ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាស់តឿនដល់មន្ដ្រីព្រៃឈើរឱ្យពិនិត្យ និងគ្រប់គ្រងឱ្យបានដិតដល់នូវព្រៃឈើដែលនៅក្រោមសមត្ថកិច្ចរបស់ខ្លួន។
ខណៈពេល ជួបជាមួយមន្ដ្រីអធិការដ្ឋាន រដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប នៅមន្ទីរកសិកម្ម ខេត្ដបាត់ដំបង កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតចន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ទៅមន្ដ្រីនៅទីនោះថា មេព្រៃត្រូវឧស្សាហ៏ ចុះពិនិត្យព្រៃ ក្នុងតំបន់ ដែលខ្លួនគ្រប់គ្រងកាន់កាប់ ទើបរកឃើញបញ្ហាជាក់ស្ដែង។
មេព្រៃមិនមែនឈរចាំតែចាប់ឈើ នៅលើផ្លូវជាតិនោះទេ។ មន្ដ្រីរដ្ឋបាលព្រៃឈើ គ្រប់ជំនាញថ្នាក់ ត្រូវប្រមូលស្មារតីទទួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ច។ សហការ និងសាមគ្គីគ្នាល្អ គឺជាកត្តាដែលនាំមកនូវជោគជ័យ។
ឯកឧត្តមរដ្ឋមន្ដ្រីបានរំលឹកទៀតថា រាល់ពេលបំពេញភារកិច្ច ត្រូវប្រកាន់យកក្រមសីលធម៌ វិជ្ជាជីវៈ និងជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់។ មន្ដ្រីគ្រប់រូបត្រូវមានឯកសារ ស្ដីពីច្បាប់ព្រៃឈើក្នុងដៃ ដើម្បីផ្សព្វផ្សាយដល់សាធារណជន និងរៀនសូត្រខ្លួនឯង។ ត្រូវខិតខំរៀនសូត្របន្ថែមទៀតរៀនឱ្យចេះប្រាកដទើនអនុវត្ដការងារមានប្រសិទ្ធភាព។
ឯកឧត្តមបានបញ្ជាក់ទៀតថា បទល្មើសចាប់ផ្ដើមមានជីវិតឡើងវិញ ដូចនេះមន្ដ្រីគោលដៅត្រូវចាត់ការរឿងនេះឱ្យមានប្រសិទ្ធភាព បើមិនដូច្នះទេក្រសួងចាត់ការចំពោះមន្ដ្រីទទួលខុសត្រូវវិញហើយ។ មន្ដ្រីត្រូវគ្រប់គ្រង និងតាមដានដីសម្បទានដែលរដ្ឋបានដកហូតមកជាសម្បត្ដិរដ្ឋវិញនោះ ឱ្យបានទាន់ពេលវេលា។ ទាក់ទិននឹងបទល្មើសព្រៃឈើត្រូវដាក់ពាក្យស្នើសុំទៅតុលាការដើម្បីដោះស្រាយបទល្មើសកន្លងមកឱ្យបានឆាប់ ពីព្រោះវត្ថុតាងមួយចំនួនពុកខូចអស់ហើយ។ មន្ដ្រីគ្រប់លំដាប់ថ្នាក់ត្រូវសហការឱ្យបានល្អជាមួយអជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាអនុវត្ដភារកិច្ចរបស់យើងឱ្យបានជោគជ័យ។
ឯកឧត្តមបន្ដទៀតថា ដើម្បីចូលរួមអបអរសារទរថ្ងៃរុក្ខទិវា ដែលនឹងឈានមកដល់ក្នុងខែកក្កដាខាងមុខនេះគ្រប់ខណ្ឌនីមួយៗ ត្រូវមានស្ថានីយបណ្ដុះកូនឈើ ហើយគ្រប់ផ្នែកទាំងអស់ត្រូវរៀបចំពិធីចែកកូនឈើ ដល់ប្រជាកសិករឱ្យដល់បងប្អូនប្រជាកសិករហើយក៏ជាកន្លែងសម្រាប់ធ្វើការបណ្ដុះបណ្ដាលបច្ចេកទេស និងផ្សព្វផ្សាយច្បាប់ព្រៃឈើដល់មន្ដ្រី និងសហគមន៏ព្រៃឈើ៕