នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ កម្មវិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ និងឯកឧត្តម នៃ គង់ អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុផងដែរ។
ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរកសិកម្ម ដែលបានខិតខំប្រឹងប្រែងបំពេញការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។
ទន្ទឹមនេះ ឯកឧត្តមបានជម្រាបជូនអង្គពិធីអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល និងគោលនយោបាយមាន៤ "មានហូប មានប្រេី មានបាន និងមានរហូត" របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ព្រមទាំងសមិទ្ធផលការងារជាច្រេីនដែលសម្រេចបានក្នុងឆ្នាំ២០២៤ ជាពិសេសការដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករនៅទូទាំងប្រទេស។
ឯកឧត្តមក៏បានចែករំលែកផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តតំបន់ឆ្នេរសមុទ្រ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងរបៀងសេដ្ឋកិច្ច ដែលនឹងបន្តជំរុញនាំមកនូវការអភិវឌ្ឍកាន់តែច្រេីនថែមទៀតសម្រាប់ខេត្តព្រះសីហនុ និងខេត្តតំបន់ឆ្នេរផងដែរ។
សម្រាប់ទិសដៅអនុវត្តបន្ត ឯកឧត្តម គង់ ច័ន្ទវាសនា បានផ្តល់អនុសាសន៍ដល់មន្ទីរកសិកម្មខេត្តព្រះសីហនុ យកចិត្តទុកដាក់ជួយគាំទ្រ និងចុះអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមរបស់កសិករឱ្យបានទាន់ពេលវេលា និងបន្តគ្រប់គ្រង និងការពារធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព តាមរយ:ការជំរុញចុះបញ្ជីដីរដ្ឋ និងការទប់ស្កាត់ និងបង្ក្រាបបទល្មេីសនានា។
មុនបញ្ចប់កម្មវិធី ឯកឧត្តម និងគណ:អធិបតីបានអញ្ជេីញបំពាក់គ្រឿងឥស្សរិយយស និងផ្តល់ប័ណ្ណសរសេីរ ដល់មន្ត្រីមានស្នាដៃឆ្នេីមជាច្រេីននាក់ផងដែរ៕