ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យ កសិករយកចិត្ដទុកដាក់លើចំណុចចំនួន៥ ក្នុងការធ្វើកសិកម្ម ដំណាំស្រូវរបស់ខ្លួន។
ប្រាប់ដល់កសិករធ្វើស្រូវបដង្កើនរដូវនៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ឯកឧត្តមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៏ថា តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម កសិករយើងត្រូវតែផ្លាស់ប្ដូរ ក្នុងការធ្វើស្រែពីការធ្វើតាមទម្លាប់ មកជាការធ្វើតាមបច្ចេកទេសថ្មី គឺធ្វើបែបស៊ីជម្រៅ។ មានន័យថា ប្រើប្រាស់ផ្ទៃដីដែលឱ្យបានច្រើនផង។
ឯកឧត្តមបានបន្ដទៀតថា ដើម្បីឱ្យផលិតផលកសិកម្មស្រូវមានការកើនឡើង កសិករគប្បីយកចិត្ដទុកដាក់លើបញ្ហាចំនួន។ ទី១ ការប្រើប្រាស់ពូជសុទ្ធល្អ។ ពូជសុទ្ធធ្វើឱ្យទិន្នផលកើនពី១៥ទៅ២០ភាគរយ។ ពូជសុទ្ធល្អស្ថិតក្នុងរង្វង់៣ឆ្នាំប៉ុណ្ណោះ។ ដូចនេះការបន្សុទ្ធពូជជាការងារដ៏សំខាន់។
ទី២ការធ្វើដី។ ដីត្រូវធ្វើឱ្យបានច្រើនដង និងរាបស្មើ។ យកស្មៅឱ្យអស់។ ទី៣ការប្រើឧបករណ៏ព្រោះជំនួសការព្រោះដោយដៃ។ ការប្រើឧបករណ៏នេះបន្ថយការប្រើពូជ ពី៣០០គីឡូក្នុងមួយហិកតា។ ទី៤ កាត់បន្ថយប្រើជីគីមីនិងថ្នាំពុលកសិកម្មជំនួសវិញ ដោយការប្រើជីធម្មជាតិ និងថ្នាំពុលបុរាណដែលមានប្រសិទ្ធភាពដូចគ្នាដោយគ្រាន់តែទាមទារការព្យាយាមបន្ដិចប៉ុណ្ណោះ។ ទី៥យកចិត្ដទុកដាក់ក្នុងការថែទាំស្រូវជាប្រចាំ។ កសិករយើងតាមទម្លាប់នៅពេលស្ទូងរួចហើយមិនសូវរវីរវល់ក្នុងការថែទាំទេ ដែលប្រការនេះធ្វើឱ្យស្រូវងាយជួបបញ្ហាដូចជាគ្រប់គ្រងទឹកមិនបានល្អ សត្វល្អិតចង្រៃបំផ្លាញ ស្មៅទន្ទ្រានជាដើម។
ឯកឧត្តមរដ្ឋមន្ដ្រីបានអញ្ជើញទៅទីនោះ កាលពីដើមសប្ដាហ៏នេះ ដែលជាផ្នែកមួយនៃការលើកទឹកចិត្ដដល់កសិករដែលធ្វើស្រូវបង្កើនរដូវ។ ឯកឧត្តមបានផ្ដល់ឱ្យកសិករនូវប្រដាប់អូសស្មៅ២គ្រឿង និងឧបករណ៏ព្រោះស្រូវ២គ្រឿងផងដែរ៕