កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤នេះឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើ៩ខែដើមឆ្នាំ២០១៤ និងទិសដៅអនុវត្តបន្តដែលត្រូវបានរៀបចំធ្វើឡើងនៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើ និងសត្វព្រៃភ្នំពេញថ្មី។ ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើបានអានរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំដោយឆ្លុះបញ្ចាំងឲ្យឃើញពីសកម្មភាព និងលទ្ធផលការងាររយៈពេល ៩ខែដើមឆ្នាំ២០១៤ ទាំងនៅតាមបណ្តាអង្គភាពជំនាញថ្នាក់កណ្តាលទាំងនៅតាមអធិការដ្ឋានរដ្ឋបាលព្រៃឈើទាំង៤រួមមាន អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប អធិការដ្ឋានរដ្ឋបាលព្រៃឈើមេគង្គ និងអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្ររួមមាន: ១. ការកំណត់ព្រំប្រទល់ព្រៃឈើការចាត់ថ្នាក់ និងការចុះបញ្ជីកា ២. ការប្រមូលចំណូលចូលរដ្ឋនៅក្នុងវិស័យព្រៃឈើការអភិវឌ្ឍន៍ស្ថាប័ន និងធនធានមនុស្ស ៣. ការដាំដើមឈើ និងស្តារព្រៃឈើ ៤. ការស្រាវជ្រាវ និងបណ្តុះបណ្តាល ៥. ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើការងារអភិរក្សសត្វព្រៃការងារឧស្សាហកម្ម និងពាណិជ្ជកម្ម។ អង្គប្រជុំក៏បានធ្វើការពិភាក្សានូវចំណុចខាងការលំបាក និងបញ្ហាប្រឈមក្នុងន័យរួមគ្នាដោះស្រាយ និងកំណត់ដាក់ចេញនូវទិសដៅ-វិធានការអនុវត្តបន្ត។ ឯកឧត្តមបណ្ឌិតអ៊ុករ៉ាប៊ុនមានប្រសាសន៍បិទកិច្ចប្រជុំដោយបានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ដែលរដ្ឋបាលព្រៃឈើសម្រេចបានលទ្ធផលជាច្រើនគួរឲ្យកោតសរសើរនៅក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៤នេះតាមរយៈការអនុវត្តកម្មវិធីព្រៃឈើជាតិដោយមានកិច្ចសហការល្អ និងការជួយឧបត្ថម្ភពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍សម្រេចបានលទ្ធផលធំធេងឆ្លើយតបទៅនឹងគោលនយោបាយ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតបំផុតរបស់សម្តេចអគ្គមហាសេនាបតិតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានទស្សនៈវិស័យទូលំទូលាយនិងផ្តោតទៅលើការអភិរក្សអភិវឌ្ឍន៍ និងការគ្រប់គ្រងធនធានព្រៃឈើដោយធានាស្ថិរភាពនៃអេកូឡូស៊ីដែលជាសសរគ្រឹះសំខាន់សំរាប់សុខុមាលភាពសាធារណៈ និងជាវិភាគទានដោយផ្ទាល់ចំពោះកិច្ចការពារបរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ខណៈនោះដែរឯកឧត្តមបណ្ឌិតអ៊ុករ៉ាប៊ុនបានអញ្ជើញប្រគល់មធ្យោបាយ-សំភារៈមួយចំនួនដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនដល់អង្គភាពជំនាញក្រោមឱវាទរដ្ឋបាលព្រៃឈើផងដែរ៕