នាថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «ឆ្លុះបញ្ចាំងវឌ្ឍនភាពការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា» ប្រចាំឆ្នាំ២០២៥ នៅទីរួមខេត្ដសៀមរាប។
សិក្ខាសាលាប្រចាំឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ នាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា លោកស្រី ចំរើន មុទិតា មន្ត្រីឯកទេសជាន់ខ្ពស់អភិវឌ្ឍន៍ជនបទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជាប្រចាំធនាគារពិភពលោក ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធ តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម គ្រឹះស្ថានហិរញ្ញវត្ថុ តំណាងមន្ទីរកសិកម្មខេត្តគោលដៅ ព្រមទាំងតំណាងសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានដំណើរការអនុវត្តក្នុងរយៈពេលជាង៦ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០១៩ និងបានឆ្លងកាត់នូវបទពិសោធន៍ល្អៗ ព្រមទាំងជួបប្រទះបញ្ហាប្រឈមជាច្រើន អំឡុងពេលអនុវត្តគម្រោង។ នាពេលបច្ចុប្បន្ននេះ គម្រោងបានជួយគាំទ្រដល់សហគមន៍កសិកម្ម ក្នុងការរៀបចំផែនការពិពិធកម្មបានចំនួន ១០៦ និងផែនការធុរកិច្ចចំនួន ១១៧ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជាមួយសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប។
លេីសពីនេះ គម្រោងបានគាំទ្រសហគមន៍កសិកម្ម ក្នុងការបង្កើនផលិតកម្មកសិកម្ម ជំរុញក្រុមផលិត និងតភ្ជាប់ទៅកាន់ទីផ្សារ តាមរយៈការកសាងប្រព័ន្ធធារាសាស្រ្តក្រៅកសិដ្ឋានប្រមាណ ៥ ២២០ហិកតា និងផ្លូវកសិកម្មជនបទ បានប្រវែង១៣០ គម ខណៈកម្មវិធីនាថ្ងៃនេះជាឱកាសដ៏មានតម្លៃ ក្នុងការកៀរគរភាគីពាក់ព័ន្ធទាំងអស់ ពិសេសស្ថាប័នមីក្រូហិរញ្ញវត្ថុ ចូលរួមពិភាក្សានិងផ្តល់យោបល់ក្នុងការកំណត់បញ្ហាស្នូល លើកឡេីងជាដំណោះស្រាយ និងរៀបចំផែនការសកម្មភាព សំដៅពន្លឿនការអនុវត្តគម្រោងឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
សូមជម្រាបជូនថា គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១)ឆ្លុះបញ្ចាំងពីសមិទ្ធផលសំខាន់ៗ និងបញ្ហាប្រឈមប្រចាំឆ្នាំរបស់គម្រោង (២)បង្កើតព្រឹត្តិការណ៍សំខាន់ៗ ដើម្បីសម្រេចបាននូវសូចនាករគម្រោង (៣)ចែករំលែកមេរៀន និងការអនុវត្តល្អពាក់ព័ន្ធនឹងសហគមន៍កសិកម្ម និងការចាប់យកការអនុវត្តល្អ និងមេរៀនសម្រាប់ការពន្លឿនការវាយតម្លៃ DPls/BPls (៤)ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនៃប្រតិបត្តិការគម្រោងរួមទាំងខ្សែឥណទាន និងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងស្នើដំណោះស្រាយដើម្បីគាំទ្រសហគមន៍កសិកម្ម និងពន្លឿនការអនុវត្ត និង(៥)កំណត់តំបន់គោលដៅបន្ថែម និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនិងការដាក់ចេញយុទ្ធសាស្ត្រ និងផែនការនិរន្តរភាព៕