នៅសណ្ឋាគារ Cambodiana រាជធានីភ្នំពេញ,ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ មានបើកកិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុនលើកទី៣ ស្ដីពី ខ្សែចង្វាក់តម្លៃផលិតកម្មស្បៀង ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្ដម Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថាកិច្ចសន្ទនា នាថ្ងៃនេះ គឺជាឱកាសដ៏សំខាន់មួយដែលក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន បានមកជួបជុំគ្នាក្នុងបរិយាកាសនយោបាយថ្មីមួយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យខ្សែចង្វាក់ផលិតកម្មស្បៀង ឱ្យបានកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ វប្បធម៌ថ្មីនៃកិច្ចសន្ទនាជាលក្ខណៈស្ថាបនានេះ ប្រាកដជានឹងជួយពង្រឹងសមត្ថភាពប្រទេសកម្ពុជា ធានាបាននូវកំណើនសេដ្ឋកិច្ច និងការរីកចម្រើនលើគ្រប់វិស័យក្នុងកម្មវិធីកំណែទម្រង់ ជាពិសេស ក្នុងពេលដែលប្រទេសជាតិកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលឈានឡើងពីប្រទេសចំណូលទាបមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងត្រូវបន្តឆក់យកកាលានុវត្តភាពល្អៗ ក៏ដូចជាការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត ក្នុងបរិបទនៃសាកលភាវូបនីយកម្ម។ ទន្ទឹមនឹងនេះផងដែរកិច្ចសន្ទនាទ្វេភាគីនាពេលនេះ សង្ឃឹមថានឹងផ្ដល់នូវឱកាសប្រកបដោយតថភាពសម្រាប់យើងទាំងអស់គ្នាចូលរួមពិនិត្យអំពីវឌ្ឍនភាព សក្តានុពល និងពិភាក្សាឲ្យកាន់តែស៊ីជម្រៅលើការពង្រីកកិច្ចសហប្រតិបត្តិការលើខ្សែចង្វាក់តម្លៃផលិតកម្មស្បៀង ក្នុងន័យជំរុញពាណិជ្ជកម្មស្បៀងអាហាររវាងប្រទេសទាំងពីរ ជាពិសេស បង្កើនការគាំទ្រ និងការលើកទឹកចិត្តដល់សហគ្រាសខ្នាតតូច និងមធ្យម និងការចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឈានទៅដល់ការចូលរួមអនុវត្តនូវគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកបង្កើនជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ តាមរយៈនៃកិច្ចសន្ទនាទ្វេភាគីនាថ្ងៃនេះសង្ឃឹមថា វិនិ-យោគិនអាចទទួលបាននូវអត្ថប្រយោជន៍ច្រើនពីការចូលរួមវិនិយោគលើវិស័យផលិតកម្មស្បៀង វិស័យកសិ-ឧស្សាហកម្ម និងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ ពិតណាស់ថា ដោយមានការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង និងគោលនយោបាយប្រាកដប្រជារបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ គឺបាននិងកំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណាប្រមូលផ្តុំ និងប្រើប្រាស់ធនធាន និងសក្ដានុពលដែលមាន សំដៅលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីបង្កើតការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូលនៅជនបទព្រមទាំងធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនទូទៅ ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញកសិផលដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនកសិកររស់នៅតំបន់ជនបទ និងកាត់បន្ថយភាពក្រីក្រជាចម្បង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យអង្គពិធី ទាំងមូលពិនិត្យ ពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទៅលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ យន្តការ និងវិធានការនានា ដើម្បីឱ្យដំណើរការអនុវត្តខ្សែចង្វាក់តម្លៃស្បៀងនេះមានលក្ខណៈសង្គតិភាពឆ្លើយតបទៅនឹងគោលដៅ ដែលរាជរដ្ឋាភិបាលបានកំណត់ សម្រាប់ផលប្រយោជន៍ពិតដល់ប្រជាកសិករ ពិសេស ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងវិស័យកសិកម្មប្រកបដោយចីរភាព។