ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់​ ដាវីដ អញ្ជើញជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25)

ចេញ​ផ្សាយ​ ៤ តុលា ២០២៥ 356

នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥​ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា(CAFE25) អមដោយ លោកជំទាវអនុរដ្ឋលេខាធិការ អុឹម រចនា ទទួលបន្ទុកការងារព័ត៌មាន និងឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះ​ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានលើកឡើងអំពីសាវតានៃព្រឹត្តិការណ៍ CAFE25 ដែលនឹងប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ គឺជាគំនិតផ្ដួចផ្ដើមបង្កើតឡើងដោយឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដើម្បីផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករអ្នកផលិត អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍នានា ផ្សារភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងចាប់យកឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យ-កសិស្បៀងអាហារនៅកម្ពុជាដែលកំពុងរីកចម្រើនជាមួយនឹងកសិផលសក្តានុពលជាច្រើនប្រភេទ។
ដោយឡែក ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ CAFE25 មានចំណុចលេចធ្លោប្លែកមិនធ្លាប់មាន។ បើតាមឯកឧត្តម ឃឹម ហ្វីណង់ ក្រៅពីផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាល វិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងអ្នកជំនាញអាជីវកម្មកសិកម្មនានា ព្រឹត្តិការណ៍ CAFE25 ផ្តោតការយកចិត្តទុកដាក់ចំពោះកសិករជាចម្បង។ តាមរយៈកម្មវិធីទស្សនកិច្ចរបស់កសិករ កសិករជាង ៨,០០០នាក់នៅទូទាំងប្រទេស នឹងត្រូវបានសម្របសម្រួលដើម្បីចូលរួមទស្សនាពិព័រណ៍ដោយផ្ទាល់ ដែលការណ៍នេះផ្តល់ឱកាសដ៏ពិសេសសម្រាប់អាជីវកម្មក្នុងការផ្សារភ្ជាប់ដោយផ្ទាល់ជាមួយកសិករកម្ពុជាដែលមកពីគ្រប់តំបន់។
តាមរយៈសន្និសីទសារព័ត៌មាននាថ្ងៃនេះ លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា សង្ឃឹមថា បងប្អូនអ្នកសារព័ត៌មាននឹងបានជ្រាបកាន់តែច្បាស់អំពីសារៈសំខាន់នៃព្រឹត្តិការណ៍ CAFE25 និងចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឲ្យបានទូលំទូលាយបន្ថែមទៀត ហើយក្រសួងបានត្រៀមខ្លួនរួចរាល់ដើម្បីសហការជាមួយស្ថាប័នសារព័ត៌មាន ផ្ដល់បទសម្ភាស និងបទយកការណ៍ផ្សេងៗ ដើម្បីធានាថា សាធារណជន កសិករ សហគមន៍កសិកម្ម ក្រុមហ៊ុន សហគ្រាស និងដៃគូអភិវឌ្ឍនានា នឹងអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
សូមជម្រាបថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់ដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។ ព្រឹត្តិការណ៍ CAFE25 នឹងក្លាយជាវេទិកាប្រវត្តិសាស្រ្តដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស និងជំរុញការកែច្នៃក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់​ ដាវីដ អញ្ជើញជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25)
នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥​ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិស្តីពី “Reducing Food Loss and Waste”
នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
សេចក្ដីប្រកាសព័ត៌មានរួម អំពីកម្មវិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25)
វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាបណ្ដុំនៃព្រឹត្តិការណ៍ប្រកបដោយកម្មវិធីជាច្រើន...
ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីបេីកវេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​ ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី៧​ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ ពិនិត្យទីតាំង ត្រៀមរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ
នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...