ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនបានអនុញ្ញាតឱ្យលោក Shivaji Kshatrapati ប្រធានគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហការីចូលជួបពិភាក្សាការងារ
ចេញផ្សាយ ២១ កុម្ភៈ ២០១៩
2511
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៧:២០ នាទីរសៀល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនបានអនុញ្ញាតឱ្យលោក Shivaji Kshatrapati ប្រធានគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហការីចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា និងកិច្ចសហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីអភិវឌ្ឍន៍ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។
ជាកិច្ចស្វាគមន៍ ក្នុងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគាអភិវឌ្ឍន៍អាស៊ីដែលបានចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងការជួយ អភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មនៅកម្ពុជា។ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងធនាគារអភិវឌ្ឍន៍អាស៊ី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានឈានឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាជូនប្រជាកសិករ ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បច្ចេកវិទ្យាថ្មីទំនើប បច្ចេកទេសនៃដាំដុះ ការងារបណ្តុះបណ្តាល។ល។ ដែលសមិទ្ធផលទាំងនេះបានជួយបង្កើតការងារ បង្កើនប្រាក់ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រ និងជម្រុញផលិតកម្មកសិកម្មក្នុងស្រុក។
នាឱកាសនោះ លោក Shivaji Kshatrapati និងសហការីបានសម្តែងនូវការស្ងើចសរសើរ និងសារទរចំពោះល្បឿននៃការអភិវឌ្ឍន៍ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយលោកក៏សូមថ្លែងអំណរគុណផងដែរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយធនាគារអភិវឌ្ឍនអាស៊ី។ ចំពោះជំនួបនាថ្ងៃនេះ លោក Kshatrapati បានជម្រាបថាធនាគារអភិវឌ្ឍន៍អាស៊ីបានចាត់ទុកវិស័យកសិកម្មនៅកម្ពុជាគឺជាវិស័យដ៏មានសារៈសំខាន់ និងមានសក្តានុពលដែលទាមទារឱ្យមាននិរន្តរភាពនៃការអភិវឌ្ឍន៍ និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ ឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍។ ដូច្នេះ គណៈប្រតិភូរបស់លោកនាថ្ងៃនេះគឺដើម្បីសិក្សា ស្វែងយល់ និងសុំអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រីអំពីចំណុចខ្លាំង និងចំណុចខ្សោយនៃការអនុវត្តគម្រោងរបស់ធនាគារអភិវឌ្ឍអាស៊ីកន្លងមក និងតម្រូវការកែសម្រួលនិងការគាំទ្របន្ថែម ធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។
ទាក់ទងទៅនឹងប្រធានបទដែលបានលើកឡើង ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ីពិនិត្យលទ្ធភាពគាំទ្រដល់ការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃទាំងមូលនៃដំណាំ ដែលមានសក្តានុពលឱ្យមានភាពប្រទាក់ក្រឡា ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះ ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធដែលផ្តោតជាសំខាន់លើការគាំទ្រដល់វិស័យនេះ ដូចជាការកសាងប្រព័ន្ធស្រោចស្រព ឃ្លាំងស្តុក ឡសម្ងួត ការកែឆ្នៃ វេចខ្ចប់ ឃ្លាំងត្រជាក់ និងហេដ្ឋារចនាសម្ព័ន្ធផ្សារកសិកម្ម ធ្វើយ៉ាងណាឱ្យចំគោលដៅ និងមានភាពទូលំទូលាយដើម្បីបង្កើនប្រាក់ចំណូល ដល់ប្រជាកសិករស្របតាមទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។ ត្រូវរួមគ្នាជម្រុញការលើកកម្ពស់ស្តង់ដារអនាម័យ និងភូតគាមអនាម័យឱ្យស្របតាមតម្រូវការពីការបញ្ជារទិញ ពីទីផ្សារ។ បន្តសកម្មភាពកសាងធនធានមនុស្សក្នុងវិស័យកសិកម្មដោយស្របតាមគោលនយោបាយនៃការធ្វើទំនើបកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ប្រកបដោយមានការប្រកួតប្រជែងខ្ពស់។
ជាការឆ្លើយតប លោក Kshatrapati បានឯកភាពលើការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយលោកក៏បានសន្យាថារូបលោក និងគណៈប្រតិភូនឹងយកអនុសាសន៍ទាំងអស់ទៅសិក្សា និងពិនិត្យលទ្ធភាពក្នុងការផ្ដល់ការគាំទ្រ។