នៅទីក្រុងប៉េកាំង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញាតឱ្យ ប្រធានក្រុមមហ៊ុន Beijing Fushide Investment Management Ltd and East Consulting Management Ltd ចិនចូលសម្តែងការគួរសម
ចេញផ្សាយ ០៦ ឧសភា ២០១៩
2787
នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឱ្យ ប្រធានក្រុមមហ៊ុន Beijing Fushide Investment Management Ltd and East Consulting Management Ltd ចិនចូលសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមបានស្វាគមន៍គម្រោងចង់វិនិយោគលើវិស័យកសិកម្ម ព្រមទាំងបានបញ្ជាក់ថា នៅកម្ពុជាមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ការវិនិយោគ ជាពិសេសការវិនិយោគលើការដាំឈើឡើងវិញ ការកែច្នៃផលិតផលកសិកម្ម ការដាំដុះនៅមុខដំណាំផ្សេងៗ និងការចញ្ចឹមសត្វ ឬចញ្ចឹមត្រីជាដើម ដែលទាំងអស់នេះគឺមានសក្តានុពលក្នុងការវិនិយោគដែលអាចធ្វើការនាំចេញមកប្រទេសចិនឬទីផ្សារក្នុងប្រទេសអាស៊ាន ក៏ដូចជាទីផ្សារអឺរ៉ុប និងអាមេរិក ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញក្រុមហ៊ុន ឱ្យមកប្រទេសកម្ពុជាដើម្បីសិក្សាឱ្យបានល្អដើម្បីឱ្យដំណើរការបានល្អ។
លោកប្រធានក្រុមហ៊ុនចិនបានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំងចំពោះការស្វាគមន៍លើការវិនិយោគ លោកបានបញ្ជាក់ថាក្រុមហ៊ុនលោកមានមុខជំនួញជាច្រើន ហើយចំពោះមុខនេះ លោកមានបំណងចង់វិនិយោគលើវិស័យដាំឈើដើម្បីនាំមកប្រទេសចិន។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ករណីក្រុមហ៊ុនចង់វិនិយោគលើការដាំឈើនេះ គឺក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនចិនដែលមានដីស្រាប់ដើម្បីសហការដាំដុះប្រភេទឈើថ្មីនេះដើម្បីនាំចេញ ដោយសារពេលនេះយើងមិនមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៀតទេ។ ក្រុមហ៊ុនក៏អាចសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីសហការក្នុងការដាំ និងប្រមូលទិញដើមអាកាស្យាផងដែរសម្រាប់ធ្វើការកែច្នៃ។
លោកប្រធានក្រុមហ៊ុនក៏មានការចាប់អារម្មណ៍លើការដាំកៅស៊ូផងដែរ ដោយចង់ធ្វើការកែច្នៃជាសំបករថយន្តសម្រាប់នាំចេញ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្ទៃដីកៅស៊ូមានប្រមាណ ៤៥ម៉ឺន ហត តែតម្លៃកៅស៊ូបច្ចុប្បន្នមានតម្លៃទាប និងមានបញ្ហាច្រើន ដូច្នេះសូមឱ្យក្រុមហ៊ុនទៅទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យពីលទ្ធភាពវិនិយោគ។