ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុនបានទទួលជួបឯកឧត្តម VLADIMIR GOSHIN ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារូសដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
ចេញផ្សាយ ២៧ ឧសភា ២០១៩
2512
នារសៀលថ្ងៃដដែលបន្ទាប់ពីបានទទួលជួបភ្ញៀវអញ្ជើញមកពីក្រុមហ៊ុន Haikou Zhizhuang Biotechnology Co., Ltd និងក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd រួចមក ឯកឧត្តមរដ្ឋមន្រ្តីបានទទួលជួបឯកឧត្តម VLADIMIR GOSHIN ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារូសដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។
ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ និងជម្រាបជូនឯកអគ្គរដ្ឋទូតថាកន្លងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរភាគច្រើនស្តោតទៅលើគ្រឿងយន្តកសិកម្មតែប៉ុណ្ណោះ នាពេលអនាគតឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងអាចពង្រឹង និងពង្រីកថែមទៀត ជាពិសេសលើការវិនិយោគ កែច្នៃ វេចខ្ចប់ និងធ្វើការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរុប។ ម៉្យាងវិញទៀត ដោយសារសាធារណរដ្ឋបេឡារូសមានជំនាញផ្នែកគ្រឿងយន្តកសិកម្ម តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យទៅក្រុមហ៊ុនផលិតគ្រឿងយន្តពិនិត្យ និងពិចារណាផលិតគ្រឿងយន្តសម្រាប់ប្រមូលផលដំឡូងមីដើម្បីជួយកាត់បន្ថយពលកម្មដែលកំពុងមានការខ្វះខាតពលកម្មក្នុងការប្រមូលផល។ ផលិតកម្មដំឡូងមីភាគច្រើនប្រើពលកម្មមនុស្ស ខាតពេល តម្លៃពលកម្មកាន់តែខ្ពស់ និងជាពិសេសសមស្របតាមគោលនយោបាយទំនើបកម្មកសិកម្មរបស់ក្រសួង។ នាឳកាសនេះ លោកក៏បានជូនមតិទៅឯកឧត្តមឯកអគ្គរដ្ឋទូតពិនិត្យលើការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេសតាមរយៈ ការធ្វើទស្សនកិច្ច កម្មសិក្សារបស់មន្រ្តីជំនាញនៃប្រទេសទាំងពីរ។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានឯកភាពចំពោះសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តីដែលបានលើកឡើង ដោយលោកបានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកក្នុងពេលឆាប់ៗ តាមរយៈកិច្ចប្រជុំមួយ រវាងវិស័យឯកជន និងរដ្ឋ នៅខែកក្កដាខាងមុននេះ នៅខេត្តសៀមរាប។ ចំពោះការផ្លាស់ប្តូរមន្រ្តីជំនាញនៃប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្វាគមន៍ចំពោះគំនិតនេះ ដោយលោកបានបញ្ជាក់ថាការផ្លាស់ប្តូរនេះនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។