នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសវនាការជាមួយលោក Khald El Harizi នាយកកម្មវិធីរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ IFAD ក្នុងកិច្ចអភិវឌ្ឍន៍កសិកម្មនៅកម្ពុជាដែលមានកន្លងមក រាប់ចាប់តាំងពីគម្រោងអភិវឌ្ឍន៍កសិកម្មគាំទ្រកម្មវិធីសិលា(ADESS) ក្នុងរង្វង់ទសវត្សរ៍ទី៩០ មកម្ល៉េះ ហើយបន្តរហូតដល់គម្រោងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ (RPRP)គម្រោងលើកកម្ពស់ជីវភាពរស់នៅតាមជនបទ (RULIP) ហើយចុងក្រោយនេះ គម្រោងអភិវឌ្ឍន៍កសិកម្មនិងជំរុញកំណើនសេដ្ឋកិច្ច (PADEE) ។
លោក Khalid បានរំលឹកអំពីកិច្ចសហការអនុវត្ត និងដោះស្រាយការលំបាកនានា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវទិសដៅគម្រោងទាំងនោះឱ្យបានជោគជ័យជាបន្តបន្ទាប់។ គោលបំណងនៃបេសកកម្មរបស់លោកនាពេលនេះ គឺដើម្បីលើកនូវគម្រោងថ្មីមួយទៀតដែលមានឈ្មោះថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងអាកាសធាតុ (ASPIRE) ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០១៥ រហូតដល់ឆ្នាំ២០២១ នៅតាមបណ្តាខេត្តគោលដៅចំនួន១០ ដោយចង់ឱ្យមានជាអនុកម្មវិធីតាមខេត្តនីមួយៗ ដើម្បីធានាបាននូវនិរន្តរភាពនៃការអនុវត្តកម្មវិធីក៏ដូចជារចនាសម្ព័ន្ធ និងធនធានមនុស្សដែលបានបណ្តុះបណ្តាលនៅពេលអនុវត្តកម្មវិធី។
ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរនិងគាំទ្រចំពោះការបង្កើតកម្មវិធីនេះ ក្នុងទិសដៅបង្កើនផលិតភាពកសិកម្ម ដែលបាននឹងកំពុងប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុពីមួយឆ្នាំទៅមួយឆ្នាំផង និងការស្វែងរកទីផ្សារសម្រាប់កសិផល ដែលមានកំណើនជាលំដាប់ផង ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣របស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករឱ្យបានយ៉ាងតិច១លានតោននៅឆ្នាំ២០១៥និងមានការទទួលស្គាល់គុណភាពតាមស្តង់ដារទីផ្សារអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកអំពីភាពជោគជ័យដែលកម្មវិធីសិលាទទួលបានដែលកាលនោះកម្ពុជាពុំទាន់មាននូវគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការទេហើយទិសដៅរួមនោះគឺការផ្តល់អំណាចនិងលទ្ធភាពដល់មូលដ្ឋានខេត្ត ស្រុក រហូតដល់ឃុំ។ បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តកំណែទម្រង់ថវិកាសាធារណៈតាមយន្តការថវិកាតាមកម្មវិធីដែលមានរចនាសម្ព័ន្ធច្បាស់លាស់គឺ កម្មវិធីជាការទទួលខុសត្រូវនៅកម្រិតក្រសួង ហើយអនុកម្មវិធីជាការទទួលខុសត្រូវនៅកម្រិតអង្គភាពក្រោមឱវាទក្រសួង ដែលមានការកំណត់សូចនាករច្បាស់លាស់។ ប៉ុន្តែទោះជាយ៉ាងណាសម្រាប់ការអនុវត្តនៅថ្នាក់ខេត្ត ឯកឧត្តមរដ្ឋមន្ត្រីនឹងធ្វើការសម្របសម្រួលរកយន្តការជូន IFAD ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធី ASPIRE នេះត្រូវបានអនុវត្តក្នុងឆ្នាំ២០១៥ ខាងមុខដោយរលូននិងទទួលបានជោគជ័យក្នុងទិសដៅផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក Khalid ក៏បានបញ្ជាក់ថា IFAD នៅមានពេលច្រើនដើម្បីជួបពិភាក្សាលម្អិតជាមួយថ្នាក់ដឹកនាំអង្គភាពជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តទៀត។ ទន្ទឹមនឹងនេះលោក Khalid ក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីទៅចូលរួមប្រជុំប្រចាំឆ្នាំក្រុមប្រឹក្សាភិបាលរបស់ IFAD ដែលកិច្ចប្រជុំនោះនឹងផ្តោតការយកចិត្តទុកដាក់លើប្រធានបទ “សហគមន៍កសិករ” ដែលសមស្របបំផុតសម្រាប់កម្ពុជា ដែលមានប្រជាជនភាគច្រើនលើសលប់ជាកសិករនិងការកំណត់ទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ផង។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក៏បានអបអរសាទរនឹងទទួលយកការអញ្ជើញនេះ ដោយសង្ឃឹមថានឹងមានគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំនេះតាមកាលកំណត់។ កិច្ចសវនការនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសិ្នទ្ធស្នាលនិងសហប្រតិបត្តិការខ្ពស់។