កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រួមដំណើរដោយឯកឧត្ដមរដ្ឋលេខាធិការទទួលបន្ទុករដ្ឋបាលជលផល ថ្នាក់ដឹកនាំរដ្ឋបាលជលផល និងមន្ដ្រីជំនាញមួយចំនួនទៀត បានចុះទៅពិនិត្យមើលការប្រមូលផលត្រីនៅគន្លង លេខ១២ លេខ១៣ និងលេខ១៥ ក្នុងខេត្ដកណ្ដាល និងសកម្មភាពប្រជាពលរដ្ឋកាត់ត្រីប្រហុកក្នុងភូមិសាស្ដ្រឃុំកំពង់ហ្លួង ស្រុកពញាឭុ ខេត្ដកណ្ដាល។
តាមការលើកឡើងពីអ្នកគ្រប់គ្រងដាយ និងមន្ដ្រីរដ្ឋបាលជលផលបានបង្ហាញថា ការប្រមូលផលត្រីសំរាប់ប្រជាពលរដ្ឋធ្វើប្រហុកពេលនេះចាប់ផ្ដើមត្រូវឡើងវិញហើយ ទោះបីជាស្ថានភាពទឹកទន្លេស្រកចុះខ្លាំងក៏ដោយ។ អាស្រ័យដោយលក្ខណៈអាកាសធាតុនាពេលនេះអំណោយផលល្អ មេឃក៏ស្រឡះ ខ្យល់ត្រជាក់ក៏ធ្លាក់់រំភើយ ធ្វើឱ្យការប្រមូលផលត្រីមានលក្ខណៈកើនឡើងបើប្រៀបធៀបនឹងពេលមុន ទាំងទំហំទាំងបរិមាណ។
ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋ ដែលមកធ្វើប្រហុកនៅទីនោះ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន បានណែនាំឱ្យប្រធានអង្គភាពនេសាទរដ្ឋកណ្ដាលស្ទឹងដែលកំពុងកាន់កាប់ គន្លងដាយត្រីមួយចំនួន ធ្វើការផ្គត់ផ្គង់ត្រីដល់ប្រជាពលរដ្ឋដែលមកទីនោះ ក្នុងតំលៃត្រឹម ១០០០រៀល/គក្រ ខណៈដែលតំលៃទីផ្សារប្រមាណ ១២០០-១៦០០រៀល/គក្រ។ ជាមួយនោះ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន ក៏បានស្នើឱ្យលោកនាយអធិការ រដ្ឋបាលជលផលចតុមុខ ធ្វើការសំរបសំរួលជាមួយអ្នកទទួលសិទ្ធគ្រប់គ្រងគន្លងដាយដទៃទៀតដែលស្ថិតក្នុងភូមិសាស្ដ្រនោះដែរឱ្យទំលាក់ថ្លៃសំរាប់ប្រជាពលរដ្ឋដែលមកទីនោះក្នុងតំលៃទាបជាងទីផ្សារ និងស្នើឱ្យរដ្ឋបាលជលផលធ្វើការ អំពាវនាវបន្ថែមទៀត ឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ សំរាប់ទុកបរិភោគប្រចាំឆ្នាំ អញ្ជើញមកឱ្យបានរួសរាន់ ព្រោះត្រីបន្ដត្រូវក្នុងរយៈពេល៤-៥ថ្ងៃខាងមុខនេះទៀត។