រព័ន្ធស្រោចស្រពស្ទឹងជីនិត នៅឃុំបឹងល្វា ស្រុកសន្ទុក និង បានពិនិត្យសហគមន៍ព្រៃឈើក្បាលក្របី រួចជួបសំណេះសំណាលជាមួយសមាជិកសហគមន៍និងកសិករចំនួន ១០០ គ្រួសារ នៅភូមិក្បាលក្របី ឃុំក្បាលទីពោធិ៍ ស្រុកសន្ទុក ក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិផងដែរ។
យោងតាមការលើកឡើងរបស់តំណាងសហគមន៍ព្រៃឈើក្បាលបី ប្រជាជនដែលរស់នៅតំបន់ព្រៃសហគមន៍គឺច្រើន ពឹងផ្អែកជីវភាពលើតែផល អនុផលព្រៃឈើ និងការធ្វើស្រែចំការបន្តិចបន្តួច។ លោក អ៊ុង សំអាត អនុប្រធានរដ្ឋបាល ព្រៃឈើបានឲ្យដឹងថាសហគមន៍ព្រៃឈើនេះបានប្រកាសទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាម ប្រកាសលេខ ៤៨៩ ប្រក.កសក ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ ដែលមានផ្ទៃដី ៧៦០,៨៦ហិកតា និងសមាជិក សហគមន៍មានចំនួនសរុប ១២០គ្រួសារ។ ក្រោមការជួយគាំទ្រពីអង្គការ GTZ (២០០៣ ដល់ ២០០៦) អង្គការ RECOFT (២០០៩ ដល់២០១២)និងអង្គការ ITTO សហគមន៍ព្រៃឈើក្បាលក្របីនេះបានបោះបង្គោលព្រំប្រទល់ ព្រៃសហគមន៍ចំនួន ៦០បង្គោល សា្លកសញ្ញាតូច ២០ និងស្លាកសញ្ញាធំ២ និងទទួលនូវបណ្តុះបណ្តាលនូវកម្មវិធី ផ្សេងៗដូចជាគណនេយ្យភាព គម្រោងបន្ស៉ាំនិងការប្រែប្រួលអាកាសធាតុជាដើម។
នាឱកាសនោះឯ.ឧរដ្ឋមន្ត្រីបានណែនាំឲ្យកសិករចាប់យកមុខរបរបន្ថែមតាមរយៈការធ្វើកសិកម្មចំរុះ ដូចជាការចិញ្ចឹម សត្វ ការដាំបន្លែ ការប្រើប្រាស់ឡជីវឧស្ម័នជាដើម ដោយកុំរស់ពឹងផ្អែកតែលើព្រៃឈើតែមួយមុខ។ បន្ថែមលើសនោះ លោកបានឲ្យរដ្ឋបាលព្រៃឈើត្រូវសហការជាមួយមន្ទីរកសិកម្ម ជ្រើសរើសកសិករ និងសមាជិកសហគមន៍ដែលស្ម័គ្រ ចិត្តដើម្បីទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាបដោយជ្រើសយកសហគមន៍ព្រៃឈើត្បែងលិចជាគំរូ ដើម្បីធ្វើឲ្យ សហគមន៍អាចពង្រឹងសមត្ថភាពនិងអាចដំណើរការបានដោយខ្លួនឯងនៅពេលណាដែលគំរោងផ្សេងៗត្រូវបានបញ្ចប់ដោយកុំរស់មិនខ្លាំង ហើយខ្សោយមិនស្លាប់។ លោកក៏បានជម្រាបជូនបងប្អូនសមាជិកសហគមន៍ និងកសិករទាំងអស់ អំពីពូជស្រូវទាំង១០ពូជដែលរដ្ឋាភិបាលបានដាក់ចេញកាលពីពេលថ្មីៗដើម្បីអាចឲ្យកសិករយើងធ្វើការជ្រើសរើសពូជដែលក្នុងនោះពូជស្រូវស្រាលមិន ប្រកាន់រដូវមាន ពូជសែនពិសោរ ជលសារ និងពូជអ៊ីអ៊ែ៦៦ ពូជស្រូវកណ្តាលមាន ពូជផ្ការំដួល ផ្ការំដេង ផ្ការមៀតនិងផ្កាច័ន្ទសែនសរ ពូជស្រូវធ្ងន់មានពូជរាំងជ័យ ខា៤ និងពូជខា។
តាមការលើកឡើងរបស់លោកបណ្ឌិត អ៊ុក ម៉ាការ៉ា នាយកវិទ្យាស្ថានអភិវឌ្ឍន៍ពូជកសិកម្មនៅកម្ពុជា ទាក់ទងទៅនឹង បញ្ហាពូជ ក៏សូមឲ្យប្រជាជនចេះជ្រើសរើសពូជសុទ្ធ និងអនុវត្តបច្ចេកទេសប.វ.សឲ្យបានត្រឹមត្រូវដើម្បីទិន្នផលកាន់តែ ខ្ពស់ និងមានគុណភាព ហើយការប្រើប្រាស់ពូជសុទ្ធមានរយៈពេលតែ៣ឆ្នាំ។