ឯកឧត្តមរដ្ឋមន្រ្តីបានទទួលជួបសាស្រ្តាចារ្យ Dr Vara Prasad និងសហការីដែលអញ្ជើញមកពីសាកលវិទ្យាល័យ Kansas State University សហរដ្ឋអាមេរិក
ចេញផ្សាយ ២៥ មករា ២០១៩
2633
នៅរសៀលថ្ងៃដដែល បន្ទាប់ពីជំនួបពិភាក្សាជាមួយក្រុមការងារអង្គការ UNIDO រួចមក ឯកឧត្តមរដ្ឋមន្រ្តីបានទទួលជួបសាស្រ្តាចារ្យ Dr Vara Prasad និងសហការីដែលអញ្ជើញមកពីសាកលវិទ្យាល័យ Kansas State University សហរដ្ឋអាមេរិក។ ជំនួបពិភាក្សានេះមានគោលបំណងសំខាន់ទី១- រាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបពីកិច្ចសហប្រតិបត្តិការរវាងសា កលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងកម្មវិធីមន្ទីរពិសោធន៍នវានុវត្តប្រពលវប្បកម្មនិរន្តរភាព (Sustainable Intensification Innovation Lab) នៃសាកលវិទ្យាល័យរដ្ឋកាន់សាស សហរដ្ឋអាមេរិក ដែលបាននិងកំពុងសហការអនុវត្ត ដោយទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍសហរដ្ឋអាមេរិក USAID និងទី២- ស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីបន្តផ្តល់ការគាំទ្រលើគម្រោងនានាដែលកំពុងអនុវត្តជាមួយ RUA។
Dr Vara Prasad បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា គម្រោងរបស់សាកលវិទ្យាល័យគឺមានគោលបំណងផលិតស្បៀងឱ្យបានគ្រប់គ្រាន់ដើម្បីធានាសន្តិសុខស្បៀង កាត់បន្ថយភាពអត់ឃ្លានដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ។ មួយវិញទៀត គម្រោងនេះបានជួយបណ្តុះបណ្តាលយុវជនជំនាន់ក្រោយដើម្បីបង្កើនសក្តានុពល និងសមត្ថភាពរបស់ពួកគេក្នុងការស្រាវជ្រាវ និងនវានុវត្តនូវគំហើញថ្មីរួចធ្វើការផ្ទេរឱ្យទៅប្រជាកសិករ ឬអ្នកផលិតធ្វើយ៉ាងណាបង្កើនទិន្នផលកសិកម្ម ធានាគុណភាព និងសុវត្ថិភាព ហើយគម្រោងនេះពិតជាបានចូលរួមចំណែក និងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើន។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈអង្គការ USAID ដែលបានជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍនៅប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ហើយជាពិសេសបានជួយឧបត្ថម្ភដល់ RUA ក្នុងការអនុវត្តគម្រោងនានាទាក់ទងនឹងវិស័យកសិកម្ម ដែលបច្ចុប្បន្នគម្រោងទាំងនោះកំពុងមានវឌ្ឍនភាពគួរឱ្យចាប់អារម្មណ៍។ បច្ចុប្បន្នក្រសួងកំពុងជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន (សហគ្រាសខ្នាតតូច និងមធ្យម) ក្នុងការកែច្នៃកសិផលក្នុងគោលបំណងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវត្ថុធាតុដើមក្នុងស្រុក លើកកម្ពស់ផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក កាត់បន្ថយថ្លៃដើម និងកាត់បន្ថយការនាំចូល។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំឱ្យសាកលវិទ្យាល័យពិនិត្យ ពិចារណាជួយធ្វើការបណ្តុះបណ្តាលដល់និស្សិតជំនាន់ក្រោយនូវបច្ចេបវិទ្យាទំនើបៗ ថ្មីៗចុងក្រោយ ដើម្បីបង្កើនសមត្ថភាពដល់ពួកគេចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើន ឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង RUA ជាមួយសាកលវិទ្យាល័យរដ្ឋកាន់សាស សហរដ្ឋអាមេរិក បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ ដែលក្នុងនោះ RUA ទទួលបានទឹកប្រាក់សរុបប្រមាណជា ៤ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការងារស្រាវជ្រាវ ការកសាងសមត្ថភាពមន្រ្តី និងនិស្សិត ការលើកកំពស់គុណភាពសម្ភារនៅតាមមន្ទីរពិសោធន៍ និងការសកម្មភាពនៃការអនុវត្តគម្រោងផ្សេងៗទៀត។