លោកច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានពន្យល់រដ្ឋមន្ត្រីរបស់ លោកដែលទើបទទួលការតែងតាំងថ្មី ឱ្យចាប់អារម្មណ៍ទៅលើកត្តាសាមគ្គីភាព ដែលជាមួយនោះការ កៀងគរជំនួយបរទេស ដើម្បីអភិវឌ្ឍន៍លើវិស័យកសិកម្មនៅតែមានសារសំខាន់ដដែល។
មានប្រសាសន៍នៅក្នុងពិធី ប្រកាសតែងតាំងចូលកាន់តំណែង ជាអនុប្រធាននាយកដ្ឋាន ចំនួន ១៦រូបនៃអគ្គនាយកដ្ឋានកៅស៊ូ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនានេះ នៅទីស្តីការក្រសួង លោករដ្ឋ មន្ត្រីបានប្រាប់ទៅមន្ត្រីដែលទើបតែងតាំង និងចូលរួមថា ការប្រមូលផ្តុំកម្លាំងតាមគ្រប់រូបភាព ដើម្បី ធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ នៅក្នុងប្រទេសកម្ពុជា មិនទាន់អាចកាត់ផ្តាច់ពីជំនួយបរទេសបាននៅឡើយទេ។
ដូចនេះការកៀរគរជំនួយពីប្រភពផ្សេងៗ និងផ្អែកតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋា ភិបាល ជាថាមពលមួយក្នុងការរុញច្រាន ការអភិវឌ្ឍនៅកម្ពុជា ការកាត់បន្ថយភាពក្រីក្រ និងការផ្តល់ ការងារជូនប្រជាជន និងមន្ត្រីរាជការរបស់យើង។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ការងារកសិកម្មជាស្នូលដ៏សំខាន់បំផុតនៃកំណើនសេដ្ឋកិច្ច ជាតិ។ ដូចនេះមន្ត្រីត្រូវក្តាប់ឱ្យជាប់ការងារនៅជនបទ។
លោករដ្ឋមន្ត្រីក៏បានស្នើរសុំឱ្យមន្ត្រីរបស់លោក យកចិត្តទុកដាក់ផងដែរពីកត្តាសាមគ្គីភាព ផ្ទៃក្នុង។ លោកបានបញ្ជាក់ថា កត្តាសាមគ្គីភាពផ្ទៃក្នុង យោគយល និងទទួលខុសត្រូវជាកត្តាសត្យា នុម័តនៃជ័យជម្នះ។ លោកចង់ឃើញការសាមគ្គីគ្នាក្រោមដំបូលមហាគ្រួសារកសិកម្មតែមួយ ដើម្បីរួម គ្នាអភិវឌ្ឍវិស័យកសិកម្ម។
លោករដ្ឋមន្ត្រីបានបន្តថា ចៀសវាងការយកឋានៈ បុណ្យស័ក្តិជាខ្នងបង្អែក ដែលប្រការនេះធ្វើឱ្យ បាក់បែកដល់សាមគ្គី។ ប៉ុន្តែយើងត្រូវបន្តរក្សា ប្រពៃណីវប្បធម៌ជួយគ្នាដោយស្មារតីយោគយល់។
នៅក្នុងពិធីនេះដែរ លោកបានលើកឡើងនូវបញ្ហាមួយចំនួនទាក់ទងទៅនឹងវិស័យកៅស៊ូដែល រំពឹងថា នឹងមានការអភិវឌ្ឍថែមទៀតនៅពេលខាងមុខ៕