នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នៅអាងទឹកអន្លង់ជ្រៃ ភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានប្រារព្ធពិធី"ទិវាមច្ឆជាតិ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ទិវាមច្ឆជាតិត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីចូលរួមក្នុងការអភិវឌ្ឍនិងអភិរក្សថែរក្សាពូជត្រី ក៏ដូចជាវារីជាតផ្សេងៗទៀតឲ្យបានគង់វង្សធានានិរន្តរភាពធនធានជលផល។ នេះជាពិធីទិវាមច្ឆជាតិលើកទី១៤ ដែលបានរៀបចំលែងកូនត្រីចម្រុះចំនួន ១លានក្បាល កូនបង្កងចំនួន ១សែនក្បាល និងមេត្រីពូជមួយចំនួនដូចជា ត្រីគល់រាំង ត្រីប្រា ត្រីឆ្ពិន ត្រីកាហែ ត្រីព្រលូង ត្រីអណ្ដែង ត្រីក្រាញ់ ត្រីផ្ទក់ ហើយនិង អន្ទង់ កង្កែប អណ្ដើក ។ល។ ដើម្បីធ្វើឲ្យអាងនេះសម្បូរមចួជាតិសម្រាប់បំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពនៃការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផល ជូនអង្គពិធី ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
១-ការងារសហគមន៍នេសាទ: បង្កើតបានសហគមន៍នេសាទសរុបមាន ៥១៦ ក្នុងនោះសហគមន៍នេសាទទឹកសាបមាន ៤៧៧ និងសហគមន៍នេសាទសមុទ្រមាន ៣៩។
២-ការងារអភិរក្សជលផល: បានបង្កើតកន្លែងអភិរក្សជលផលសរុបចំនួន ៥៦១កន្លែង និងអន្លង់ត្រីមេពូជចំនួន ៩៧កន្លែង នៅទន្លេមេគង្គលើ ដើម្បីថែរក្សា និងការពារត្រីពូជ។
៣-ការងារអភិវឌ្ឍន៍វារីវប្បកម្ម: នៅឆ្នាំ២០១៥ បរិមាណផលត្រីពីវារីវប្បកម្ម មានប្រមាណ ១៤៣ ពាន់តោន (មានការកើនឡើងប្រមាណ ២០%)។ អ្នកចិញ្ចឹមត្រីមាន ៧៧ ១៧២ គ្រួសារ និងទីតាំងភ្ញាស់បង្កាត់ត្រីមានចំនួន ៣០៧ កន្លែង ក្នុងនោះ ២៩៤ កន្លែង ជារបស់ប្រជាពលរដ្ឋដែលមានសមត្ថភាពផលិតកូនត្រីពូជប្រមាណ ១៨០លានកូន ហើយនិងស្រះសហគមន៏ជម្រកត្រី មានចំនួន៧៤៤ស្រះ។
៤-ការងារបង្ក្រាបបទល្មើសជលផល: មានបទល្មើសផលផលចំនួន ៣ ៩៧៤ករណី ត្រូវបានបង្ក្រាប ក្នុងនោះពិន័យអន្តរការណ៌ចំនួន ៤១៨ករណី បញ្ចូនទៅតុលាការចំនួន ១៨១ករណី ដាក់ពន្ធនាគារចំនួន ៨៥នាក់។ ទោះជាយ៉ាងណា បទល្មើសជលផលនៅតែបន្តកើតមាន ដោយសារវិសាលភាពដែននេសាទមានសភាពស្មុគ្រស្មាញ ជនល្មើសប្រើឧបករណ៏នេសាទទំនើប ទូក កាណូតល្បឿនលឿន ហើយនិងមន្ត្រីជលផលមានគ្នាតិច និងខ្វះខាតមធ្យាបាយ ជាដើម។
៥-សមត្ថភាពស្ថាប័ននិងក្របខណ្ឌច្បាប់: ជាមួយនឹងបញ្ហាប្រឈមដូចជាកង្វះធនធានមនុស្ស មធ្យោបាយនិងសម្ភារៈ ការវិនិយោគនៅមានកម្រិត និងចន្លោះប្រហោងផ្នែកច្បាប់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងយកចិត្តទុកដាក់ធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផល លើចំណុចចម្បង៣ គឺ: (១) កែសម្រួលលើក្របខណ្ឌច្បាប់ ផែនការ និងសមត្ថភាពស្ថាប័ន (២) កែសម្រួលលើទម្រង់ការងារនៃការគ្រប់គ្រងធនធានជលផល និង (៣) ស្រាវជ្រាវវិទ្យាសាស្ត្រជលផល។