ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលឹកដល់កសិករ ដែលចិញ្ចឹមសត្វត្រូវតែយកចិត្តទុកដាក់ ជាសំខាន់ផងដែរ នៅនឹងការជ្រើសរើសពូជ ប្រយោជន៍ដើម្បីឲ្យការចិញ្ចឹមនោះមានប្រសិទ្ធភាពសេដ្ឋកិច្ច។
ខណៈអញ្ជើញចុះពិនិត្យ ការដាំស្មៅចំណីសត្វ និងសំណេះសំណាល ជាមួយកសិករ១០០គ្រួសារ នៅភូមិសឺន សុនត្បូង ឃុំស្រងែ ស្រុកព្រៃឈរ កាលពីថ្ងៃទី0៥ ខែមករានោះ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប្រាប់ដល់កសិករជិត១០០គ្រួសារថា នៅទីនោះការចិញ្ចឹមសត្វ ដូចជា មាន់ ទា ជ្រូក គោ ត្រូវតែជ្រើសរើសពូជ។
ប្រសិនជាពូជមិនច្បាល់លាស់ទេ សូមកុំចិញ្ចឹម។ ចិញ្ចឹមពូជណា ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ កុំចិញ្ចឹមតាមទម្លាប់តៗគ្នា។ ចិញ្ចឹមត្រូវផ្តល់ចំណីអាហារឲ្យបាន គ្រប់គ្រាន់។ ការថែទាំឲ្យបានល្អដូចជាទឹក ការលាងសម្អាត ។ល។
ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ក៏បានស្នើរឲ្យនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ត្រូវយកចិត្តទុកដាក់ ធ្វើសកម្មភាពផ្សព្វផ្សាយបន្ថែមទៀត ជាពិសេសសម្រាប់កម្មវិធីចុះស្រែជាមួយកសិករ ឲ្យដល់ស្រទាប់កសិករពីព័ត៌មានផលិតកម្មសត្វ។
ឯកឧត្តមបណ្ឌិត ច័ន្ទ សារុនបន្តទៀតថា ប្រធានមន្ទីរកសិកម្ម ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ឧស្សាហ៍បង្កលក្ខណៈ ឲ្យអ្នកចិញ្ចឹមសត្វជួបជុំគ្នា ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងក្នុងវិស័យចិញ្ខឹមសត្វ រួចរាយការណ៍ពីលទ្ធផលមកខុទ្ទកាល័យដើម្ម្បីជួយជំរុញ។
ត្រូវខិតខំពង្រីកសកម្មភាពឡជីវឧស្ម័នបន្ថែមទៀត ព្រោះមិនទាន់សាងសង់គ្រប់ផែនការនៅឡើយ ហើយកាកសំណល់ពីឡ អាចយកទៅប្រើប្រាស់ជាជីសម្រាប់ ការងារកសិកម្ម។ ភ្ងាក់ងារសុខភាពសត្វភូមិ ត្រូវតាមដានការចិញ្ចឹមសត្វ ក្នុងភូមិណែនាំឲ្យឈប់ចិញ្ចឹមលែង។
តាមរបាយការណ៍របស់ប្រធានការិយាល័យកសិកម្ម ឲ្យដឹងថាឡដីវឧស្ម័នរបស់ប្រជាកសិករ នៅឃុំស្រងែ មានចំនួនសរុប១៣០កន្លែង។មានមតិសំណេះសំណាលជាមួយប្រជាកសិករនៅទីនោះ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បានជម្រាបថារដ្ឋាភិបាលចិន បានផ្តល់ឡជីវឧស្ម័នចំនួន៣០០ឡ ជូនដល់ក្រសួងកសិកម្ម ដើម្បីធ្វើការចែកចាយដល់ប្រជាកសិករ ហើយឯកឧត្តមបណ្ឌិត ច័ន្ទ សារុនក៏បានកោតសរសើរដល់ប្រជាកសិករដែរមានឡរួច។
ពាក់ព័ន្ធពូជស្រូវ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បានណែនាំឲ្យប្រជាកសិករ ត្រូវយកចិត្តទុកដាក់លើពូជ ព្រោះវាសំខាន់ណាស់ ត្រូវយល់ដឹងពីវិធីសាស្ត្រ សម្រិតសម្រាំងពូជដោយខ្លួន ហើយពូជសុទ្ធប្រើប្រាស់បានតែ០៣ឆ្នាំ ។
រាជរដ្ឋាភិបាល បានប្រកាសចេញឲ្យប្រើប្រាស់ នូវពូជស្រូវចំនួន១០ប្រភេទ ហើយបងប្អូនកសិករ អាចយកទៅធ្វើការបង្កបង្កើនផលបាន។ ឆ្លើយតបសំណូមពររបស់កសិករនៅទីនោះ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បានស្នើឲ្យមន្ទីរកសិកម្ម និងការិយាល័យកសិកម្មស្រុក ចុះសិក្សាលើទីតាំងស្នើសុំប្រឡាយបង្ហូរទឹកទទួលបានលទ្ធផលរួចរាយការណ៍ជូនក្រសួងវិញ។ ក្នុងពិធីនោះឯកឧត្តមបណ្ឌិត ច័ន្ទ សារុនបានផ្តល់ឧបករណ៍ព្រោះគ្រាប់ចំនួន២គ្រឿង ជូនដល់ការិយាល័យកសិកម្មស្រុកព្រៃឈរ សម្រាប់ទុកធ្វើបង្ហាញជូនប្រជាកសិករក្នុងការបន្ថយការប្រើប្រាស់គ្រាប់ពូជ៕