នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃទីស្ដីការក្រសួង លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ និងឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជនពិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ Asia Foundation ស្ដីពី ការសិក្សាថ្មីពាក់ព័ន្ធនឹងសមភាពយេនឌ័រ ពិការភាព ការដាក់បញ្ចូលសង្គម និងដំណើរការគោលនយោបាយនៅកម្ពុជា។
ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង និងការអនុវត្តគោលការណ៍ GEDSI ក្នុងចំណោមដៃគូយុទ្ធសាស្រ្ត ជំរុញភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការ និងអ្នកពាក់ពន្ធ័ផ្សេងៗទៀត រួមបញ្ចូល GEDSI និងការពង្រីកវិសាលភាពនៃទស្សនៈរបស់ GEDSI ក្នុងការស្រាវជ្រាវ និងជ្រើសរើសគោលនយោបាយសម្រាប់សមភាពយេឌ័រ ជនពិការភាព និងជនជាតិដើមភាគតិច និងសហគមន៍តំបន់ដាច់ស្រយាល។
តាមរយៈជំនួបពិភាក្សានេះ ក្រុមការងារ Asia Foundation មានបំណងសិក្សា ចងក្រងឯកសារ និងស្នើសុំធាតុចូលបន្ថែម ដើម្បីស្វែងយល់អំពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់ក្រសួង លើការបញ្ជ្រាបសមភាពយេនឌ័រ ជនពិការភាព ជនជាតិដើមភាគតិច ដែលមានភាពងាយរងគ្រោះ សំដៅធានានូវនិរន្តរភាពការងារនៅក្នុងវិស័យកសិកម្ម៕