ពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
ចេញផ្សាយ ៣០ មករា ២០១៩
3788
នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ បានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ដែលជាមន្រ្តីរាជការនៃមន្ទីរចំណុះឱ្យរដ្ឋបាលខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។
បន្ទាប់ពីលោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើរបាយការណ៍ស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបពីស្ថានភាពទូទៅរបស់មន្រ្តីរាជការ ការងារបង្កបង្កើនផល ដំណាំកសិឧស្សាហកម្ម ការងារផលិតកម្មសត្វ និងសុខភាពសត្វ ការងារព្រៃឈើ ជលផល នីតិកម្មកសិកម្ម សហគមន៍កសិកម្ម ការងារបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ គោលនយោបាយ និងបច្ចេកទេស ព្រមទាំងបញ្ហាប្រឈមផ្សេងៗទៀត និងលោក ស៊ីម ថាវរៈ ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី ធ្វើការប្តេជ្ញាចិត្តរួមមក ឯកឧត្តម គូច ចំរើន ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តបានមានមតិស្វាគមន៍ចំពោះអង្គពិធី និងមានចំណាប់អារម្មណ៍មួយចំនួនទាក់ទងនឹងពិធីចូលកាន់តំណែងរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមិទ្ធផលសំខាន់ៗមួយចំនួនដែលប្រធានមន្ទីរចាស់សម្រេចបាន និងធ្វើការណែនាំបន្ថែមដល់ប្រធានមន្ទីរថ្មីនូវការងារ និងភារកិច្ចដែលត្រូវទទួលយកទៅអនុវត្តបន្តធ្វើយ៉ាងណាធ្វើការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តឱ្យមានការរីកចម្រើន ធានាសន្តិសុខស្បៀងក្នុងខេត្ត និងកាត់បន្ថយការនាំចូល។
ស្ថិតក្នុងបរិយាកាសដ៏មានសារៈសំខាន់នេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមអភិបាលខេត្តដែលបានគាំទ្រ និងផ្តល់កិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយ៉ាងល្អប្រសើរ រហូតសម្រេចបានជោគជ័យជាបន្តបន្ទាប់។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនអង្គពិធីជ្រាបថា ការតែងតាំងនិងការផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការនាថ្ងៃនេះ គឺស្របតាមតម្រូវការចាំបាច់នៃការធ្វើកំណែទម្រង់ស្ថាប័ន ការរីកចម្រើនទាំងចំណេះដឹង និងបទពិសោធន៍របស់មន្ត្រីរាជការ ដែលតម្រូវឱ្យមានការប្តូរផ្លាស់សមស្របតាមគោលនយោបាយកំណែរទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងការវិវឌ្ឃន៍រីកចម្រើននៃសេដ្ឋកិច្ចជាតិក្នុងពេលបច្ចុប្បន្ន។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងពេលបច្ចុប្បន្ន និងផែនការ ទិសដៅអភិវឌ្ឍបន្តនៅពេលអនាគតដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលចង់ប្រែក្លាយ កម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។
ចំពោះប្រធានមន្ទីរថ្មីដែលនឹងត្រូវចូលកាន់តំណែងចាប់ពីថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំ និងផ្តល់អនាសាសន៍ល្អៗដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំការងារ និងការទទួលខុសត្រូវសម្រាប់ជាត្រីវីស័យយកទៅបំពេញតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូនឲ្យទទួលបានជោគជ័យបន្ថែមទៀត ដែលមានខ្លឹមសារដូចខាងក្រោម៖
១-ត្រូវយកចិត្តទុកដាក់ អំណត់អត់ធន់ ទន់ភ្លន់តែម៉ឹងម៉ាត់ និងរៀនសូត្រដកស្រង់បទពិសោធន៍ពីការងារដែលយើងធ្លាប់ជួបប្រទះ ដើម្បីឲ្យក្លាយខ្លួនទៅជាអ្នកដឹកនាំដែលមានគំរូល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ។ ត្រូវពង្រឹងសមត្ថភាព គុណភាពការងារ និងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ និងធានាការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
២-ការផ្លាស់ប្ដូរឥរិយាបថ អ្នកផ្ដល់យោបល់ អ្នកប្រឹក្សាយោបល់ ការសម្របសម្រួល និងភាពប៉ិនប្រសព្វក្នុងការទំនាកទំនង គឺជាកត្តាសំខាន់ៗនៃការផ្តល់សេវាសាធារណៈ ហើយជារួមត្រូវមាន “ចរិកមហាជន” ពោលគឺត្រូវផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានទាក់ទងនឹងបច្ចេកទេសជំនាញឲ្យទូលំទូលាយនិងចំគោលដៅក្នុងគោលបំណងដើម្បីចែករំលែកនូវចំណេះដឹងបច្ចេកទេសថ្មីៗ និងបទពិសោធន៍ល្អៗ។
៣-ត្រូវនាំគ្នាចុះមូលដ្ឋានបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ទាន់ពេលវេលា និងមាន ប្រសិទ្ធភាព។
៤-ខិតខំធ្វើការផ្សព្វផ្សាយការងារបច្ចេកទេសទាក់ទងផលិតកម្មស្រូវ បន្លែ ដំណាំកសិឧស្សាហកម្ម ផលិតកម្មសត្វ និងសុខភាពសត្វ តាមរយៈធ្វើការផ្សព្វផ្សាយពូជ ចំណី ជំងឺ និងពង្រឹងការគ្រប់គ្រងលើការធ្វើអាជីវកម្មសម្ភារកសិកម្មឱ្យបានល្អ។ ដោយឡែក វិស័យព្រៃឈើ និងជលផល ត្រូវធ្វើការការពារធនធានធម្មជាតិ និងអភិវឌ្ឍសហគមន៍ឱ្យមានការរីកចម្រើនដើម្បីកែលម្អជីវភាព លើកកម្ពស់ប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ កាត់បន្ថយការពឹងអាស្រ័យតែលើផល និងអនុផលព្រៃឈើហើយក៏ត្រូវអភិវឌ្ឃវិស័យវារីវប្បកម្មផងដែរ។ ទន្ទឹមនោះ ត្រូវយកចិត្តទុកដាក់អនុវត្តលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងក៏ដូចជារបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។
៥-ត្រូវយកចិត្តទុកដាក់ថែរក្សាទ្រព្យសម្បត្តិរបស់រដ្ឋឱ្យបានគង់វង្សល្អ និងត្រូវផ្តល់កិច្ចសហការល្អជាមួយស្ថាប័ន មន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឱ្យបានល្អប្រសើរ ប្រយោជន៍ដើម្បីសម្រួលការងារ សហការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពនានាទៅដោយរលូន និងទទួលបានលទ្ធផលប្រពៃ។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះនាពេលនេះ មកពិភាក្សានិងធ្វើការណែនាំដល់មន្រ្តីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យរៀបចំកិច្ចប្រជុំជាបន្ទាន់ ដោយអញ្ញើញមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រុមហ៊ុន ឬឈ្មួញប្រមូលទិញស្រូវ ពិសេសអភិបាលនៃគណអីបាលខេត្ត ដើម្បីសិក្សាពីមូលបញ្ហា រួចដាក់ចេញនូវយន្តការដោះស្រាយ និងចុះអន្តរាគមន៍ជូនប្រជាពលរដ្ឋជាបន្ទាន់ ជាពិសេសទប់ស្តាត់ឱ្យបាននូវវិទ្ធង្សនាសេដ្ឋកិច្ចដែលបង្កឡើងដោយជនអគតិដែលយកហេតុផលនៃការធ្លាក់ចុះតម្លៃស្រូវនាពេលនេះ គឺបណ្តាលមកពីសហភាពអឺរ៉ុបយកពន្ធនាំចូលអង្ករពីកម្ពុជាចំនួន ២០០ដុល្លារក្នុង១តោន។