នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «ពង្រឹងការគ្រប់គ្រងជលផលសមុទ្រតាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែបឌីជីថល» និងពិធីកាត់ខ្សែបូរ ប្រគល់មន្ទីរពិសោធន៍ចល័តផ្នែកសុខភាពវារីសត្វ នៅខេត្តព្រះសីហនុ។
កម្មវិធីដែលរៀបចំនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទសមុទ្រ (MaFReDI) មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម តំណាងរដ្ឋបាលជលផល លោក Koen Everaert លេខាធិការទី១ និងជាអនុប្រធានកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុប លោកស្រី Rebekah Bell ប្រធានអង្គការ FAO ប្រចាំកម្ពុជា តំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដៃគូអភិវឌ្ឈន៍តំណាងអង្គការស្ថាប័នពាក់ព័ន្ធផ្សេង សរុបអ្នកចូលរួមប្រមាណជិត១០០នាក់។
ថ្លែងក្នុងអង្គពិធី ឯកឧត្តម ប្រាក់ ដាវីដ បានគូសបញ្ជាក់ថា ពិធីនេះបង្ហាញសមិទ្ធផលសំខាន់ៗ ទាក់ទងនឹងកិច្ចការគ្រប់គ្រងជលផលសមុទ្រ និងតំបន់ឆ្នេរតាមប្រព័ន្ធឌីជីថល សំដៅធានាបាននូវតម្លាភាព និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាក៏បានដាក់ចេញ នូវផែនការសកម្មភាពត្រួតពិនិត្យ ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួន ក្នុងការអនុវត្ត កាតព្វកិច្ចអន្តរជាតិ ក្នុងការធានាការពារធនធានជលផលឱ្យបានឋិតថេរ គង់វង្ស។
នៅចុងបញ្ចប់ឯកឧត្តម បានថ្លែង អំណរគុណដល់ សហភាពអឺរ៉ុប អង្គការ FAO ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដៃគូនានា រដ្ឋបាលជលផល អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្ត្រីជំនាញ ប្រជានេសាទ សហគមន៍នេសាទ និងអាជីវករ ដែលធ្វើអាជីវកម្មផល និងផលិតផលជលផល ចំពោះកិច្ចសហការល្អក្នុងការអនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផល សម្រេចបានលទ្ធផលជាទីមោទនៈ និងបន្តរួបរួមគ្នាដើម្បីធានាថា ធនធានជលផលផ្តល់ផលប្រយោជន៍ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត៕