នៅព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណាំបន្លែ របស់កសិករ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។ លោកពូ គង់ វ៉ុង បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីការងារដាំដុះ (ត្រសក់ ត្រឡាច ម្រះ សណ្តែកគួ) ប្រមូលផល ទីផ្សារ ចំណូល (២លានរៀលក្នុង១លើក ដាំក្នុងផ្ទះសំណាញ់ ជាមធ្យមទទួលចំណូលបានជាង ២៥០០ដុល្លារ/ឆ្នាំ តែអាស្រ័យលើទំហំផ្ទៃដី) ការងារបណ្តុំបន្ថែសុវត្ថិភាព និងបញ្ហាផ្សេងៗ។ លោកពូ បានថ្លែងអំណរ គុណឯកឧត្តមរដ្ឋមន្ត្រី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែផ្តល់ កំលាំងចិត្ត គាំទ្រ និងជួយជាបច្ចេកទេសរៀងរហូត ធ្វើឲ្យអាជីវកម្មរបស់លោកពូរីកចម្រើនធំធាត់រហូតមក ទល់បច្ចុប្បន្ន។
បន្ទាប់ពីបានអញ្ជើញចុះពិនិត្យចំការបន្លែរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានសាទរចំពោះជោគជ័យដែលលោក គង់ វ៉ុង ទទួលបាននាពេលនេះ ដោយចាប់ផ្តើមពីការដាំដុះជាលក្ខណគ្រួសារ ដាំទៅទីវាលប្រឈមបញ្ហាជាច្រើន ប៉ុន្តែបច្ចុប្បន្ន មានរោងសំណាញ់ ជាកន្លែងប្រមូលផ្តុំបន្លែ យកទៅផ្គត់ផ្គង់ទីផ្សាររាជធានីភ្នំពេញ មានអាជីវកម្មលក់ធាតុចូលកសិកម្ម។ល។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះហើយគឺធ្វើឲ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ។ ដោយឡែក អាជីវកម្មធាតុចូលកសិកម្ម (ជី ថ្នាំ សម្ភារប្រើ ប្រាស់) ក៏បានរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ ងាយស្រួល ចំណេញពេល និងពលកម្ម។ល។ កត្តាទាំងអស់នេះ ហើយបានជាផលិតកម្មបន្លែសុវត្ថិភាពកំពុងមានការកើនឡើងជាលំដាប់ ស្រប់ពេលដែលតម្រូវការទីផ្សារកាន់តែខ្ពស់។