នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលវិស័យឯកជនស្តីពីប្រព័ន្ធវិញ្ញាបនបត្រភូតគាម
អនាម័យអេឡិចត្រូនិក និងការពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី ePhyto នៅសណ្ឋាគារ Novotel Phnom Penh ក្រោមអធិបតីភាពលោក ឃុន កក្កដា អគ្គនាយករងទទួលបន្ទុករួមនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងលោកស្រី Cristina Novio Garcia មន្ត្រីទទួលបន្ទុកពាណិជ្ជកម្មនិងវិស័យឯកជន នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីនាយកគម្រោង EU-German GATE ប្រធានទីប្រឹក្សាគម្រោង EU-German GATE ប្រធានសមាសភាគនៃគម្រោង EU-German CAPSAFE តំណាងអង្គការ GIZ ថ្នាក់ដឹកនាំនាយកដ្ឋាននិងមន្ត្រីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងក្រុមហ៊ុន GUUD សមាគមធុរកិច្ច អ្នកនាំចេញ អ្នកផ្តល់សេវាភស្តុភារ និងវិស័យឯកជនពាក់ព័ន្ធ សរុបប្រមាណ១០០រូប។
សិក្ខាសាលាបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
• ណែនាំវិស័យឯកជនអំពីលំហូរការងារ មុខងារ និងការទទួលខុសត្រូវរបស់អ្នកដាក់ពាក្យក្នុងប្រព័ន្ធ ePhyto
• ផ្តល់ឱកាសឱ្យអ្នកចូលរួមសាកល្បងករណីជាក់ស្តែង និងកត់ត្រាអំពីបញ្ហា ឬចំណុចត្រូវកែលម្អ
• ប្រមូលមតិយោបល់លើសេចក្តីព្រាងប្រកាស ដើម្បីឱ្យក្របខណ្ឌអនុវត្តមានភាពច្បាស់លាស់ អាចអនុវត្តបាន និងគាំទ្រកិច្ចសម្រួលពាណិជ្ជកម្ម។