នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយដែលបានទទួលគណៈប្រតិភូជប៉ុន មកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យតែរឹងមាំបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំការសួរសុខទុក្ខនិងការនឹករឭកពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ដេីម្បីជំរុញការសហការគ្នាក្នុងវិស័យកសិកម្ម ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងទទួលបានឱកាសក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។
តាមរយៈការវិនិយោគនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កម្ពុជាមានកសិផលសក្តានុពលជាច្រេីនដូចជា ស្រូវអង្ករ គ្រាប់ស្វាយចន្ទី ម្រេច ជាពិសេសក្រណាត់សូត្រខ្មែរ ដែលមានគុណភាពល្អប្រណិត ដែលក្រុមហ៊ុនប្រទេសជប៉ុន អាចពិនិត្យលទ្ធភាពក្នុងការកែច្នៃ នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទទួលបានតម្លៃបន្ថែមខ្ពស់។ លេីសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា កម្ពុជាបេីកទូលាយ និងស្វាគមន៍អ្នកវិនិយោគលេីការកែច្នៃវេចខ្ចប់ ដែលមានផែនការច្បាស់លាស់ និងមានទីផ្សារពិតប្រាកដ ដេីម្បីធានាឱ្យការវិនិយោគទទួលបានជោគជ័យ ផ្តល់ផលចំនេញ និងនិរន្តរភាពសេដ្ឋកិច្ច។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំគណៈប្រតិភូជប៉ុនអំពីគោលនយោបាយអាទិភាពនៃវិស័យកសិកម្មក្នុងការកសាងសហគមន៍កសិកម្មទំនេីប ដែលក្រសួងកសិកម្មបាននឹងជំរុញគាំទ្រក្នុងការជួយជាបច្ចេកទេស ស្វែងរកទីផ្សារ និងអាចផលិតកសិផលដែលមានគុណភាពល្អ ឆ្លេីយតបតាមតម្រូវការទីផ្សារទាំងគុណភាព និងបរិមាណ ជាពិសេសការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលអាចជួយគាំទ្រដល់ការធ្វេីកសិកម្ម របស់កសិករឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
សូមជម្រាបជូនថា កិច្ចប្រជុំនេះមានការចូលរួមពីបណ្តាក្រុមហ៊ុនចំនួន២៦ និងមានក្រុមហ៊ុនចំនួន១៤ វិនិយោគក្នុងវិស័យកសិកម្ម និងមានគោលបំណងរាយការណ៍ពីសកម្មភាព និងផែនការយុទ្ធសាស្រ្តរបស់សមាគមជប៉ុន-កម្ពុជា និងជម្រាបរាយការណ៍ពីផែនការពាណិជ្ជកម្ម អាជីវកម្ម ដែលវិនិយោគិនជប៉ុនពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕