នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោកលោក ហោង ទ្រី ស្ថិតនៅភូមិក្អមសំណលើ ឃុំក្អមសំណរ ស្រុកលើកដែក។
លោក ហោង ទ្រី បានឲ្យដឹងថាកសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ១០ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានសមត្ថភាពផលិតកូនត្រីពូជ និងចិញ្ចឹមត្រីយកសាច់មានដូចជាត្រីប្រា ត្រីឆ្តោ និងត្រីសណ្តាយ នៅលើផ្ទៃដីចំនួនសរុបចំនួន៥៣ ១០០ម៉ែត្រការ៉េដែលមានស្រះសរុបចំនួន ១០ ស្រះ ក្នុងនោះស្រះដែលមានទំហំ ៨០ម x ៩០ម មានចំនួន០៦ស្រះ ដោយស្រះនីមួយៗដាក់កូនត្រីពូជចាប់ពី ១០-១២ម៉ឺនកូន ហើយស្រះទំហំ ៤៥ម x ៧០ម មានចំនួន ០៤ ស្រះ ដែលក្នុង ០១ស្រះដាក់កូនពូជចាប់ពី ៥-៦ម៉ឺនក្បាល។ ចំពោះការចិញ្ចឹម ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រីដូចជាការផ្តល់ចំណី ការសំអាតស្រះ ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ រួមផ្សំជាមួយពូជល្អ ចំណីមានគុណភាព លក្ខខណ្ឌចិញ្ចឹមអំណោយផល និងការថែទាំ នោះអាចប្រមូលផលបានក្នុងរយ:ពេលតែ ៨ខែ ហើយស្រះធំគិតជាមធ្យមប្រមូលផលបាន ៦៥- ៧០តោន គិតជាសាចប្រាក់លក់បានជាង ១០-១៥ម៉ឺនដុល្លារ។ បច្ចុប្បន្នតម្លៃត្រីឆ្តោ ១ ០០០- ១១ ៥០០រៀល/គ.ក្រ។
ពិនិត្យឃើញទិដ្ឋភាពជារួមរបស់កសិដ្ឋាន និងសកម្មភាពចិញ្ចឹម (ផ្តល់ចំណី) រួចមក ឯកឧត្ដមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល។ បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យលោក ហោ ទ្រី ត្រូវបន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ដោយសារបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អវិញ។ ឆ្លៀតយកឱកាសនេះ លោកបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាគមវារីវប្បករកម្ពុជាដែលទើបបង្កើតថ្មី ជួយសម្របសម្រួលទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែន ការផលិតកម្ម និងបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការភ្ញាស់កូន ការផលិត និងផ្តល់ចំណី ឈានឆ្ពោះទៅប្រែក្លាយជាកសិដ្ឋានគំរូនៅទូទាំងខេត្ត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចជួយកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង ហើយអ្នកបរិភោគគួរងាកមកប្រើប្រាស់ ឬបរិភោគផលិតផលក្នុងស្រុកវិញដើម្បីជួយជំរុញកំណើនផលិតកម្មក្នុងស្រុកឲ្យកាន់តែកើនឡើងទាំងបរិមាណ និងតម្លៃ ជាពិសេស លោកសុំឲ្យអ្នកវិនិយោគក្នុងស្រុកងាកមកចាប់អារម្មណ៍លើវិស័យកសិកម្ម ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក និងនាំចេញ។