ពិធីបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២
ចេញផ្សាយ ២៨ មករា ២០២២
8369
នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវទីប្រឹក្សាក្រសួង ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធានអង្គភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងមន្រ្តីក្រោមឱវាទក្រសួង-អគ្គនាយកដ្ឋានយ៉ាងច្រើនកុះករ។
មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋាន ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយវិជ្ជាជីវ: និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានពង្រឹង និងពង្រីកកិច្ចសហការបានយ៉ាងល្អជាមួយមន្រ្តីក្រោមឱវាទ អន្តរក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ជាន់ថ្នាក់ វិស័យឯកជន និងដៃគូអភិវឌ្ឍ តាមរយ:ការជួយគាំទ្រ សម្របសម្រួល យ៉ាងពេញលេញធ្វើឱ្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការផ្សព្វផ្សាយបច្ចេកទេស ការបង្គ្រាប ទប់ស្កាត់បទល្មើសចលនាសត្វ ចេញ ចូល និងឆ្លងកាត់ កាន់តែមានប្រសិទ្ធភាព។ល។ មិនតែប៉ុណ្ណោះ អ្វីដែលអគ្គនាយកដ្ឋានសម្រេចបាន បានបង្ហាញពីការចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យសុខភាពសត្វ និងផលិតកម្មសត្វ សមស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីៗទាំងការចិញ្ចឹម ការបង្កាត់ពូជ ការផ្សំចំណី តម្រូវការសាច់ ស៊ុត ទឹកដោះ ផលិតផលមានដើមកំណើតពីសត្វដែលមានការកើនឡើងជាលំដាប់។ ផ្ទុយទៅវិញ ដោយសារបញ្ហាវិបត្តិកូវីដ-១៩ រួមទាំងការប្រែប្រួលអាកាសធាតុ ធ្វើឱ្យវិស័យសុខភាពសត្វ និងផលិតកម្មសត្វបាននិងកំពុងទទួលរងនូវផលប៉ះពាល់ ដូចជាការខ្វះខាតវត្ថុធាតុដើម ការកើត ឡើងនូវជំងឺឆ្លងសត្វស្រួចស្រាវ (ជំងឺផ្តាសាយបក្សី និងជំងឺប៉េស្តជ្រូកអាហ្វ្រិក) បានគំរាមកំហែងដល់ផលិតកម្មសត្វ និងសុខភាពសត្វ។ បញ្ហានេះ ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសថ្នាក់ ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីជំនាញក្រោមឱវាទគ្រប់ជាន់ថ្នាក់ រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវបង្កើនកិច្ចសហការកាន់តែទ្វេឡើង ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩- ២០២៣ ក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មសត្វ សុខភាពសត្វ និងសុខភាពសាធារណ: ស្របតាមគន្លងប្រក្រតីភាពថ្មី។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថាកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ពិតជាមានសារៈសំខាន់ដែលផ្តល់ឱកាសឲ្យយើងពិភាក្សាគ្នា លើកឡើងអំពីចំណុចខ្លាំង-ខ្សោយ និងអាទិភាពចម្បងៗ រួចរកគន្លឹះដោះស្រាយដើម្បីអនុវត្ដការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពនូវអ្វីដែលឯកត្តមប្រតិភូបានរំលេចឱ្យឃើញផងដែរអំពីការលំបាក បញ្ហាប្រឈម ដែលបានជួបប្រទះក្នុងការអនុវត្ដការងារកន្លងមក។ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដែលបានកំណត់ទិសដៅ និងវិធាន ការសំខាន់ៗ មួយចំនួនទៀតសម្រាប់អនុវត្ដបន្ដក្នុងឆ្នាំ២០២២នេះ ដើម្បីធានាដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យសុខភាពសត្វ និងផលិតកម្មសត្វ ចំណីសត្វ បសុឱសថ សារធាតុផ្សំចំណី សត្វ ការគ្រប់គ្រងសត្តឃាតដ្ឋាន ចលនាសត្វ ជំងឺឆ្លងសត្វ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ដើម្បីកំណត់គោលដៅ និងសកម្មភាពជាអាទិភាព ឆ្លើយតបទៅនឹងគោលដៅកំណែទម្រង់ស៊ី ជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យសុខភាពសត្វ និងផលិតកម្មសត្វតាមរយៈការអនុវត្តច្បាប់ ស្តីពី "សុខភាពសត្វ និងផលិតកម្មសត្វ" ក៏ដូចជាក្របខណ្ឌផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យបសុសត្វឆ្នាំ២០១៦-២០២៥ និងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម២០២១-២០៣០ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ មតិណែនាំ និងផ្ដាំផ្ញើមួយចំនួនទៀត ដើម្បីជាធាតុចូលជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់សម្រាប់ជាមូលដ្ឋានយកទៅអនុវត្តបន្ត ដែលទាក់ទងនឹងចំណុចសំខាន់ៗជាអាទិ៍ ៖ ១) ពង្រឹកការគ្រប់គ្រង ដឹកនាំ និងអនុវត្តសហលក្ខន្តិកមន្រ្តីរាជការ ពង្រីងសាមគ្គីភាពផ្ទៃក្នុង។ ២) បន្តពង្រឹងការងារស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។ ៣) ពង្រឹងការងារអនុវត្តច្បាប់ស្តីពីសុខភាពសត្វ និងផលតកម្មសត្វ និងលិខិតបទ ដ្ឋានគតិយុត្តក្រោមច្បាប់ បន្តកសាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់។ ៤) ជំរុញការងារផលិតកម្មសត្វ ជ្រើសរើស បង្កាត់ និងផ្លាស់ប្តូរពូជសត្វ បង្កាត់សប្បនិម្មិត គ្រប់គ្រងការធ្វើអាជីវកម្មចំណី សត្វ សារធាតុផ្សំ បសុឱសថ និងវាក់សាំង ការអនុវត្តជីវសុវត្ថិភាព។ ៥) ជំរុញឱ្យមានការវិនិយោគសត្តឃាតដ្ឋានសត្វ។ ៦) ពង្រឹងការត្រួតពិនិត្យ និងគ្រប់គ្រងចលនាសត្វ ផលិតផលមានដើមកំណើតពីសត្វ ស៊ុត ចេញ ចូល និងនាំឆ្លងកាត់។ ៧) លើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណ:។ ៨) ពង្រឹង និងពង្រីកកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីធានាប្រសិទ្ធភាពលើការអនុវត្តច្បាប់ និងបច្ចេកទេស និងកៀរគរជំនួយពីគ្រប់មជ្ឃដ្ឋាន។ ៩) គាំទ្រវិស័យឯកជនវិនិយោគរោងចក្រផលិតចំណីសត្វ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក កាត់បន្ថយការនាំចូល ពង្រីកផលិតកម្មចិញ្ចឹមសត្វ។ ១០) ពង្រឹង អធិការកិច្ច ត្រួតពិនិត្យការនាំចូល ការនាំចេញ ការចុះបញ្ជីចំណីសត្វ បសុឱសថ និងថ្នាំការពារជំងឺសត្វ និងពង្រឹងការគ្រប់គ្រងការធ្វើពាណិជ្ជកម្ម សារធាតុបន្ថែមផ្សំចំណី សត្វ។ល។ ១១) អគ្គនាយកដ្ឋានត្រូវរៀបចំប្រព័ន្ធទិន្នន័យសាធារណ: (Public database) ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងវិស័យឯកជន ដើម្បីគ្រប់គ្រងទិន្នន័យផលិតកម្មសត្វ និងសុខភាពសត្វឲ្យបានច្បាស់លាស់ និងមានភាពសុក្រឹត្យ ដែលអាចឈានទៅធ្វើការអភិវឌ្ឍបានទូលំទូលាយ និងចំគោលដៅពិតប្រាកដ។