នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឈា ប៊ុនរិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Tania Meyer នាយិកានៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោង "កែលម្អសន្តិសុខទឹកកម្ពុជា" នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។
ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន បានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្រសួងស្ថាប័នពាក់ព័ន្ធ ធនាគារពិភពលោក ដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ការគាំទ្រ សម្របសម្រួលដល់ការអនុវត្តគម្រោង ជាពិសេស ការប្រេីប្រាស់ថវិកាគម្រោង ផ្តល់ផលប្រយោជន៍អតិបរមា ឆ្លេីយតបចំតម្រូវការ និងដំណេីរការបាននៅខេត្តគោលដៅ។ ជាការពិតណាស់ ទឹកគឺជាប្រភពដ៏សំខាន់បំផុតសម្រាប់ជួយទ្រទ្រង់ដល់គ្រប់ភាវៈមានជីវិតទាំងអស់នៅលើភពផែនដី ដូចដែលសុភាសិតបុរាណខ្មែរពោលថា «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ» ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវភាពចាំបាច់មិនអាចខ្វះបានរបស់ទឹកនៅក្នុងផលិតកម្មកសិកម្ម។
នៅក្នុងបរិបទនៃការបម្រែបម្រួលអាកាសធាតុយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យមានគ្រោះធម្មជាតិជាញឹកញាប់ សន្តិសុខទឹកដើរតួនាទីរឹតតែសំខាន់ថែមទៀត ក្នុងការរួមចំណែកធានាដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក។ ជាក់ស្តែង កម្ពុជាធ្លាប់បានរងគ្រោះដោយសារគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងការវាយប្រហារដោយសមាសធាតុចង្រៃនាពេលកន្លងមក ដែលទាមទារឱ្យកម្ពុជាយកចិត្តទុកដាក់កាន់តែខ្លាំងក្លាថែមទៀតដល់សន្តិសុខទឹក និងការអនុវត្តកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយនិរន្តរភាព និងភាតរៈបរិស្ថាន។ លេីសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលេីកឡេីងពីកម្មវិធីគោលនយោបាយ អាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ការលើកស្ទួយផលិតកម្មកសិកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាននិងកំពុងជំរុញអនុវត្ត។
ជាងនេះទៀត ក្រសួងបានដាក់ចេញនូវគោលនយោបាយ «មានហូប, មានប្រើ, មានបាន និងមានរហូត» ដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្ម សំដៅធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករ។
តាងនាមក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឈា ប៊ុនរិទ្ធ បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ក្រសួងស្ថាប័ន ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសិក្ខាសាលានាថ្ងៃនេះ ដែលគម្រោងនេះពិតជាផ្តល់សារៈសំខាន់រួមចំណែកក្នុងការស្តារឡេីងវិញ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកសម្រាប់បម្រេីដល់ការងារកសិកម្ម កិច្ចគាំពារបរិស្ថាន ឧស្សាហកម្ម ទេសចរណ៍ និងការប្រេីប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះសម្រាប់រួមចំណែកអភិវឌ្ឍប្រទេសក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបង្ហាញគោលជំហរក្នុងការធានាសន្តិសុខទឹក បន្តគ្រប់គ្រងតាមដានការងារឧតុនិយម ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័ននានា ដៃគូពាក់ព័ន្ធ សំដៅចូលរួមចំណែកឱ្យកម្ពុជាទទួលបានលទ្ធផលល្អ ទទួលបានភោគផលសេដ្ឋកិច្ច ស្របនឹងគោលនយោបាយជាតិ កម្ពុជាឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
សូមរំឮកជូនថា គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) មានរយៈពេល៦ឆ្នាំពោលគឺចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ ២០៣០ ដោយអនុវត្តនៅខេត្តចំនួន៤ គឺខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រះវិហារ និងខេត្តមណ្ឌលគីរី ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក៕