ឯកឧត្ដមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានណែនាំដល់មន្ទីរកសិម្ម ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ នឹងអាជ្ញាធរមូលដ្ឋាន ចុះតាមដានអប់រំដល់ប្រជាកសិករ ឱ្យប្រើប្រាស់ទឹកមានលក្ខណៈសន្សំសំចៃ ប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ។
ឯកឱត្ដមរដ្ឋមន្ដ្រី បានបន្ដថា ជាមួយគ្នានោះត្រូវរៀបចំផែនការគ្រប់ក្រងទឹក ឱ្យបានល្អចៀសវាងមានទំនាស់ឡើងជាយថាហេតុ ពិសេសសិក្សាពីទំហំផ្ទៃដី ដែលអាចមានលទ្ធភាពស្រោចស្រពបាន ដើម្បីជៀសវាងកង្វះខាតទឹកជាយថាហេតុ ដែលជាការខាតបង់ធ្ងន់ធ្ងរដល់កសិករ ។
ការណែនាំនេះ ត្រូវបានធ្វើឡើង ខណៈពេលដែលឯកឧត្ដមរដ្ឋមន្ដ្រី អញ្ជើញចុះពិនិត្យស្រុវប្រាំង និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ១០០គ្រួសារ នៅភូមិដំណាក់កន្សែង ឃុំផ្ទះរ៉ុង ស្រុកបាកាន ខេត្ដពោធិ៏សាត់ កាលពីពេលថ្មីៗនេះ ។
យោងតាមរបាយការណ៏ របស់មន្ទីរកសិកម្ម បានឱ្យដឹងថា ស្រូវវស្សាកន្លងមក អនុវត្ដបាន១០៥.២៧៩ហិកតា ស្មើនឹង១០៧,៤៣ភាគរយ នៃផែនការ៩៨.០០០ហិកតាស្មើ៨០ភាគរយ។ ស្ថានភាពស្រូវប្រាំង គិតមកដល់សព្វថ្ងៃ ទូទាំងខេត្ដអនុវត្ដបានប្រមាណ៦.៦០០ហិកតា ស្មើ៣០០ភាគរយ នៃផែនការ២.២០០ហិកតា ក្នុងនោះស្រុកភ្នំក្រវាញ អនុវត្ដបានជាង៥.០០០ហិកតា ដែលស្រុកទាំងពីរនេះ បានទទួលរបបទឹកពីទំនប់ដំណាក់អម្ពិល ។
ដោយឡែក មន្ទីរកសិកម្មបានសម្ដែង នូវការព្រួយបានរម្ភពីកង្វះខាតទឹកជាយថាហេតុ ព្រោះថាទំហំផ្ទៃដី ដែលបាននិងកំពុងអនុវត្ដ មានការកើនឡើង លើសពីលទ្ធភាពស្រោចស្រព របស់ទំនប់ (ទំនប់ដំណាក់អម្ពិល មានលទ្ធភាពស្រោចស្រពស្រូវប្រាំង បានប្រមាណ៤.០០០ហិកតា សម្រាប់ខេត្ដពោធិ៏សាត់និងបាត់ដំបង)។
ក្រោយពីបានចុះពិនិត្យផ្ទាល់ តាមរយៈការលើកឡើងបញ្ហា ដែលកសិករបាន និងកំពុងជួបប្រទះ ឯកឧត្ដមបណ្ឌិតច័ន្ទសារុន បានអនុញ្ញាតឱ្យមន្ដ្រីជំនាញពាក់ព័ន្ធពន្យល់ណែនាំពីមូលហេតុ និងវិធានការអនុវត្ដន៏ងាយៗដល់កសិករ ។
ជាមួយគ្នានោះ ឯកឧត្ដមបានណែនាំ ដល់កសិករត្រូវបញ្ឈប់ការប្រើប្រាស់ ថ្នាំពុលជី ពូជស្រូវ ដែលគ្មានប្រភពច្បាស់លាស់ ព្រោះក្រៅពីការខាតបង់ពេលវេលា ថវិកាវាបង្កឱ្យមានផលប៉ះពាល់ ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានថែមទៀត ។
ឯកឧត្ដមរដ្ឋមន្ដ្រី បានណែនាំបន្ដថា ត្រូវមានការជឿលជាក់ មកលើមន្ដ្រីជំនាញជាជាងស្ដាប់តាមអាជីវករខិលខូច ដោយសហការណ៏ និងហ៊ានរាយការណ៏មកមន្ដ្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីមានវិធានការ ចំពោះអាជីវករឬជនខិលខូច បោកប្រាស់។ ជាមួយគ្នានោះត្រូវផ្លាស់ប្ដូរទម្លាប់ ងាកមកប្រើប្រាស់ពូជសុទ្ធ មានប្រភពមិនច្បាស់លាស់ ជាពិសេសពូជស្រូវសំខាន់ៗទាំង១០ប្រភេទ ដែលរាជរដ្ឋាភិបាលបានកំណត់ ព្រោះសិទ្ធសឹងជាពូជ ដែលមានសក្ដានុពលខ្ពស់ សម្រាប់ការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ ៕