ប្រទេសកាណាដា នឹងបន្ដជួយដល់វិស័យកសិកម្មនៅកម្ពុជា នៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា “ គម្រោងលើកស្ទួយខ្សែសង្វាក់ផលិតកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជា (Agriculture Value-chain Enhancement In Cambodia=AVEC) ដែលមានទឹកប្រាក់ ចំនួន១០លានកាណាដា ដោយគម្រោងនេះមានរយះពេល៥ឆ្នាំ ដែលនឹងចាប់ផ្ដើមអនុវត្ដ នៅឆ្នាំ២០១១-២០១៥។ គម្រោងនេះរំពឹងថា នឹងជួយកាត់បន្ថយការនាំចូលបន្លែ និងផ្លែឈើពីប្រទេសជិតខាង ។
កាលពីថ្ងៃទី៣០ ខែវិច្ជិកា ឆ្នាំ២០១០ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសវនការ ពិភាក្សាការងារជាមួយលោកស្រី លីលីនីឆូល (Lilly Nicholls) នាយិការបស់អង្គកាផ្ដល់ជំនួយអភិវឌ្ឍន៏អន្ដរជាតិ នៃប្រទេសកាណាដា ប្រចាំអាស៊ីអាគ្នេយ៏ និងសហការី នៅទីស្ដីការក្រសួង ដែលលោកស្រីអញ្ជើញមកទស្សនកិច្ច នៅកម្ពុជារយៈពេល៣ថ្ងៃនៅកម្ពុជា។
ការធ្វើទស្សនកិច្ចនោះ គឺមានគោលបំណងសិក្សាស្វែងយល់ អំពីលទ្ធផល ដែលសម្រេចបានរបស់គម្រោងមួយចំនួន នៅកម្ពុជាដែលទទួលជំនួយពីភ្នាក់ងារអភិវឌ្ឍន៏អន្ដរជាតិ នៃប្រទេសកាណដា (CIDA) ក៏ដូចជាការអនុវត្ដន៏គម្រោងថ្មី លើវិស័យកសិកម្មនៅកម្ពុជា ។
លោក ហុង ណារិត នាយកខុទ្ទកាល័យឯកឧត្ដមរដ្ឋមន្ដ្រីបានប្រាប់ថា នាឱកាសជួបជាមួយគណៈប្រតិភូ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន បានជម្រាបជូនប្រតិភូថាកន្លងមករដ្ឋាភិបាលកាណាដាតាមរយះ (CIDA) បានជួយដល់វិស័យកសិកម្មជាបន្ដបន្ទាប់ ដែលក្នុងពេលថ្មីៗនេះ មានគម្រោងចំនួន២ ដែលអនុវត្ដន៏ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ឯកឧត្ដមបានបន្ដថាគម្រោងទី១ គឺគម្រោងអភិវឌ្ឍន៏កសិកម្ម ក្នុងតំបន់រងគ្រោះ ដោយសារមីននៅកម្ពុជា និងគម្រោងព័ត៌មានទីផ្សារកសិកម្មកម្ពុជា កាណាដា ដែលនិងបញ្ចប់នាចុងឆ្នាំនេះ ដោយគម្រោងនេះផ្ដល់លទ្ធផលល្អប្រសើរតាមគម្រោង ដែលបានគ្រោងទុក ហើយបានលើកស្ទួយកសិករ និងពាណិជ្ជករដែលបានចូលរួមក្នុងការអនុវត្ដន៏គម្រោងកន្លងមក ។
ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្ដថាគម្រោងនេះទៀតសោត គឺកសិករមានការអបអរខ្លាំងណាស់ លើគម្រោងជាពិសេសទៅលើផ្នែកអភិវឌ្ឍន៏មុខរបរកសិកម្ម នៅក្នុងនោះឃើញថាកសិករ និងពាណិជ្ជករ មានប្រាក់ចំណូលច្រើនជាងមុន ក្នុងការលក់ដូរផលិតផលបន្លែ ដែលចំណូលនោះកើនពី២០ទៅ៤៦ភាគរយ ។ ឯកឧត្ដមបានបន្ថែមថា ដោយឡែកគម្រោងអភិវឌ្ឍន៏កសិកម្មក្នុងតំបន់រងគ្រោះដោយសារមីននៅកម្ពុជាឃើញថា ផ្ដល់សារសំខាន់ដែរ ដល់កសិករនៅក្នុងតំបន់គោលដៅទាំងអស់ដែលការអនុវត្ដន៏កសិកម្មនៅទីនោះ មានការកើនឡើងកសិករចេះធ្វើការសន្សំទុកហើយការគ្រោះថ្នាក់ដោយសារមីនបានកាត់បន្ថយដងដែរ ។
ទាក់ទងដល់គម្រោងថ្មី ដែលកាណាដានឹងបន្ដជួយនោះ ឯកឧត្ដមរដ្ឋមន្ដ្រីបានលើកឡើងថា តាមទស្សនៈរបស់ក្រសួង គឺមានសារៈប្រយោជន៏ខ្លាំងណាស់ដល់ប្រទេសកម្ពុជាដោយការអនុវត្ដន៏គម្រោងនេះ នឹងកាត់បន្ថយបាននូវការនាំចូលបន្លែផ្លែឈើ ពីប្រទេសជិតខាងជាក់ជាមិនខាន ។
ឯកឧត្ដមបានបញ្ជាក់ថា និយាយបែបនេះ មិនមែនមានន័យកម្ពុជាមិនមានផ្លែឈើខ្លួនឯងនោះទេ ប៉ុន្ដែសមត្ថភាព ក្នុងការត្រួតពិនិត្យនៅមានកម្រិតទាំងបន្លែនិងផ្លែឈើនាំចូល គឺពាក់ព័ន្ធទៅនឹគុណភាព របស់ផលិតផលនាំចូល ជាកង្វល់និងការប្រឈមមុខដ៏ធំរបស់ក្រសួងកសិកម្ម ហើយកន្លងមកថ្មីៗនេះដែរក្រុមការងាររបស់ (CIDA) បានធ្វើការជាមួយគ្នា ដើម្បីរៀបចំយុទ្ធសាស្ដ្រអភិវឌ្ឍន៏ទីផ្សារបន្លែ និងផ្លែឈើហើយយុទ្ធសាស្ដ្រនេះឯង នឹងធ្វើឱ្យកើតចេញជាក់ស្ដែងនៅគម្រោងថ្មីនេះ ។
ឯកឧត្ដមបានបញ្ជាក់ទៀតថា បើគម្រោងសម្រេចបានជោគជ័យតាមផែនការ ដែលគ្រោងទុកនោះ គឺយើងអាចកាត់បន្ថយការនាំចូលបន្លែ និងផ្លែឈើពីក្រៅប្រទេសនៅតិចជាង៣០ភាគរយ ។ ជាមួយគ្នានោះ យើងអាចបណ្ដុះបណ្ដាល មន្ដ្រីក្រសួងកសិកម្ម និងមន្ដ្រីពាក់ព័ន្ធនានាជាពិសេសផលិតករផលិតបន្លែផ្លែឈើ គឺអាចផលិតផ្គត់ផ្គង់ដោយខ្លួនឯងប្រកបដោយគុណភាព និងសុវត្ថិភាពបានមួយចំណែកធំ ។
បានសេចក្ដីថា កាលណាការផលិត មានការកើនឡើងនោះ មានន័យថាចំណូលរបស់កសិករក និងពាណិជ្ជករបន្លែនិងផ្លែឈើ និងមានការកើនឡើងដែរនោះជាទិសដៅមួយស្របនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា។ ម្យ៉ាងទៀត នៅពេលសមត្ថភាពមន្ដ្រី នៅក្នុងការត្រួតពិនិត្យគុណភាព សុវត្ថិភាពបន្លែផ្លែឈើមានភាពរឹងមាំ ទន្ទឹមនឹងអ្នកដាំដុះ និងការផលិតបានបន្លែ ផ្លែឈើមានគុណភាព សុវត្ថិភាពខ្ពស់ គឺប្រាកដជាជួយលើកកម្ពស់សុខុមាលភាពសាធារណៈរបស់ប្រជាជនកម្ពុជា ។
ឯកឧត្ដមបានមានប្រសាសន៏ថា ដោយសារគម្រោងឧបត្ថម្ភដោយ (CIDA) បានផ្ដល់ឱ្យយើងនូវបទពិសោធន៏ល្អ គឺចាំបាច់ទាញយកបទពិសោធន៏មកអនុវត្ដន៏នូវគម្រោងថ្មីនេះ។ ម្យ៉ាងទៀតគម្រោងថ្មីនេះ ក៏គួរផ្ដោតឱ្យបានគ្រប់គ្រាន់ ទៅលើបង្កើត និងពង្រឹងសមត្ថភាពសហគមន៏កសិកម្ម ឬអង្គការកសិករ ក្នុងការផលិតបន្លែនិងផ្លែឈើ ដោយផ្សារភ្ជាប់ផងដែរ ទៅនឹងផលិតកម្មកសិកម្មតាមកិច្ចសន្យា (Contract Farming) ។
ជាការឆ្លើយតបលោកស្រី លីលី នីឆឆូល បានសម្ដែងនូវការរំលែកទុក្ខដល់គ្រួសារសព និងអ្នករងរបួសដោយឧបទ្ទវហេតុនៅកោះពេជ្រ និងពាំនាំផងដែរនូវការរំលែកទុក្ខ របស់អគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា ។ លោកស្រីបានមានប្រសាសន៏ថា គម្រោងដែល (CIDA) ទទួលបានជោគជ័យនាកន្លងមកគឺដោយមន្ដ្រីក្រសួងកសិកម្ម បានខិតខំបំពេញការងារដោយម្ចាស់ការក្នុងកិច្ចសហការជាមួយមន្ដ្រី (CIDA) ពិសេសគម្រោងនេះបានជួយទៅដល់កសិករពាណិជ្ជករ បានធ្វើឱ្យចំណូលរបស់អ្នកទាំងនោះ មានការកើនឡើងធៀបនឹងមុនការអនុវត្ដន៏គម្រោង ។
លោកស្រីបានបន្ដថា ចំពោះគម្រោង គឺដូចឯកឧត្ដមរដ្ឋមន្ដ្រីបានលើកឡើងរួចមកហើយ គម្រោងថ្មីនេះ គឺបានពូនផ្ដុំ និងដាក់បញ្ចូលមេរៀន និងបទពិសោធន៏គម្រោងមុន ដើម្បីអនុវត្ដន៏ឱ្យបានទទួលជោគជ័យ នៅក្នុងផលិតកម្មបន្លែ និងផ្លែឈើមានខ្សែសង្វាក់តាំងពីការផលិត ការលក់ដូរ ការត្រួតពិនិត្យគុណភាព និងការបណ្ដុះបណ្ដាលសមត្ថភាពមន្ដ្រី កសិករ និងពាណិជ្ជករ ហើយជាការពិតណាស់ នឹងចូលរួមកាត់បន្ថយការនាំចូលបន្លែ និងផ្លែឈើពីបរទេសនិងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ។
ជាចុងបញ្ចប់ឯកឧត្ដមបណ្ឌិតច័ន្ទ សារុនបានមានប្រសាសន៏ថា ដើម្បីឱ្យគម្រោងថ្មីទទួលបានជោគជ័យខ្ពស់នោះ គឺធ្វើយ៉ាងណាមន្ដ្រីក្រសួងកសិកម្ម និងមន្ដ្រី (CIDA) ធ្វើការរួមគ្នា ឱ្យបានកាន់តែជិតស្និទ្ធ ដោយឧស្សាហ៏ជួបពិភាក្សាគ្នាស្វែងរកនូវដំណោះស្រាយចំពោះមុខ និងអនាគតចំពោះការអនុវត្ដន៏គម្រោងជាក់ស្ដែង ហើយក្រុមទាំងពីរនេះផងដែរ ត្រូវឧស្សាហ៏ចុះជួបកសិករជាអ្នកផលិត ។ ដើម្បីស្វែងយល់នូវបញ្ហាដែលជួបប្រទះជាក់ស្ដែង ក៏ដូចជារៀនសូត្រពីអ្នកទាំងអស់នោះ ដើម្បីយកមកដោះស្រាយដែលកើតមានចំពោះមុខ ៕