ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត និងសហការី បានបន្តដំណើរមកឃុំបឹងរវា ស្រុកសន្ទុក មកមើលកសិដ្ឋានចិញ្ចឹមត្រីទី២ របស់លោក អ៊ីវ វណ្ណា
ចេញផ្សាយ ១៧ មិថុនា ២០១៩
3204
ចេញពីក្រុងស្ទឹងសែន ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត និងសហការី បានបន្តដំណើរមកឃុំបឹងរវា ស្រុកសន្ទុក មកមើលកសិដ្ឋានចិញ្ចឹមត្រីទី២ របស់លោក អុីវ វណ្ណា ដដែល ដែលមានផ្ទៃដី ៧០ហត ហើយកំពុងត្រៀមប្រមូលផលត្រីឆ្ពិនក្នុងពេលឆាប់ៗ។ មើលឃើញពីសក្តានុពលរបស់កសិដ្ឋានដោយសារទីតាំងអំណោយផល ប្រភពទឹកធម្មជាតិ និងជាពិសេសសក្តានុពលទីផ្សារ ឯកឧត្តមរដ្ឋមន្ត្រីបានជូនយោបល់ឲ្យលោក អីុ វណ្ណា គួរស្វែងរកដៃគូបរទេសដើម្បីបង្កើនទុនវិនិយោគក្នុងបំណងប្រើប្រាស់សក្តានុពលកសិដ្ឋាននេះឲ្យអស់សមត្ថភាពផលិតកម្មដល់ ពេលនោះអាចឈានទៅធ្វើការនាំចេញ និងកែច្នៃតាមតម្រូវការទីផ្សារ។
ជាថ្មីម្តងទៀតលោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកសិដ្ឋានសម្រេចបាន ព្រោះវាប្រាកដជាបានចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍវារីវប្បកម្មរបស់ក្រសួង ក្នុងបំណងកាត់ បន្ថយការនាំចេញ និងជួយរុញកំណើនសេដ្ឋកិច្ចជាតិ។ ហេតុផលនេះ រដ្ឋបាលជលផល និងមន្ទីរនឹងត្រៀមលក្ខណ:សម្បត្តិគ្រប់បែបយ៉ាងដើម្បីសហការលើការវិនិយោគវារីវប្បកម្មនេះ ហើយសូមអំពាវនាវដល់ក្រុមហ៊ុនផ្សេងៗគួរយកចិត្តទុកដាក់ និងចាប់អារម្មណ៍លើការវិនិយោគនេះ។