នៅថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូន ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០ ២០ ចុងសប្តាហ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ រួមដំណើរដោយឯកឧត្ដម អេង ជាសានប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញ បានអញ្ជើញ មកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាបក្នុងខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង ដែលកម្មវិធីមានជាបន្តបន្ទាប់ដូចខាងក្រោម៖
កម្មវិធីទី១៖
ពិនិត្យកសិដ្ឋានចិញ្ចឹមត្រី របស់ពូ តាំង អ៊ីមសារ៉ាវី នៅភូមិតាងិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ លោក រ៉ាវី បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបយ៉ាងក្បោះក្បាយថា លោកបានចាប់យករបរចិញ្ចឹមត្រីតាំងពីឆ្នាំ២០១៥ មកទល់បច្ចុប្បន្នកសិដ្ឋានពង្រីកផ្ទៃដីបាន ៦ហ.ត មានស្រះចិញ្ចឹម ៨ស្រះនីមួយៗ មានទំហំ ៨-១០ ០០០ម៉ែត្រការ៉េ ។ អនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រីដែលទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជល ផល ដូចជាការផ្តល់ចំណី ការសំអាតស្រះត្រី ការដាក់កូនត្រី ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ បច្ចុប្បន្ន ជាមធ្យមអាចប្រមូលផលបានពី២៥០តោន/ឆ្នាំ (ប្រភេទត្រីពោ ត្រីឆ្តោ និងត្រីប្រា) ទទួលបានចំណូលសរុបជា ៣៥ម៉ឺនដុល្លារ/ឆ្នាំ (មិនទាន់ទូទាត់ថ្លៃដើម)។
ពិនិត្យឃើញទិដ្ឋភាព និងសកម្មភាពចិញ្ចឹមត្រីក្នុងស្រះរួចមក ឯកឧត្ដមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សាររាជធានីភ្នំពេញ កាត់បន្ថយការនាំចូល បង្កើតការងារ បង្កើតប្រភពចំណូលឲ្យគ្រួសារ និងជាពិសេសប្រើប្រាស់ធនធានដែលមានក្នុងស្រុកឲ្យអស់លទ្ធភាព (ចំណី កន្ទក់ កូនត្រីចំណី ទិញកូនត្រី)។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នេះជាខ្សែច្រវាក់ផលិតកម្ម ដែលផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក មិនអាចខ្វះបាន (ក្រុមហ៊ុនផលិតចំណីត្រីទិញវត្ថុធាតុដើមពីកសិករ ផលិតចំណីលក់ឲ្យអ្នកចិញ្ចឹមត្រី អ្នកចិញ្ចឹមត្រីទិញកូនត្រី ពីអ្នកភ្ញាស់កូនត្រី ចាប់ត្រីលក់ឲ្យក្រុមហ៊ុន និងអតិថិជនទូទៅវិញ)។ លក្ខណប្រទាក់សកម្មបែបនេះ វានឹងជួយទ្រទ្រង់នូវផល ប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមឲ្យគ្នាទៅវិញទៅមកមិនអាចខ្វះបានឡើង ហើយនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចងឃើញវិស័យវារីវប្បកម្មកម្ពុជាមានការរីកចម្រើន នាពេលអនាគត ស្របពេលដែលធនធានមច្ឆជាតិក្នុងប្រភពធម្មជាតិត្រូវបានធ្លាប់ចុះដោយសារការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃចំនួនអ្នកបរិភោគក្នុងស្រុក។
បច្ចុប្បន្នតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យពួកគាត់បន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារប្រកបដោយចីរភាព ហើយពួកគាត់មានបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អនឹងវិលត្រឡប់មកវិញឆាប់ៗខាងមុខ។ ឆ្លៀតយកឱកាសនេះ លោកបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយទំនាក់ទំនងរកឈ្មួញនៅទីក្រុងភ្នំពេញ និងទីផ្សារក្រៅពីខេត្តកំពង់ចាម ដើម្បីជួយរំដោះផលត្រីដែលមានក្នុងស្តុក។ នៅក្នុងស្ថានភាពល្អប្រសើរគួរជួយរៀបចំផែនការផលិត កម្ម និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និងឈានទៅធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ឈានទៅធ្វើការចិញ្ចឹមកម្រិតកសិ-ឧស្សាហកម្មសម្រាប់នាំ ចេញ។ ចំពោះអតិថិជនអាចទាក់ទងទិញត្រីពីកសិដ្ឋានបានតាមរយ:លេខ ០១២ ៣៥៦៤៥១។