កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៤នេះ ឯកឧត្តមបណ្ឌិតអ៊ុករ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមដំណើរដោយលោកជំទាវហោម៉ាលីនរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តមសូខនឫទ្ធីគុណប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានអញ្ចើញទៅពិនិត្យវាយតម្លៃសភាពរាំងស្ងួត នៅតាមភូមិ ឃុំមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបានផ្តើមពីការពិនិត្យវាយតម្លៃលទ្ធផល អន្តរាគម៍ភ្ជួររាស់ដោយត្រាក់ទ័រ របស់នាយកដ្ឋានគ្រឿងយន្តកសិកម្ម។
លោក សយ បញ្ញា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានឱ្យដឹងថាផ្អែកលើស្ថានភាពជាក់ស្តែង គិតត្រឹមចុងសប្តាហ៍ទី២ ខែសីហានេះ លទ្ធផលការងារបង្កបង្កើនផលស្រូវរដូវវស្សា អនុវត្តបានដូចខាងក្រោម៖
ភ្ជួររាស់បាន៤៧០០ហិកតា សាបសំណាបបាន៨២៨៦ហិកតា និងព្រួសស្ទូងបាន១៥២៨៧ហិកតា គឺស្មើនឹង១៣,៤៧ភាគរយ នៃសន្ទស្សន៍ ផែនការដាំដុះប្រចាំឆ្នាំ ដោយឡែកឈានចូលដល់សប្តាហ៍ទី២ខែសីហានេះ គ្រោះរាំងស្ងួត បានអូសបន្លាយពេលយូរ ធ្វើឱ្យរាំងស្ទះល្បឿនការងារបង្កបង្កើនផល របស់ប្រជាកសិករ ក្នុងនេះខូចខាតសំណាបស្ទូងអស់ប្រមាណ១៤៤០ហិកតា និងកំពុងរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនេះនូវសំណាបស្ទូងប្រមាណ៩៣៩២ហិកតា ក្នុងនោះស្រុកដែលរាំងស្ងួតខ្លាំងជាងគេ គឺស្រុកបសេដ្ឋ ស្រុកគងពិសី និងស្រុកឧត្តុង្គ។
ឯកឧត្តមរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ ម្ចាស់ស្រែដោយបានមានប្រសាសន៍ សំដែងនូវការចូលរួមសោកស្តាយ ការខូចខាតដំណាំស្រូវដោយគ្រោះរាំងស្ងួតដែលកំពុងមានការប្រែប្រួល ពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ទីរកសិកម្មខេត្ត សូមបញ្ចូនមន្ត្រីជួយដល់ប្រជាកសិករនៅក្នុងសភាពការរាំងស្ងួតនេះ ដូចប្រសាសន៍សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែលើកឡើងថា មិនត្រូវបណ្តែតបណ្តោយឱ្យស្រូវប្រជាពលរដ្ឋ ស្វិតងាប់ដោយយើងមិនបានដឹង មិនបានជួយដោះស្រាយនោះទេ ហើយឯកឧត្តមរដ្ឋមន្ត្រី បានណែនាំសូមឱ្យប្រជាកសិករធ្វើថ្នាលសំណាប នៅកន្លែងដែលមានប្រភពទឹក និងត្រូវបន្តជម្រុញការភ្ជូររាស់រៀបចំដីស្រែឱ្យរួចរាល់ និងត្រូវបន្តការធ្វើអន្តរាគមន៍សង្គ្រោះការរាំងស្ងួត នៅតំបន់ណាដែលមានប្រភពទឹករួមជាមួយការត្រៀមស្រូវពូជ ដើម្បីស្តារការខូចខាតឡើងវិញ។
ខណៈនោះដែរឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក៏បានឧបត្ថម្ភថវិកាចំនួនពីរលានរៀលដល់ក្រុមអន្តរាគមន៍ភ្ជួររាស់ដោយត្រាក់ទ័ររបស់នាយកដ្ឋានគ្រឿងយន្តកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មនៅក្នុងបេសកកម្មអនុវត្តបង្ហាញដល់កសិករពីបច្ចេកទេសភ្ជួររាស់និងរៀបចំស្រែមុននឹងធ្វើការព្រួសស្ទូង៕