ឯកឧត្ដមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយមន្ដ្រីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញមួយចំនួន បានអញ្ជើញចុះទៅ ពិនិត្យការចិញ្ចឹមគោទឹកដោះ និងជួបជាមួយសមាជិកសមាគម និងភ្នាក់ងារពេទ្យសត្វភូមិចំនួន១០០នាក់ នៅភូមិកោះក្របី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ។
មានប្រសាសន៏នៅក្នុងជំនួប ដែលធ្វើឡើងកាលពីពេលថ្មីៗនេះ ឯកឧត្ដមរដ្ឋមន្ដ្រី បានលើកឡើង ពីសារសំខាន់នៃសុខភាពសត្វ។ ឯកឧត្ដមបញ្ជាក់ថាសុខភាពសត្វ គឺជាកត្ដាសំខាន់ដើម្បីទទួលបានផលិតកម្មខ្ពស់ ។
ដូច្នេះយើងត្រូវគិតពីការចាក់ថ្នាំការពារ អនាម័យក្នុងទ្រុង ការការពារ និងព្យាបាលជម្ងឺឱ្យបានទាន់ពេលវេលា។ ទាក់ទងទៅនឹងការចិញ្ចឹមគោយកទឹកដោះ ឯកឧត្ដមបានផ្ដល់យោបល់ថា ត្រូវជ្រើសរើសពូជដែលផ្ដល់ទឹកដោះច្រើន ធានាបានទាំងបរិមាណនិងគុណភាព ។
យកចិត្ដទុកដាក់ចំពោះ ចំណី (ស្មៅស្រស់មិនជូរផ្អូម គ្មានផ្សិត) ពិសេសស្មៅដែលដាំមានការថែទាំត្រឹមត្រូវ - ចំណីផ្សំស្រេច ឬចំណីបាវ (មានសារធាតុចិញ្ចឹមខ្ពស់) ការថែរក្សាសុខភាពសត្វ (ជំងឺឆ្លង ជំងឺមិនឆ្លង រុយ មូស អាបោម ទឹកកែ ចៃ) ការធ្វើអនាម័យទ្រុង និងរាងកាយសត្វឱ្យបានល្អ និងជាប់ជាប្រចាំ , រក្សាស៊ីតុណ្ហភាពក្នុងទ្រុងឱ្យបានត្រជាក់ល្អ និងថេរ (ពីព្រោះគោទឹកដោះត្រូវការត្រជាក់) ។
ឯកឧត្ដមបន្ដទៀតថា ដើម្បីធានាសុវត្ថិភាពទឹកដោះបានល្អ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យផ្ទាល់ខ្លួន ( personal hygiene ) លាងសម្អាតដៃមុនចាប់កាន់កន្សោមដោះរឺតយកទឹកដោះ និងឧបករណ៏ផ្សេងៗ ។ លាងកន្សោមដោះ ជាមួយសាប៊ូឱ្យបានល្អមុននឹងរឺតយកទឹកដោះ ។ ទឹកដោះ រឺតហើយត្រូវរក្សាទុកឱ្យបានត្រឹមត្រូវ ការពាររុយ ធូលី និងកម្ទេចកម្ទីផ្សេងៗ ។
ឯកឧត្ដមបន្ដជាយោបល់ផងដែរ ថាគួរចងក្រងជាសមាគម ។នាយកដ្ឋានត្រូវចុះមកបណ្ដុះបណ្ដាលអប់រំបន្ថែមទៀតពីបច្ចេកទេស ។ នាយកដ្ឋាន ត្រូវគិតគូរពីពូជ ត្រូវជម្រុះរកពូជថ្មីដែលធន់នឹងធាតុអាកាសនៅប្រទេសប្រទេសកម្ពុជា។យកពូជស្មៅល្អមកចែកចាយឱ្យដល់សមាជិក ។ នាំគ្នាដាំដំណាំចំណីសត្វ(ក្ទម្ពទេស ដំឡូងឈើ សណ្ដែក)សម្រាប់ជាចំណីសត្វ ។
ផ្សព្វផ្សាយបន្ថែមទៀតពីការចិញ្ចឹមគោទឹកដោះ ដើម្បីធានានូវការផ្គត់ផ្គង់ក្នុងមូលដ្ឋានរបស់ពួកគេ ។ ជំរុញបណ្ដុះបណ្ដាលពេទ្យសត្វភូមិ ឱ្យក្លាយជាភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិឱ្យបានចប់សព្វគ្រប់នៅដំណាច់ឆ្នាំ២០១០ ។ នាយកដ្ឋានត្រូវជំរុញការងារចិញ្ចឹមគោទឹកដោះឱ្យបានច្រើនថែមទៀត ចំពោះខេត្ដដែលមានលក្ខណៈអំណោយផល ៕