កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិច្ចប្រជុំបូកសរុបការងារនីតិកម្មកសិកម្មឆ្នាំ២០១២ និងទិសដៅអនុវត្តឆ្នាំ២០១៣ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី និងមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានអនុប្រធានមន្ទីរកសិកម្ម ប្រធានករិយាល័យនិតិកម្មកសិកម្ម ទូទាំង២៤ រាជធានី ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។ នាឱកាសនោះលោក អ៊ុក ស៊ីផាន ប្រធានាយកដ្ឋាននីតិកម្មកសិកម្ម បានរាយការណ៍ជូនអង្គពិធីជ្រាបពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងផែនការអនុវត្តបន្តសម្រាប់ឆ្នាំ២០១។
ឆ្លៀតឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃនាយកដ្ឋាននីតិកម្មកសិកម្ម ក្នុងការរៀបចំឲ្យមានកិច្ចប្រជុំនេះដើម្បីត្រួតពិនិត្យនិង វាយតម្លៃលើសកម្មភាពអនុវត្តក្នុងឆ្នាំកន្លងមក ទុកជាបទពិសោធន៍ កែលម្អ រៀនសូត្របំពេញបន្ថែម និងលើកទិសដៅ សកម្មភាពសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់។
ក្នុងឆ្នាំ២០១២ នាយកដ្ឋាននេះទទួលបាននូវសមិទ្ធផលជាច្រើនដូចជា ការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម ព្រមទាំងលិខិតបទដ្ឋានក្រោមច្បាប់មួយចំនួនទៀតត្រូវបានចូលជាធរមាន ដែលជាទិសដៅសកម្មភាពសំខាន់ៗសម្រាប់ឆ្នាំ២០១៣ ក្នុងបេសកកម្មគ្រប់គ្រងសកម្មភាព ពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្មប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព។
បច្ចុប្បន្ននេះ ការប្រើប្រាស់ជីកសិកម្ម និងថ្នាំកសិកម្មក៏ដូចជាសម្ភារកសិកម្មផ្សេងទៀត កាន់តែកើនឡើងជាលំដាប់។ ជាក់ស្ដែងនៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ(២០១០‑២០១២) បរិមាណជីកសិកម្មដែលអនុញ្ញាតឲ្យនាំចូលកើនឡើងជិតបីដងពី ២៥០ពាន់តោនក្នុងឆ្នាំ២០១០ ដល់៦៧០ពាន់តោនក្នុងឆ្នាំ២០១២ ដូចគ្នាដែរ ថ្នាំកសិកម្មបានកើនឡើងពី២.៥០០តោនក្នុងឆ្នាំ២០១០ដល់១០.៥០០តោនក្នុងឆ្នាំ២០១២)។
ទន្ទឹមនឹងកំណើន នេះ បញ្ហាមួយចំនួនក៏ត្រូវបានប្រឈមចំពោះមុខផងដែរ នៅក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្ម ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព ដើម្បីធានាឲ្យកសិករទទួលបាននូវផលប្រយោជន៍ពិតប្រាកដពីការប្រើប្រាស់ កសិផលត្រូវបានធានាគុណភាព និងសុវត្ថិភាព។
នាយកដ្ឋានបានសម្រេចលទ្ធផលការងារប្រកបដោយផ្លែផ្កាគួរឲ្យកោតសរសើរ ក៏ប៉ុន្តែវិសាលភាពនៃកិច្ចខិតខំប្រឹងប្រែងកន្លងមក នៅមិនទាន់ បំពេញ បានគ្រប់ជ្រុងជ្រោយនៅឡើយ ជាពិសេសបញ្ហាប្រឈមក្នុងការគ្រប់គ្រងពាណិជ្ជកម្មសម្ភារកសិកម្ម នៅលើទីផ្សារ និងការផ្គត់ផ្គង់ចែកចាយទៅឲ្យដល់ដៃកសិករដែលជាអ្នកប្រើប្រាស់ចុងក្រោយ ដូច្នេះទាមទារឲ្យអង្គភាពទាំងមូលបន្តជំរុញអនុវត្តភារកិច្ចថ្មីៗបន្ថែមទៀតទាំងនៅថ្នាក់កណ្ដាល និងថ្នាក់រាជធានី ខេត្ត ហើយត្រូវមានការចូលរួមយ៉ាងសកម្មពីអង្គភាពពាក់ព័ន្ធផ្សេងទៀតចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីផ្ដល់អនុសាសន៍សំខាន់មួយចំនួនជូនថ្នាក់ដឹកនាំនិង មន្ត្រីរាជការយកទៅអនុវត្តនាឆ្នាំ២០១៣ ៖ ១- បន្តសិក្សារៀបចំបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មសម្រាប់កម្មវិធីនីតិកម្មឆ្នាំ ២០១៣ ២- បន្ដអនុវត្តនីតិវិធីនិងពង្រឹងសមត្ថភាពក្នុងការអនុវត្តអនុសញ្ញារ៉ូថឺដាមស្ដីពីនីតិវិធីនៃការយល់ព្រមផ្ដល់ព័ត៌មានជាមុនចំពោះសារធាតុគីមីនិងថ្នាំកសិកម្មគ្រោះថ្នាក់ក្នុងពាណិជ្ជកម្មអន្ដរជាតិ បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជាបានចូលរួមក្នុងអនុសញ្ញានេះតាមរយៈព្រះរាជក្រមលេខ នស/រកម/០៩១២/០០៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ ៣-ពង្រឹងសមត្ថភាពរបស់មន្ត្រីក្នុងការបំពេញតួនាទីជាមន្ត្រីអធិការកិច្ចថ្នាំ និងជីកសិកម្ម និងជំរុញការទទួលនីតិសម្បទាជានគរ បាលយុត្តិធម៌ ៤-ជំរុញការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្ដច្បាប់ចំពោះសកម្មភាពពាណិជ្ជកម្មគ្រប់រូបភាពនៅក្នុងទូទាំងប្រទេស ៥-ពង្រឹងការត្រួតពិនិត្យលើការនាំចូលថ្នាំ និងជីកសិកម្មសម្រាប់ការប្រើប្រាស់ក្រៅគោលបំណងពាណិជ្ជកម្ម ជាពិសេសការប្រើប្រាស់របស់ដីសម្បទានសេដ្ឋកិច្ចនិងកសិដ្ឋានកសិឧស្សាហកម្ម ៦-បន្ដអនុវត្តកម្មវិធីផ្សព្វផ្សាយថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាននូវខ្លឹមសារគោលនិងនីតិវិធីអនុវត្តនៃច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំនិងជីកសិកម្ម ៧-បន្ដពង្រឹងសមត្ថភាព មន្ទីរពិ សោធន៍វិភាគគុណភាពជីកសិកម្ម ៨-បន្ដការពង្រឹងសមត្ថភាពរបស់អង្គភាពនីតិកម្មកសិកម្មរាជធានី ខេត្ដតាមរយៈ ការចុះដឹកនាំ ធ្វើអធិការកិច្ច ហ្វឹកហាត់ ការងារ និងផ្ដល់បទពិសោធន៍អនុវត្ដដល់មន្ដ្រីជំនាញដោយផ្ទាល់នៅមូលដ្ឋាន ៩-បន្ដជំរុញការធ្វើអធិការកិច្ច ការត្រួតពិនិត្យ និងការអនុវត្ដច្បាប់ចំពោះសកម្មភាពពាណិជ្ជកម្ម និងមូលដ្ឋានអាជីវកម្មសម្ភារកសិកម្មបន្ថែមទៀត ពិសេសហូរចូលសម្ភារកសិកម្មតាមច្រករបៀងនៃខេត្តជាប់ព្រំដែន តាមផ្លូវទឹកឬផ្លូវគោក ១០-បន្ដជំរុញអនុវត្ដកម្មវិធីអប់រំណែនាំដល់អាជីវករសម្ភារកសិកម្មគ្រប់ប្រភេទក្នុងមូលដ្ឋាន ឲ្យស្នើសុំលិខិត អនុញ្ញាតស្របតាមនីតិវិធី ១១-បន្ដជំរុញអនុវត្ដកម្មវិធីវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ សម្រាប់អាជីវករលក់ដុំលក់រាយសម្ភារកសិកម្ម ក្នុងរាជធានី ខេត្ដសាមី ១២-បន្តជំរុញអនុវត្ដកម្មវិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពី”ការប្រើប្រាស់សម្ភារកសិកម្មប្រកបដោយសុវត្ថិភាព”១៣-បន្ត ជំរុញអនុវត្តការផ្សព្វផ្សាយ អប់រំនៅក្នុងស្រុកនិងឃុំគោលដៅ ដែលប្រមូលផ្ដុំនូវដេប៉ូលក់ចែកចាយសម្ភារកសិកម្ម ដោយតម្រង់ទិសឲ្យអាជីវករបំពេញតួនាទីជាស្ពានចម្លងការយល់ដឹងនេះដើម្បីណែនាំដល់កសិករដែលទិញសម្ភារកសិកម្មយកទៅប្រើប្រាស់ប្រកបដោយគុណភាព និងសុវត្ថិភាព១៤-ជំរុញអនុវត្ដកម្មវិធីផ្សព្វផ្សាយលើកកម្ពស់ការ យល់ដឹងជាសាធារណៈការយល់ដឹងដល់ អ្នកប្រើប្រាស់សម្ភារកសិកម្ម ជាពិសេសនៅតំបន់ជាប់ព្រំដែនដែលមានលំហូរសម្ភារកសិកម្មឆ្លងដែនខុសច្បាប់ ក្នុងរូបភាពយកមកប្រើប្រាស់ឬធ្វើការដោះដូរទំនិញតាមប្រពៃណី ១៥-លើកកម្ពស់អភិបាលកិច្ចល្អក្នុងការបម្រើសេវាសាធារណៈ ១៦-ខិតខំរៀនសូត្រជាប្រចាំអំពីច្បាប់ នីតិវិធី និងបច្ចេក ទេសពាក់ព័ន្ធក្នុងការគ្រប់គ្រងសម្ភារកសិកម្ម ១៧-ពង្រឹងសមត្ថភាពការងារគ្រប់គ្រងទិន្នន័យតាមរយៈប្រព័ន្ធព័ត៌ មានវិទ្យា ១៧-រៀបចំនិងជំរុញអនុវត្ដកម្មវិធីការងារប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ១៨-អនុវត្ដរបបគ្រប់គ្រងឯកសារឲ្យបានត្រឹមត្រូវតាមគោលការណ៍រដ្ឋបាល និងហិរញ្ញវត្ថុ ១៩-សិក្សារៀបចំផែនការថវិកាផ្អែកតាមកម្មវិធីការ ងារ របស់អង្គភាពប្រចាំឆ្នាំក្នុងក្របខ័ណ្ឌនៃការពង្រឹងសមត្ថភាព ឬសិក្សាគម្រោងដើម្បីស្វែងរកដៃគូអភិវឌ្ឍន៍ ២០-លើកកម្ពស់សាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ជម្រុះចោលសតិអារម្មណ៍អវិជ្ជមាននិងបន្តកិច្ចសហការគ្នាទៅវិញទៅ ២១-ជំរុញកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ កិច្ចឈរជើងនៅព្រំដែនអង្គភាពប្រដាប់អាវុធស្ថាប័នតុលាការដើម្បីពង្រឹងការគ្រប់គ្រងនិងការអនុវត្ដច្បាប់ឲ្យមានប្រសិទ្ធភាព។