នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ រួមមាន លោកជំទាវ ចាន់ ផលលឿន ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការក្រសួង ព្រមទាំងមន្ទីរកសិកម្មខេត្ត អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកចំនួន២ក្នុងខេត្តបាត់ដំបង។
ការចុះពិនិត្យនេះជាក់ស្តែងបង្ហាញថា មានផ្ទៃដីទំហំ ៣២៣ហិកតា ទទួលរងការជន់លិច នៅក្នុងភូមិសាស្ត្រស្រុកចំនួន ២ គឺស្រុកឯកភ្នំ នៅឃុំព្រែកនរិន្ទ និងស្រុកបាណន់ នៅក្នុងឃុំភ្នំសំពៅ។ យ៉ាងណាក៏ដោយ ស្ថានភាពស្ថានភាពទឹកជំនន់កំពុងស្រកទៅវិញជាបណ្តើរៗហើយ។
នៅក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ បានចាត់តាំងឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរមូលដ្ឋាន រិះរកវិធី និងមធ្យោបាយផ្សេងៗ ដើម្បីបង្ហូរទឹកនេះឱ្យស្រកបានលឿន ជៀសវាងការខូចខាតដំណាំស្រូវធ្ងន់ធ្ងរ៕