កាលពីថៃ្ងទី ០១ ខែ មីនា ឆ្នាំ២០១០ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ចន្ទ័ សារុន រួមដំណើរជាមួយមន្ត្រីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញមួយ ចំនួន បានអញ្ជើញពិនិត្យមើល និងសំណេះសំណាលជាមួយកសិករចំនួន ១៥០ គ្រួសារ នៅឃុំស្នាមព្រះ ស្រុកបាកាន ដែលបានចូលរួមក្នុងគម្រោងបង្កាត់ពូជគោ ដោយសិប្បនិមិត្តឧបត្ថម្ភដោយសហគមន៍អ៊ឺរ៉ុប។
តាមការអះអាងរបស់លោក គង់ រាត្រី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានឲដឹងគំរោងនេះថា ចាប់ផ្ដើមក្នុងឆ្នាំ ២០០៥ នឹងបញ្ចប់ នៅខែមីនា ២០១០នេះ។ ក្នុងនោះ គម្រោងបាននាំចូលទឹកសែ្ពមពូជគោសាន់តា និង ស៊ីមប្រា ពីប្រទេសអូស្ត្រាលី និងអាមេរិក។ រហូតមកទល់បច្ចុប្បន្នគម្រោង បង្កាត់បានមេចំនួន ១៩០ក្បាល ហើយកើតកូនបាន ៦៤ក្បាល។
ក្រៅពីនេះគម្រោងបានបំផុសឲម្ចាស់គោ ដាំដំណាំចំណីសត្វ និងស្មៅពូជល្អសម្រាប់សត្វស៊ី បណ្តុះបណ្តាលពីការធ្វើចំបើងផ្អាប់ ការរៀបចំទុកដាក់ចំបើង ការការពារ និងការថែទាំសត្វ។
លោករដ្ឋមន្ត្រីបានកោតសរសើរដល់មន្ត្រីជំនាញ និងកម្មវិធីគម្រោងដែលបានរើសយកកម្មវិធីនេះមកអនុវត្តនៅកម្ពុជា ដែលនេះគឺជាចំណុចចាប់ផ្ដើម នៃការអនុវត្ត
គោលនយោបាយជាយុទ្ធសាស្ត្ររបស់ក្រសួងសម្រាប់ពេលអនាគតក្នុងការប្ដូរពូជសត្វបំណង បង្កើនផលិតកម្មសត្វ ឆ្លើយតបបានគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក។ លោករដ្ឋមន្ត្រីបានពន្យល់ពីគុណប្រយោជន៍នៃការបង្កាត់ពូជសិប្បនិម្មិតនេះដែលក្នុងនោះមានទី១- ចំណេញពេល និងកម្លាំងពលកម្ម ទី២- អត្រានៃការបង្កកំណើតខ្ពស់ ទី៣- កាត់បន្ថយជំងឺឆ្លង ។
លោកបានប្រាប់ទៅកសិករទៀតថា កត្តាសំខាន់ៗខ្លះទៀតដែលកសិករត្រូវតែអនុវត្ត គឺផ្ដល់ចំណីអាហារឱ្យបានគ្រប់គ្រាន់ ទាំងបរិមាណ និងគុណភាព។ ម្ចាស់សត្វត្រូវមានសួនចំណីសត្វក្នុងភូមិរបស់ខ្លួន ចៀសវាងលែងសត្វដើរស៊ីពេសវាលពាសកាល។ ការិយាល័យពេទ្យសត្វខេត្តគួរតែ អញ្ជើញសមាជិកទាំងអស់ឱ្យមកចូលរៀនសូត្របចេ្ចកទេសការដាំដំណាំចំណីសត្វបនែ្ថម។
កសិករគួរនាំគ្នាចងក្រងជាសមាគមគោពូជ ដើម្បីរួមគ្នាការពារផល ប្រយោជន៍រួម។ យើងក៏ត្រូវប្រើប្រាស់ភ្នាក់ងារ សុខភាពសត្វភូមិឱ្យអស់លទ្ធភាព ដើម្បីឱ្យពួកគេជួយកសិករតាមរយៈការពារព្យាបាល និងថែទាំសុខភាពសត្វ។ នាយកដ្ឋានត្រូវតែបង្កើតមណ្ឌលបង្កាត់ពូជសិប្បនិមិ្មតអោយបានគ្រប់ខេត្ត និងកៀរគររកជំនួយគ្រប់រូបភាពឲខាងតែបាន ដើម្បីគាំទ្រ គម្រោងនេះឲបានអាយុវែង។ ថ្នាក់ការិយាល័យខេត្តត្រូវផ្លាស់ប្ដូរបច្ចេកទេសគ្នាដូចជាខេត្តតាកែវ ចេះបង្កាត់ជ្រូកសិប្បនិមិ្មត មកបង្រៀនខេត្តពោធិសាត់ ហើយខេត្តពោធិសាត់ទៅបង្រៀនខេត្តតាកែវពីការបង្កាត់គោសិប្បនិម្មិតវិញ ពោលគឺតាមរបៀបអ្នកចេះច្រើនបង្រៀនអ្នកចេះតិច, អ្នកចេះតិចបង្រៀនអ្នកមិនចេះ។ នោះទើបវិស័យផលិតកម្មសត្វយើងមានការរីកចម្រើនបានឆាប់រហ័ស។