ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យចំការត្រសក់ផ្អែម និងបន្លែរួមផ្សំមួយចំនួនទៀតរបស់កសិករ ណូយ ណែម
ចេញផ្សាយ ២៨ មករា ២០១៩
2803
នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីបិតសន្និបាតបូកសរុបការងាររបស់មន្ទីររួចមក ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យចំការត្រសក់ផ្អែម និងបន្លែរួមផ្សំមួយចំនួនទៀតរបស់កសិករ ណូយ ណែម នៅភូមិអញ្ចាញ សង្កត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីក្នុងទឹកចិត្តសប្បាយរីករាយ អ្នកមីងណែមថា បច្ចុប្បន្នគ្រួសាររស់នៅជួបជុំគ្នា កូនៗចូលរៀន ជីវភាពធូរធារដោយសារចំណូលពីបន្លែ (ឆៃថាវ និងត្រសក់ផ្អែម) ប្រមាណពី៧-៨ លានរៀលក្នុង១លើក ១ឆ្នាំដាំបាន ២លើក រួមជាមួយផលស្រូវផង ក្រោយពីទូទាត់ថ្លៃដើមរួចអាចទទួលបានចំណូលពី៤ ទៅ ៦លានរៀលក្នុង១រដូវ។
ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាកសិករគ្រប់ៗគ្រួសារដែលបានប្រកាន់យករបរកសិកម្មដាំបន្លែធ្វើជាអាជីពដែលជាប្រភពចំណូលយ៉ាងល្អប្រសើរក្នុងការផ្គត់ផ្គង់តម្រូវការសមាជិកគ្រួសារ។ ចំណូលដ៏ខ្ពស់នេះ ចាត់ទុកថាប្រជាកសិករមានជីវភាពល្អប្រសើរ ធានាបាននូវសន្តិសុខស្បៀង កាត់ បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជាពិសេសអាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០។
ទាក់ទងនឹងការងារបច្ចេកទេស លោកបានជូនយោបល់ឱ្យកសិកររៀបចំកម្មវិធីដាំឲ្យប្រភេទបន្លែខុសៗគ្នា ខុសពេល ដើម្បីជៀសវាងអធិរេកទីផ្សារ ឬបរិមាណផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងអស្ថិរភាពតម្លៃ សិក្សាបន្ថែមពីការងារបច្ចេកទេសវេចខ្ចប់ ថែរក្សាទុកដាក់ ហើយគួរចងក្រងសហគមន៍ផលិតរួចទាក់ទងសណ្ឋាគារ និងភោជីយដ្ឋានដើម្បីធ្វើការផ្គត់ផ្គង់តាមរយ:ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។