នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ពុំ សុថា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោក ឈឿន ក្រៃយ៉ុង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ បាននាំយកនូវស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាព ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សរុប១៧៨៥គ្រួសារ។
អំណោយដែលបានចែកជូន ដែលមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម ទឹកសុទ្ធ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និងមី១កេះ។ ក្រៅពីអំណោយខាងលើ មណ្ឌលជនភៀសសឹកក៏បានទទួលអំណោយពីសប្បុរសជន ក្រុមយុវជន និងក្រុមកុមារ ជាបន្តបន្ទាប់ ជាពិសេសឧបករណ៍ផលិតទឹកសុទ្ធ២គ្រឿង ដែលអាចផលិតទឹកសុទ្ធបាន២០០០-៣០០០លីត្រ/ម៉ោង/គ្រឿង និងបន្ទប់ទឹកអនាម័យចំនួន២០ខ្នង។
ជាមួយគ្នានេះ ឯកឧត្តម ពុំ សុថា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋជឿជាក់ លើរាជរដ្ឋាភិបាលនិងកងទ័ពដ៏អង់អាចក្លាហានក្នុងការការពារដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា ដោយមិនឱ្យបរទេសណាឈ្លានពានបានឡើយ។ ឯកឧត្តមក៏បានណែនាំដល់ក្រុមការងារទាំងថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បន្តយកចិត្តទុកដាក់គាំពារ និងជួយសម្រាលការលំបាកផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយឈរលើស្មារតីសាមគ្គីរួបរួមគ្នា៕