ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ២០១៦និងលើកទិសដៅការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០១៧

ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០១៨ 3855

នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០១៧។ អញ្ជើញចូលរួមក្នុងពិធីនោះមានឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង និងឯកឧត្តម អស់លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងទាំងអស់។ បន្ទាប់ពីឯកឧត្តម សេន សុវណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំបូកសរុប និងលើកទិសដៅអនុវត្តសម្រាប់ឆ្នាំ២០១៧ ដោយបានឆ្លុះបញ្ចាំងឲ្យឃើញនូវស្ថានភាពជាក់ស្តែង សមិទ្ធផល បញ្ហាប្រឈមនានាដែលបានកើតឡើង ហើយដែលត្រូវរួមគ្នាខិតខំដោះស្រាយឱ្យបានតាមការរំពឹងទុក។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ច ការលះបង់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសការចាត់ចែងអនុវត្ត ខ្លឹមសារអនុក្រឹត្យ លេខ២២៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ក្នុងការរៀបចំរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងអង្គភាពអគ្គនាយកដ្ឋាន បានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ភាតរភាព និងមានសាមគ្គីភាពខ្ពស់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវចក្ខុវិស័យ និងអនុសាសន៍មួយចំនួនជូនអង្គពិធីទាំងមូលដើម្បីជាធាតុចូលសម្រាប់យកទៅពិចារណា និងអនុវត្តដូចតទៅ៖

ទី១. ត្រូវជំរុញការរៀបចំរចនាសម្ព័ន្ធចាត់តាំងដឹកនាំការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ស្របតាមខ្លឹមសារមាត្រា៩នៃអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ស្តីពីការដំឡើងនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលទៅជាអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។

ទី២. សូមជំរុញរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វដែលនៅក្នុងនោះមាន ព្រះរាជក្រឹត្យចំនួន០១ អនុក្រឹត្យចំនួន០៤ ប្រកាសរួមចំនួន០២ ប្រកាសក្រសួងចំនួន៣៤ ព្រមទាំងលិខិតបទដ្ឋានមួយចំនួនទៀតតាមការចាំបាច់ និងតាមលំដាប់អាទិភាព។ កិច្ចការទាំងអស់នេះ ទាមទារនូវការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងត្រូវការពេលវេលា រួមទាំងធនធានមនុស្ស បច្ចេកទេស ថវិកា និងត្រូវមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីធានាសម្រេចគោលដៅនេះឱ្យបានតាមការរំពឹងទុកព្រមទាំងយកចិត្តទុកដាក់ ជំរុញការផ្សព្វផ្សាយខ្លឹមសារនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វឲ្យបានទូលំទូលាយដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព។

ទី៣. ជំរុញការរៀបចំលិខិត និងបទដ្ឋានបច្ចេកទេស សម្រាប់ការសម្របសម្រួល និងគ្រប់គ្រងការនាំចេញ នាំចូល នាំឆ្លងកាត់ និងចរាចរសត្វនិងផលិតផលសត្វ ចំណីសត្វ និងបសុឱសថ ឱ្យប្រព្រឹត្តទៅដោយសុវត្ថិភាព ស្របតាមបទដ្ឋានអន្តរជាតិ និងកិច្ចព្រមព្រៀងអនាម័យ និងភូតគាមអនាម័យ ឆ្លើយតប ទៅនឹងកាតព្វកិច្ចកម្ពុជាជាសមាជិកអង្គការ WTO និងOIE ដើម្បីជាឆ្នាប់ក្នុងការធ្វើសមាហរណកម្មសង្គមសេដ្ឋកិច្ចអាស៊ាន និងសាកលភាវូបនីយកម្ម។

ទី៤. ជំរុញលើកទឹកចិត្តដល់ការបង្កាត់ពូជសត្វតាមបែបវិទ្យាសាស្រ្តទំនើបដើម្បីបង្កើនសក្តានុពលផលិតកម្មនិងការប្រកួតប្រជែង ព្រមទាំងពង្រឹងភាពជាដៃគូរវាងផ្នែកសាធារណៈ ឯកជន អ្នកចិញ្ចឹមសត្វ និងបង្កើតបរិយាកាសវិនិយោគលើឧស្សាហកម្មចិញ្ចឹមសត្វ ការកែច្នៃម្ហូបអាហារ និងផលិតផលសត្វ ដោយត្រូវគិតគូរជាចម្បងលើសុខភាពសាធារណៈ សុខុមាលភាពសត្វ និងសម្រួលពាណិជ្ជកម្មសត្វ ផលិតផលសត្វ ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។

ទី៥. អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ជួយជំរុញផ្តល់សេវាគាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគលើការចិញ្ចឹមសត្វជាលក្ខណៈគ្រួសាររបស់កសិករខ្នាតតូចនិងកសិដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់សំដៅធានាផ្គត់ផ្គង់សត្វ និងសាច់សត្វ និងដើម្បីធានាស្ថិរភាពតម្លៃសាច់សត្វគ្រប់ប្រភេទនៅក្នុងទីផ្សារក្នុងស្រុក និងឈានជាបណ្តើរៗទៅកាត់បន្ថយការនាំចូល និងជំរុញការនាំចេញ។ ក្នុងគោលដៅនេះ យើងត្រូវធ្វើកិច្ចការសំខាន់ៗមួយចំនួនដូចជា៖

(១).ជំរុញលើកទឹកចិត្តក្នុងការផលិតវ៉ាក់សាំង ការផលិតចំណីសត្វ ដោយប្រើប្រាស់វត្ថុធាតុដើម ដែលមានស្រាប់នៅក្នុងស្រុក

(២).បង្កើនសមត្ថភាពក្នុងការបង្ការ និងទប់ស្កាត់ជំងឺឆ្លងរាលដាលនៃសត្វ និងជំងឺស៊ូណូសឱ្យមានប្រសិទ្ធភាពតាមគ្រប់រូបភាព

(៣).ពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វ ចំណីសត្វ និងបសុឱសថ ពិសេសត្រូវចូលរួមរឹតបន្តឹងឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការសហការទប់ស្កាត់ចលនាសត្វ និងផលិតផលសត្វខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសបណ្តាខេត្តនៅជាប់ព្រំដែន។ ទន្ទឹមនឹងនេះក៏មិនត្រូវមើលរំលងអំពីការខិតខំកែលម្អសេវាសាធារណៈឱ្យបានសមស្របតាមនីតិវិធីប្រកបដោយតម្លាភាព ដើម្បីផ្តល់នូវភាពកក់ក្តៅដល់អតិថិជនឱ្យបានល្អប្រសើរ។

ទី៦. ក្នុងបរិបទនៃការរីកចម្រើនវិស័យសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាបច្ចុប្បន្ន រួមទាំងលំហូរនៃភ្ញៀវទេសចរណ៍អនុ្តរជាតិដែលបន្តកើនឡើងផងនោះ បានធ្វើឱ្យមានតម្រូវការសាច់ និងផលិតផលសត្វ មានការកើនឡើង ទាំងបរិមាណ គុណភាព និងសុវត្ថិភាព។ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អ្នកបរិភោគ អ្នកប្រើប្រាស់ ការងារសំខាន់ៗចំពោះមុខមួយចំនួនដែលអង្គភាពជំនាញត្រូវតែធ្វើការពិនិត្យឡើងវិញនោះមានជាអាទិ៍ៈការងារគ្រប់គ្រង និងត្រួតពិនិត្យសត្តឃាតដ្ឋាន និងកន្លែងតាំងលក់សាច់ ផលិតផលសត្វ ចំណីសត្វ ឱសថស្ថានសត្វ ការត្រួតពិនិត្យកសិដ្ឋាន ការត្រួតពិនិត្យចរាចរសត្វ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត នានាជាធរមានដែលទាក់ទងនឹងសុខភាពសត្វនិងការចិញ្ចឹមសត្វ។ ដូច្នេះយើងត្រូវតែពូនផ្គុំគំនិត យកចំណេះដឹង បទពិសោធន៍ ពីបណ្តាអ្នកជំនាញគ្រប់ផ្នែក គ្រប់ស្ថាប័ន ដើម្បីរួមគ្នារកដំណោះស្រាយ សមស្របទៅតាមស្ថានភាពជាក់ស្តែងនៃប្រទេសយើងធ្វើយ៉ាងណាធានាឱ្យបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ជាពិសេសសុខភាពសាធារណៈ។

ទី៧. ជំរុញរៀបចំ និងអនុវត្តបទដ្ឋានបច្ចេកទេស ជាពិសេសការត្រួតពិនិត្យអនាម័យសត្វ និងផលិតកម្មសត្វ ការគ្រប់គ្រងសត្តឃាតដ្ឋាន ការធ្វើអាជីវកម្មពិឃាតសត្វ ការត្រួតពិនិត្យអនាម័យសាច់ ដើម្បីធានាកិច្ចសម្របសម្រួលការវិនិយោគ និងពាណិជ្ជកម្មសត្វនិងផលិតផលសត្វ និងសុវត្ថិភាពម្ហូបអាហារ។

ទី៨. ពិនិត្យ បែងចែកតំបន់ត្រួតពិនិត្យ និងលុបបំបាត់ជំងឺឆ្លងសត្វ ជាពិសេសជំងឺអុតក្តាម ដូចមានចែងក្នុង ផែនការជាតិជំងឺអុតក្តាម ដែលក្រសួងបានអនុម័តដាក់ឲ្យអនុវត្តនៅឆ្នាំ២០១៥ និងដោយអនុលោមទៅនឹងផែនទីបង្ហាញផ្លូវលុបបំបាត់ជំងឺអុតក្តាមនៅក្នុងតំបន់អាស៊ីអគ្នេយ៍ និងចិន២០២០ នៃអង្គការសុខភាពសត្វពិភពលោក ដែលកម្ពុជា ជាសមាជិកសកម្មមួយផងដែរ។

ទី៩. ត្រូវខិតខំជំរុញការផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមសត្វ ការការពារ និងតាមដានជំងឺឆ្លងសត្វ ព័ត៌មានទីផ្សារសត្វ ផលិតផលសត្វទាំងក្នុងនិងក្រៅប្រទេស ការចរាចរសត្វចេញ-ចូល និងជំរុញចងក្រង ផ្តល់ការគាំទ្រ ដល់កសិករខ្នាតតូច ឲ្យក្លាយជាសហគមន៍ចិញ្ចឹមសត្វ និងរួមគ្នារកវិធីសាស្រ្តដោះស្រាយរាល់បញ្ហាទាំងឡាយដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយត្រូវសហការឱ្យបានកាន់តែជិតស្និទ្ធថែមទៀតជាមួយភ្នាក់ងារសុខភាពសត្វតាមការចាំបាច់។

ទន្ទឹមនឹងនេះ ឯកឧត្តមបានកត់សម្គាល់ឃើញថា មន្រ្តីជំនាញរបស់យើងនៅតាមអង្គភាពនីមួយៗបានទៅចូលរួមកិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសជាច្រើន។ ដូច្នេះ អង្គភាពនីមួយៗត្រូវរៀបចំចងក្រងអត្ថបទបច្ចេកទេស ដើម្បីជាបទពិសោធន៍ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

ទី១០. ក្នុងការអនុវត្តផែនការថវិកាឆ្នាំ២០១៧ ឯកឧត្តមស្នើឱ្យគ្រប់អង្គភាពថវិកាទាំងអស់ រួមទាំងមន្ទីរកសិកម្ម រុក្ខា-ប្រមាញ់ និងនេសាទរាជធានី-ខេត្ត ពិសេសអង្គភាពដែលប្រមូលចំណូលពីសេវាសាធារណៈ ត្រូវខិតខំប្រមូលចំណូលឲ្យអស់លទ្ធភាព និងត្រូវរៀបចំយន្តការចំណាយឱ្យចំទិសដៅ និងសន្សំសំចៃខ្ពស់ ដោយផ្តោតទៅលើសកម្មភាពដែលចំាបាច់ជាអាទិភាពពោលគឺ អាទិភាពលើអាទិភាព និងត្រូវជៀសវាងការលើកគម្រោងចំណាយដែលខុសផែនការ។

ទី១១. ការពង្រឹងសមត្ថភាព គុណភាពការងារ និងមនសិកាវិជ្ជាជីវៈរបស់មន្រ្តីរាជការ គឺជាការចាំបាច់ សម្រាប់លើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផលការងារ និងធានាការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ចំណុចនេះ សូមប្រធានអង្គភាពទាំងអស់ យកចិត្តទុកដាក់ ពង្រឹងការរៀបចំចាត់ចែងការងារដឹកនាំនិងគ្រប់គ្រងដោយត្រូវឈរលើមូលដ្ឋានរួមមាន៖

(១).សមត្ថភាពជំនាញវិជ្ជាជីវៈ បទពិសោធន៍ និងមានស្នាដៃការងារសមស្រប

(២).មានស្មារតីសមូហភាពចូលរួមបុគ្គលទទួលខុសត្រូវ

(៣). មានសីលធម៌ គុណធម៌ និងសមធម៌ ចេះចែករំលែក និងស្គាល់សុខទុក្ខមន្រ្តីក្រោមឱវាទ

(៤). ចូលរួមកិច្ចការអភិវឌ្ឍសហគមន៍និងសង្គម (៥). មានការប្រាស្រ័យទាក់ទងល្អជាមួយមហាជន។ ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសដល់មន្រ្តីដែលមានស្នាដៃរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វផងដែរ។

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 450

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 543

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 564

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 484

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 705

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 711

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 651

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 674

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 690

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 701

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 721

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...