នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈធិបតី ជាមួយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសម្ពោធពិព័រណ៍អន្តរជាតិ ស្ដីពីកសិកម្ម សត្វចិញ្ចឹម វារីវប្បកម្ម សម្រស់ ឱសថ មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្ត្រ អាហារ និងភេសជ្ជៈ នៅអគារមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ រាជធានីភ្នំពេញ។
ការតាំងពិព័រណ៍នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៤ ដោយមានអ្នកតាំងពិព័រណ៍ជាង១៥០ស្តង់ មកពីជាង១៣ប្រទេស ដាក់បង្ហាញផលិតផលកសិកម្ម គ្រឿងសំអាង បច្ចេកវិទ្យា អាហារ និងសេវាកម្មផ្សេងៗ។
ក្នុងឱកាសនោះ ឯកឧត្តម ឃុន សាវឿន បានលើកឡើងថា ការរៀបចំតាំងពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការរួមចំណែកជំរុញការធ្វើពាណិជកម្ម និងសេដ្ឋកិច្ចកម្ពុជា និយាយជារួម និងនិយាយដោយឡែក គឺចូលរួមចំណែកជួយការងារកសិកម្ម ហើយក៏ជាឱកាសដ៏សំខាន់សម្រាប់ការទំនាក់ទំនងពាណិជ្ជកម្មនិងកសិកម្ម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធក្នុងស្រុកនិងក្រៅស្រុកផងដែរ។
ឯកឧត្តមបន្ថែមថា កន្លងមក ដើម្បីបង្ហាញផលិតផលកសិកម្ម និងលើកទឹកចិត្តឱ្យមានការគាំទ្រ និងការប្រើប្រាស់កសិផលខ្មែរឱ្យកាន់តែទូលំទូលាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានរៀបចំកម្មវិធីពិព័រណ៍កសិកម្មជាបន្តបន្ទាប់ រួមមាន៖ ការពិព័រណ៍ភូមិកសិផលខ្មែរ កម្មវិធីកសិកម្ម និងវាលបៃតងជាដើម៕