កាលពីថ្ងៃទី២៣ ខែឧសភា លោករដ្ឋមន្ដ្រី ក្រសួងកសិកម្ម លោក ច័ន្ទ សារុន រួមដំណើរដោយមន្ដ្រីដឹកនាំ មន្ដ្រីថ្នាក់ជំនាញមួយចំនួន បានអញ្ជើញចុះទៅពិនិត្យមើល ស្ថានីយបណ្ដុះកូនឈើសម្ដេចនាយករដ្ឋមន្ដ្រី នៅស្គន់ ស្រុកជើងព្រៃ និងជួបជាមួយមន្ដ្រីរដ្ឋបាលព្រៃឈើមេគង្គ និងប្រជាកសិករ សរុបចំនួន១៥០នាក់ ដោយផ្ដល់នូវការក្រើនរំលឹកមួយចំនួនផង។
មន្ដ្រីទទួលខុសត្រូវស្ថានីយ បានឱ្យដឹងថា មកទល់បច្ចុប្បន្នស្ថានីយ បានបណ្ដុះកូនឈើបានចំនួន៧០.៤៤៥ដើម មានកូនបេង ខ្មុរ ទៀបបារាំង អាកាស្យា អម្ពិលផ្អែម ស្វាយ ឈើទាល ស្ដៅនិងដូង។ ហើយកន្លងមកស្ថានីយ បានធ្វើការចែកចាយឱ្យដល់ស្ថាប័នរដ្ឋនិង ប្រជាកសិករដើម្បីយកទៅធ្វើការដាំដុះ។ ក្រៅពីនោះស្ថានីយនូវបានធ្វើការផ្សព្វផ្សាយច្បាប់ព្រៃឈើ ការរៀបចំសហគមន៏ និងការពារព្រៃឈើក្នុងមូលដ្ឋានរបស់ខ្លួន។
នៅទីនោះលោករដ្ឋមន្ដ្រីបានកោតសរសើរដល់រដ្ឋមន្ដ្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងរៀបចំបង្កើតស្ថានីយបណ្ដុះកូនឈើសម្ដចនេះឡើង។ លោកបានបញ្ជាក់ថា ស្ថានីយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយកូនឈើឱ្យដល់បងប្អូនប្រជាកសិករ ហើយក៏ជាកន្លែងសម្រាប់ធ្វើការបណ្ដុះបណ្ដាលបច្ចេកទេស និង ផ្សព្វផ្សាយច្បាប់ព្រៃឈើ និងសហគមន៏ព្រៃឈើតាមគ្រប់រូបភាព។
ទាញចេញពីការខិតខំប្រឹងប្រែងរបស់មន្ដ្រីរដ្ឋបាលព្រៃឈើគ្របើលំដាប់ថ្នាក់ លោកសង្ឃឹមនឹងជឿលជាក់ថា ស្ថានីយនេះប្រាកដជាបានចូលរួមចំណែកបំពេញឡើងវិញនូវគម្របព្រៃធម្មជាតិដែលបានបាត់បង់ដោយសារ ការធ្វើអាជីវកម្មខុសច្បាប់។ សមិទ្ធផលរបស់យើងថ្ងៃនេះសបញ្ជាក់ឱ្យឃើញនូវការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលពិសេសសម្ដេចអគ្គមហាសេនាបតីតេជោដែលបានសម្រេចផ្ដល់ដីនេះឱ្យរដ្ឋបាលព្រៃឈើដើម្បីធ្វើជាស្ថានីយបណ្ដុះកូនឈើនេះឡើង។
លោករដ្ឋមន្ដ្រីបានរំលឹកដល់មន្ដ្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ត្រូវប្រមូលស្មារតីទាំងកម្លាំងកាយ និងចិត្ដដែលបានបាត់បង់ក្នុងមួយរយៈកន្លងទៅនេះមកពង្រឹងការងាររបស់ខ្លួនឡើងវិញ ដោយត្រូវឈរស្វារតីទទួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ចដែលក្រសួងបានប្រគល់ឱ្យ។ សហការ និងសាមគ្គីគ្នាល្អគឺជាកក្ដាដែលនាំមកនូវជោគជ័យ។ រាល់ពេលបំពេញភារកិច្ចត្រូវប្រកាន់យកក្រមសីលធម៌វិជ្ជាជីវ និងជំនាញ បច្ចេកទេសឱ្យបានច្បាស់លាស់។
បទល្មើសចាប់ផ្ដើមមានជីវិតឡើងវិញមន្ដ្រីគោលដៅត្រូវចាត់ការរឿងនេះឱ្យបានប្រសិទ្ធភាព បើមិនដូច្នេះទេក្រសួងចាត់ការចំពោះមន្ដ្រីទទួលខុសត្រូវវិញហើយ។ ត្រូវគ្រប់គ្រង និងតាមដានដីសម្បទានដែលរដ្ឋបានដកហូតមកជាសម្បត្ដិរដ្ឋវិញនោះឱ្យបានច្បាស់លាស់។ ជំរុញឱ្យម្ចាស់ដីសម្បទានបង់សួយសារអាករជូនរដ្ឋឱ្យបានទាន់ពេលវេលា។ ដាក់ ពាក្យស្នើសុំទៅតុលាការដើម្បីដោះស្រាយបទល្មើសកន្លងមកឱ្យបានឆាប់ពីព្រោះវត្ថុតាងមួយចំនួនពូកខូចអស់ហើយ។មន្ដ្រីគ្រប់លំដាប់ថ្នាក់ត្រូវសហការឱ្យបានល្អជាមួយអាជ្ញាធរដែនដីនិងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាអនុវត្ដភារកិច្ចរបស់យើងឱ្យបានជោគជ័យ៕