ចាប់តាំងពីមានការបាញ់ផ្លោងរបស់ទាហានថៃ ដែលនាំឱ្យបងប្អូនប្រជាពលរដ្ឋភិតភ័យ និងរត់ភៀសខ្លួនចេញពីលំនៅដ្ឋាន ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បានដឹកនាំក្រុមការងារចុះមកប្រចាំការ និងផ្តល់ការគាំទ្រចាំបាច់ដល់រដ្ឋបាលស្រុក អាជ្ញាធរ និងឃុំទាំង៩នៅទូទាំងស្រុកព្រះនេត្រព្រះ ក្នុងការជួយឧបត្ថម្ភ និងទំនុកបម្រុងដល់បងប្អូនជនភៀសសឹក។
ក្រុមការងារក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងរបស់សប្បុរសជន ទៅចែកជូនបងប្អូនជនភៀសសឹកជាបន្តបន្ទាប់ នៅតាមមណ្ឌលជនភៀសសឹក និងទីតាំងសុវត្ថិភាពនានា នៅទូទាំងស្រុកព្រះនេត្រព្រះ។ ការចូលរួមនេះទទួលបានការវាយតម្លៃថា ពិតជាបានគាំទ្រដល់រដ្ឋបាលមូលដ្ឋាន និងផ្តល់ភាពកក់ក្តៅដល់បងប្អូនភៀសសឹក នៅទូទាំងស្រុកព្រះនេត្រព្រះ៕