រដ្ឋបាលជលផល សហភាពអឺរ៉ុប និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ព្រមទាំងអង្គការដៃគូមួយចំនួនទៀត ដែលដឹកនាំដោយឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងលោក Bryan FORNARI ជាប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក Sebastien COPIN អ្នកគ្រប់គ្រងកម្មវិធីជលផលនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចនៅខេត្តសៀមរាបដើម្បីពិនិត្យមើលតំបន់អនុវត្តកម្មវិធី CAPFISH-Capture ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ ថ្ងៃពុធ ៦កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូ បានជួបជាមួយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបផងដែរ ដោយនៅក្នុងជំនួបនេះ ប្រធានបទសំខាន់ត្រូវបានលើកយកមកពិភាក្សារួមមាន ការនេសាទខុសច្បាប់ ការដកហូតកាតក្រហមចេញពីកម្ពុជា សារៈសំខាន់នៃតំបន់ព្រៃលិចទឹក ផែនការគ្រប់គ្រងភ្លើងឆេះព្រៃលិចទឹក ការបោះបង្គោលដែនអភិរក្សនេសាទ និងការកែច្នៃផលិតផលជលផលសម្រាប់ទីផ្សារសហភាពអឺរ៉ុបបន្ទាប់ពីប្រទេសកម្ពុជាត្រូវបានដកកាតក្រហមIUU។