កាលពីថ្ងៃទី១៣ ខែមករា ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយមន្ត្រីជំនាញបានអញ្ជើញចុះទៅពិនិត្យស្រូវប្រាំង និងជួបសំណេះសំណាលជាមួយកសិករ ១៥០ នាក់ នៅភូមិទួលបែកចាន ឃុំព្រៃខ្លា ស្រុកកោះអណ្តែត។ តាមការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ស្រុកមានផែនការធ្វើស្រែប្រាំងលើផ្ទៃដីជាង ១១ ពាន់ហិចតា សម្រាប់ឆ្នាំ ២០១២ ប៉ុន្តែមកទល់បច្ចុប្បន្នទូទាំងស្រុកធ្វើបានជាង ២១ ពាន់ហិចតា ដោយសារបញ្ហាផ្ទៃដីកើនឡើងធ្វើឲ្យការផ្គត់ផ្គង់ទឹកមានបញ្ហា។
មានមតិលើកឡើងនៅពេលនោះបងប្អូនប្រជាកសិករបានបញ្ជាក់ថា ដោយ សារព័ត៌មានបញ្ជាក់ថាឆ្នាំរោងទឹកធំ ធ្វើឲ្យបងប្អូនយើងស្ទើរគ្រប់គ្នាបន្ថយដៃធ្វើស្រែវស្សាព្រោះខ្លាចទឹកលិចគាប់ជួនស្រុកនេះមាន ប្រពៃណីលិចទឹករៀងរាល់ឆ្នាំផង។
ដល់ពេលទឹកស្រកម្នាក់ៗសម្រុកធ្វើប្រាំងគ្រប់ៗគ្នាធ្វើឲ្យខ្វះខាតទឹកក្នុងនោះ ផ្ទៃដីចំនួន ៣១០ហត កំពុងតែប្រឈម។ ធ្វើបានហើយខ្វះខាតទឹក បងប្អូនបានស្នើសុំឯកឧត្តមរដ្ឋមន្ត្រីជួយដោះស្រាយ ប្រេង ម៉ាស៊ីនបូមទឹក និងស្តារប្រឡាយដើម្បីដោះស្រាយបញ្ហា យ៉ាងហោចណាស់បានត្រឹមទុកពូជវិញ សល់ទុកហូបចុកខ្លះ។ ចូលរួមដោះស្រាយបញ្ហានេះលោក ចាន់ សារុទ្ធ ប្រធាននាយកដ្ឋាន គ្រឿងយន្តកសិកម្ម បានណែនាំឲ្យបងប្អូនប្រើប្រាស់ទឹកសន្សំសំចៃ ដាក់វេនគ្នាបូកទឹកដាក់ស្រែរវាងដើមទី និងចុងទី ជាពិសេសអ្នកដើមទីប្រើឲ្យបានសមស្របចៀសវាងបូមបង្ហារទឹកចោលឥតប្រយោជន៍។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យលោកប្រធានមន្ទីរធ្វើការកំណត់ផ្ទៃដីស្រែប្រាំង ឲ្យបានច្បាស់លាស់ដើម្បីងាយគ្រប់គ្រងការប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវសម្រាប់ឆ្នាំក្រោយ ជាពិសេសការបង្កើនផ្ទៃដីក៏ត្រូវពិនិត្យ លទ្ធភាពស្រោចស្រពទឹកឲ្យបានសមស្រប។ មន្ទីរត្រូវជ្រើសរើសកសិករគំរូរួចចែកពូជស្រូវជលសារ ឬសែនពីដោរជូនពួកគាត់ធ្វើបង្ហាញ ក៏ដូចជាធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅទូទាំងស្រុក ជាពិសេសប្រ ធានមន្ទីរត្រូវបែងចែកឲ្យអនុប្រធានទទួលខុសត្រូវស្រុកនីមួយៗលើការងារផ្សព្វផ្សាយពូជទាំង ១០ របស់ក្រសួង ខេត្តតាកែវត្រូវធ្វើគំរូមុនគេក្នុងការងារផ្សព្វផ្សាយពូជស្រូវ ដោយអនុប្រធានមន្ទីរត្រូវក្តាប់ឲ្យបានពីទិន្នន័យស្រូវពូជដែលកសិករកំពុងធ្វើមានពូជស្រូវអ្វីខ្លះ ប្រើប្រាស់លើផ្ទៃដីប៉ុន្មានហិចតា មានប្រភពពីណា? ហើយក្រុមហ៊ុនណាខ្លះ អង្គការណាខ្លះធ្វើការលក់ ឬផ្សព្វផ្សាយពូជនេះ? ទីផ្សារត្រូវការពូជអ្វីខ្លះ តើមានប៉ុន្មានភាគរយហើយកសិករទទួលយកពូជស្រូវទាំង ១០ របស់ក្រសួងទៅប្រើ ជាពិសេសការផ្សព្វផ្សាយរបស់យើងមានចំណុចខ្លាំង ខ្សោយ ហើយត្រូវកែលម្អអ្វីខ្លះ? ការងារនេះមិនមែនសម្រាប់តែមន្ទីរកសិកម្មខេត្តតាកែវទេ គឺគ្រប់មន្ទីរកសិកម្មទាំងអស់ត្រូវតែអនុវត្តសម្រាប់ឆ្នាំ ២០១។
តាមការពិនិត្យជាក់ស្តែង ឃើញថាការប្រមូលផលដោយប្រើគ្រឿងចក្រមានការបាត់បង់ច្រើន (ជ្រុះច្រើន) នេះជាការបាត់បង់ក្រោយពេលប្រមូលផល។ បញ្ហានេះលោកបានណែនាដល់នាយកដ្ឋានគ្រឿងយន្តឲ្យរៀបចំកិច្ចប្រជុំជាបន្ទាន់មួយ ដោយអញ្ជើញក្រុមហ៊ុន KUBOTA អ្នកពាក់ព័ន្ធសំខាន់ៗ មកប្រជុំពិភាក្សាថាតើត្រូវដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច? បើចាំបាច់អ្នកបញ្ជាគ្រឿងយន្តត្រូវមានការបណ្តុះបណ្តាលជំនាញ ដោយនាយកដ្ឋានគ្រឿងយន្តកសិកម្ម ធ្វើយ៉ាងណាឲ្យមានភាពទទួលខុសត្រូវចំពោះការបាត់បង់ក្រោយពេលប្រមូលផលនេះ ពីព្រោះបញ្ហានេះក៏ជាចំណែកមួយដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយនៃការនាំចេញអង្ក ១ លានតោន នាឆ្នាំ ២០១៥ របស់រាជរដ្ឋាភិបាលផងដែរ ពីព្រោះគ្រាន់តែចាប់ផ្តើមប្រមូលផលយើងបាត់អស់ពី ២០-៣០ ភាគរយទៅហើយ។
ចំពោះបញ្ហាលក់ស្រូវបានថោក លោកបានជម្រាបកសិករថា ត្រូវប្តូរពូជចេញ ប្រើពូជដែលទីផ្សារគេពេញនិយមដូចជាពូជសែនពិដោរ ពូជជលសារ ផ្ការំដួល។ល។ កុំប្រញាប់លក់ស្រូវពេករក្សាទុកដល់ខែស្រូវបានថ្លៃ ចំពោះ បញ្ហាជំពាក់បុលគេ លោកសុំឲ្យកាត់បន្ថយបីគឺការប្រើពូជ ជី និងថ្នាំគីមី ហើយត្រូវមើលថែទាំស្រូវឲ្យបានល្អនោះទិន្នផលស្រូវនឹងកើន។ ដើម្បីដោះស្រាយបញ្ហាចំពោះមុនលោកបានជួយឧបត្ថម្ភប្រេងចំនួន ៥០០ L។