នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឈ័រ ស្ថិតនៅក្នុងភូមិតាឡាក់ សង្កាត់ក្សេមក្សាន្ដ ក្រុងឧដុង្គមានជ័យ ខេត្តកំពង់ស្ពឺ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង បង្កើតកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន ដែលក្នុងនោះមហាវិទ្យាល័យចំនួន ០៤ ដែលអាចសហការបានរួមមាន មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម មហាវិទ្យាល័យវិទ្យាសាស្ត្រសត្វ មហាវិទ្យាល័យកសិឧស្សាហកម្ម និងមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនោះ ក្រុមហ៊ុននឹងរៀបចំចុះ MOU ជាមួយសាកលវិទ្យាល័យនាពេលខាងមុខនេះ ដើម្បីបញ្ជូននិស្សិតទៅហាត់ការ ដោយក្រុមហ៊ុននឹងផ្តល់ថវិកា កន្លែងស្នាក់នៅ ការហូបចុក ព្រមទាំងសហការសិក្សាស្រាវជ្រាវជាមួយសាកលវិទ្យាល័យក្នុងការផលិតពូជដំណាំមួយចំនួនចេញជាទម្រង់ជាលិការ៕