នៅខេត្តកំពង់ឆ្នាំ ស្រុកសាមគ្គីមានជ័យ ឃុំពាម ភូមិសេរីវង្ស នាសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី និងដោយមានឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរជាមួយផង បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក ស្វាយចន្ទី និងស្តៅ) ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារសម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុះ។
ជាបន្តបន្ទាប់ ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ និងឯកឧត្តម ឈួរ ច័ន្ទឌឿន បានរាយ ការណ៍ និងមានចំណាប់អារម្មណ៍ ដោយមានខ្លឹមសារជារួមមិនខុសអ្វីពីខ្លឹមសារក្នុងកម្មវិធីនៅខេត្តពោធិ៍សាត់ នាពេលព្រឹកមិញឡើយ។ ដូច្នេះ នៅរសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី បានដក ស្រង់នូវចំណុចសំខាន់ៗនៃលទ្ធផលរបស់គម្រោងដែលសម្រេចបាននាពេលកន្លងមកជម្រាប ជូនអង្គពិធីដូចខាងក្រោម៖
• បានបណ្តុះបណ្តាលបុគ្គលិកគម្រោង និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣៣នាក់ អំពី “ប្រព័ន្ធកសិកម្មចំរុះ” និង “ការវាយតម្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅកម្រិតកសិដ្ឋាន និងកម្រិតទេសភាព”។
• បានបណ្តុះបណ្តាលកសិករអំពី “បច្ចេកទេសអនុវត្តប្រព័ន្ធកសិកម្មចម្រុះ” បានចំនួន ១ ១១៥ គ្រួសារ (ស្ត្រី ៦៨៧ នាក់) ក្នុងនោះនៅខេត្តពោធិ៍សាត់ ៥៩០នាក់ និងខេត្តកំពង់ឆ្នាំង ៥៣៥ នាក់។
• បានដឹកនាំកសិកររៀបចំ ប្លង់កសិដ្ឋានប្រព័ន្ធកសិកម្មចម្រុះបានចំនួន១ ០២៣ប្លង់។
• បានរៀបចំសិក្ខាសាលាស្តីពី “ការគាំទ្រការសម្រេចចិត្តដោយមានការចូលរួម” ជាមួយកសិករ បានចំនួន ២៤វគ្គ មានកសិករចូលរួមសរុបចំនួន ៤៥៣ នាក់ (ស្ត្រី ២៤៣ នាក់)។
• បានបណ្តុះបណ្តាលកសិករស្តីពី “បច្ចេកវិទ្យាក្រោយការប្រមូលផល” បានចំនួន ៣២វគ្គ មានកសិករចូលរួមចំនួន ៦៦២ នាក់ (ស្ត្រី ៤០៧ នាក់)។
• បាននិងកំពុងរៀបចំចងក្រងក្រុមកសិករបង្កើតជា ក្រុមសហគមន៍អនុវត្តប្រព័ន្ធកសិកម្មចម្រុះ ចំនួន ២៨ ក្រុម ហើយក្រុមទាំងនេះនឹងក្លាយទៅជាបណ្តុំអាជីវកម្ម ដែលបង្កើនការផលិត និងភ្ជាប់កសិផលទៅកាន់ទីផ្សារ។
ក្រៅពីចំណេះដឹងដូចបានជម្រាបជូនខាងខាងលើ សម្រាប់ខេត្តកំពង់ឆ្នាំ កសិករចំនួន ៥០០ គ្រួសារ កំពុងចាប់ផ្តើមអនុវត្តប្រព័ន្ធកសិកម្មចំរុះក្នុងនោះទទួលបាន៖ ឈើហូបផ្លែចំនួន ៣៤ ៣១១ដើម មាន់ពូជ និងទាចំនួន ៣ ៩២២ក្បាល កូនត្រី និងកូនកង្កែបចំនួន ១៩ ៧២៥ក្បាល ចំណីមាន់ចំនួន ១២បាវ ចំណីត្រី ចំនួន ១៤បាវ និងជីធម្មជាតិចំនួន ១១៥បាវ។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ប្រជាកសិករឲ្យយកចិត្តទុកដាក់លើការងារបង្កបង្កើនផល (ចិញ្ចឹម សត្វ ត្រី កង្កែប ដាំបន្លែ និងឈើហូបផ្លែ) ធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ។ ហេតុនេះ លោកសុំឲ្យអ្នកទទួលបានពូជដំណាំ និងពូជសត្វនាពេលនេះ យកទៅដាំចុះ និងចិញ្ចឹម មើលថែទាំ យកចិត្តទុកដាក់ឲ្យបានល្អ ប្រយោជន៍ទទួលបានមកវិញជាស្បៀងអាហារសម្រាប់គ្រួសារ និងលក់ដូរតាមការចាំបាច់។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះក្មួយៗនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលបានចុះមកបម្រើការឲ្យគម្រោងដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវក្នុងនាមជាអ្នកជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបទាន់សម័យ ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍ និងជាពិសេសក្នុងកាល:ទេស: ដែលវិស័យមួយចំនួនកំពុងជួបវិបត្តិដោយសារជំងឺឆ្លងកូវីដ-១៩។ ជាងនេះទៅទៀត សកម្មភាពយ៉ាងសស្រាក់សស្រាំនេះ នឹងជួយបង្កើនផលិតភាពផលិតកម្មកសិកម្មទាំងបរិមាណ និងគុណភាព ធានាដល់ការផ្គត់ផ្គង់ឲ្យទីផ្សារ បង្កើនប្រាក់ចំណូល និងកម្រិតជីវភាព ឈានជាជំហានៗឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។