យោងតាមការអញ្ជើញរបស់ ឯកឧត្តម Zhi Shuping រដ្ឋមន្ត្រីនៃអាជ្ញាធរ AQSIQ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមសាស្ត្រចារ្យបណ្ឌិត ច័ន្ទ សារុន អមដំណើរដោយឯកឧត្តម សាន វណ្ណទី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំអង្គភាពជំនាញ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចិន អាស៊ានលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអនាម័យ និងភូតគាមអនាម័យ នៅទីក្រុងណាននីង ប្រទេសចិន (Third China-ASEAN Ministerial Meeting on Quality Supervision, Inspection and Quarantine –SPS Cooperation) ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២។
តាមកម្មវិធីដែលបានគ្រោងទុក កិច្ចប្រជុំបានពិនិត្យរបាយការណ៍ និងអនុសាសន៍របស់កិច្ចប្រជុំ China-ASEAN SPS Contact Points ពិភាក្សានិងអនុម័តលើ China-ASEAN SPS MOU Plan of Action 2013-2014 និងពិភាក្សា និងអនុម័តលើ Joint Press Statement on SPS Cooperation។
កន្លងមក តាមរយៈកិច្ចបសហប្រតិបត្តិការនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះពិធីសារជាមួយ AQSIQ លើការនាំអង្ករកម្ពុជាទៅកាន់ប្រទេសចិន នៅភ្នំពេញ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០ ដោយមានសុពលភាពចំនួន ៣ឆ្នាំ។ គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ ការនាំអង្ករទៅចិន គឺបានចំនួន ២ ៤៤៦តោន។ ជាមួយនេះ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចុះពិធីសារមួយទៀតជាមួយ AQSIQ លើការនាំផលិត ផលដំឡូងម៉ីកម្ពុជាទៅកាន់ប្រទេសចិន។ ពិធីសារនេះបានចុះហត្ថលេខានៅប៉េកាំង ដោយមានសុពលភាពចំនួន ២ឆ្នាំ ហើយនឹងត្រូវបន្តសុពលភាពដោយស្វ័យប្រវត្តិចំនួន ២ឆ្នាំបន្ត។ គិតត្រឹមខែកញ្ញា ឆ្នាំ ២០១២ ការនាំចេញផលិតផលដំឡូងម៉ីកម្ពុជាទៅកាន់ប្រទេសចិនបានចំនួនសរុបជាង ១៥ ម៉ឺនតោន។
ក្នុងឱកាសនាការស្នាក់នៅទីក្រុងណាននីងនេះដែរ ឯកឧត្តមសាស្ត្រចារ្យបណ្ឌិត ច័ន្ទ សារុន គ្រោងនឹងជួបប្រជុំទ្វេភាគីជាមួយ AQSIQ ដើម្បីពិភាក្សាពីការវាយតម្លៃពាក់កណ្តាលអាណត្តិលើការអនុវត្តពិធីសារលើការនាំអង្ករ និងផលិត ផលដំឡូងម៉ីកម្ពុជាទៅកាន់ប្រទេសចិន និងចរចាបន្តលើពិធីសារសម្រាប់ផលិតផលកសិកម្មដទៃទៀតផងដែរ។