ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន និង ឯកឧត្តម ស្វាយ សំអ៊ាង បានអញ្ជើញជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រាងរវាងរដ្ឋបាលព្រៃឈើ និងសហគមន៍ព្រៃឈើពីងប្រង់ក្លងពេសថូ
ចេញផ្សាយ ១១ កុម្ភៈ ២០១៩
3021
នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ ២០១៩ ជាថ្ងៃទី៣ នៃដំណើរចុះមកបំពេញការងាររបស់ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី មកកាន់ទឹកដីខេត្តមណ្ឌលគិរី។ នាព្រឹកថ្ងៃនេះ ឯកឧត្ដមរដ្ឋមន្ត្រី និង ឯកឧត្តម ស្វាយ សំអ៊ាង បានអញ្ជើញជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រាងរវាងរដ្ឋបាលព្រៃឈើ និងសហគមន៍ព្រៃឈើពីងប្រង់ក្លងពេសថូ ស្ថិតនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង។
តាមផ្លូវមកកាន់កន្លែងប្រារព្វពិធី ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះមកពិនិត្យការដាំកូនឈើក្រញូងចំនួន ១៥ ហត របស់រដ្ឋបាលព្រៃឈើនៅព្រំប្រទល់របៀង ដែលគាំទ្រដោយធនាគារអភិវឌ្ឍអាស៊ី (ADB) តាមរយ:គម្រោងរបៀងអភិរក្សជីវ:ចំរុះមហាអនុតំបន់ទន្លេមេគង្គ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើយកចិត្ដទុកដាក់មើលថែរក្សាកូនឈើឱ្យបានលូតលាស់ល្អ ជាពិសេសការពារភ្លើងឆេះព្រៃ។
ដោយឡែកក្នុងពិធីចុះកិច្ចព្រមព្រាងនាព្រឹកនេះ បានប្រារព្វក្នុងបរិវេណសាលាបឋមសិក្សាដាក់ដាំ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនជនជាតិភាគតិចព្នងប្រមាណ ២៥០នាក់។ លោកប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានអានរបាយ ការណ៍ ជូនអង្គពិធីជ្រាបពីស្ថានភាពជារួមនៃសហគមន៍ព្រៃឈើទូទាំងខេត្តថាបច្ចុប្បន្នខេត្តមានសហគមន៍ព្រៃឈើចំនួន៨ មានផ្ទៃដីសរុប ១០ ៤៦៥ហត មានសមាជិក ៧២៤គ្រួសារ ក្នុងនោះ ៥សហគមន៍បានទទួល ស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយឡែកសហគមន៍ព្រៃឈើពីងប្រង់ក្លងពេសថូ នឹងធ្វើការចុះកិច្ចព្រមព្រាងនាបន្តិចទៀតនេះ។ ចំពោះសហគមន៍នេះមានផ្ទៃដី ១១០៤ហត មានសមាជិក ១១៤ គ្រួសារ ភាគច្រើនជាជនជាតិដើមភាគតិចព្នង។ ការអភិវឌ្ឍសហគមន៍ព្រៃឈើបានទទួលការគាំទ្រដោយគម្រោងរបៀងអភិរក្សជីវ:ចំរុះមហាអនុតំបន់ទន្លេមេគង្គ ដោយធ្វើការបណ្តុះបណ្តាល ធ្វើដំណើរទស្សនកិច្ចសិក្សាតាមបណ្តាខេត្តនានា ចូលរួមប្រជុំ និងសិក្ខាសាលា ក្រុមសន្សំប្រាក់ ចិញ្ចឹមមាន់ ឃ្មុំ និងដាំបន្លែ បោះបង្គោលព្រំប្រទល់ វេនយាមល្បាយព្រៃ និងសង់ទីស្នាក់ការសហគមន៍ អណ្តូងទឹក បង្គន់អនាម័យ និងថាមពលពន្លឺព្រះអាទិត្យ។ល។
ស្ថិតកក្នុងទឹកដីដាក់ដាំដ៏សែនមនោរម្យ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការសំណេះសំណាលជាមួយបងប្អូនជនជាតិដើមភាគតិច ជាបឋម ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលខេត្តបាននាំយកមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលលោកទាំងពីរតែងតែគិតគូពីសុខទុក្ខ និងបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូនទូទាំងខេត្ត ជាពិសេសបងប្អូនស្រុកអូររាំង ឃុំដាក់ដាំ ហើយលោកសូមជូនពរឱ្យបងប្អូនទទួលបាននូវពុទ្ធពរទាំង ៤ប្រការ។ ចំពោះពិធីនាថ្ងៃនេះ លោកបានវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម ខ័ណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន សហការគ្នារៀបចំបង្កើតសហគមន៍ព្រៃឈើដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍ និងអភិរក្សព្រៃ សត្វព្រៃ ជីវ:ចំរុះ ធានាបាននូវនិរន្តរភាពនៃការអាស្រ័យផល និងអនុផលព្រៃឈើដែលជា វប្បធម៌ និងប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ជាពិសេសចូលរួមថែរក្សា ការពារធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) សម្រាប់កូនចៅជំនាន់ក្រោយឱ្យបានគង់វង្សតរៀងទៅ។ ដើម្បីរក្សាបាននូវនិរន្តរភាពនៃការគ្រប់គ្រងសហគមន៍ព្រៃឈើ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ័ណ្ឌរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហការអនុវត្តការងារ ផែនការសកម្មភាពទាំងរបស់រដ្ឋបាលព្រៃឈើ និងរបស់គម្រោងនានាឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ខិតខំស្វះស្វែងរកដៃគូ ឬគម្រោងនានាដើម្បីបន្តអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើន ឈានទៅប្រែក្លាយជាសហគមន៍គំរូ និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាញយកប្រយោជន៍បន្ថែមពីធនធានព្រៃឈើ បង្កើតនិងបង្កើនប្រភពចំណូល កែលម្អជីវភាព តាមរយ:បង្កើតរបរបន្ថែម ដូចជាចិញ្ចិមឃ្មុំ ដាំឬស្សី ចិញ្ចឹមសត្វ និងដាំដំណាំ។ល។ និងជាពិសេសចូលរួមថែរក្សា និងអភិរក្សវប្បធម៌ ប្រពៃណី ទំនាមទំលាប់ និងជំនឿសាសនារបស់បងប្អូនជនជាតិដើមភាគតិចឱ្យបានគង់វង្ស។