នារសៀលថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ បានអញ្ជើញបន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោរបស់លោក ហ៊ាង រដ្ឋា ក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
នៅក្នុងឱកាសដ៏រីករាយនោះដែរ កសិករ សែម សង្វាត ដែលជាឳពុករបស់ម្ចាស់កសិដ្ឋាន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ជ្រាបថា កសិដ្ឋាននេះជាកសិដ្ឋានចិញ្ចឹមគោយកសាច់ និងបង្កាត់ពូជដោយសិប្បនិម្មិតដែលជាប្រភេទពូជគោ ប្រាម៉ាន់។ លោកសង្វាត បញ្ជាក់ថា បន្ទាប់ពីចូលនិវត្តន៍ពីការងារជាមន្ត្រីរាជការ លោកចាប់ផ្តើមចិញ្ចឹមគោ ៣ឆ្នាំមកហើយ បច្ចុប្បន្នគ្រួសារមានជីវភាពធូរធារ កូនៗរៀនចប់ បរិញ្ញាបត្រមានការងារធ្វើ មានប្រាក់ចំណូលសមរម្យ ដោយសារចំណូលពីការចិញ្ចឹមគោចំនួន ២៣ក្បាល ដោយមេគោពេញវ័យ មួយក្បាលអាចលក់បានជាង ៣ពាន់ដុល្លារជាមធ្យមក្នុង១ឆ្នាំ អាចទទួលបានចំណូល ១-១,៥ ម៉ឺនដុល្លារ រួមផ្សំជាមួយផលស្រូវផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកសង្វាតដែលបានប្រកាន់យករបរចិញ្ចឹមគោដែលជាប្រភពចំណូលយ៉ាងល្អប្រសើរក្នុងការកែប្រែជីវភាពគ្រួសារ។ ចំណូលដ៏ខ្ពស់នេះ ធ្វើឱ្យគ្រួសារគាត់មានជីវភាពល្អប្រសើរ គ្រួសារមានសុភមង្គល ហើយនេះគឺជាលទ្ធផលយ៉ាងល្អប្រសើរដែលបានពីការអភិវឌ្ឍនៃវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យការិយាល័យផលិតកម្មសត្វ និងសុខភាពសត្វត្រូវខិតខំបន្ថែមទៀតលើការងារបង្កាត់ពូជគោ និងត្រូវកែ ប្រែប្រព័ន្ធផលិតកម្មចិញ្ចឹមពីចិញ្ចឹមជាលក្ខណៈគ្រួសារ ទៅចិញ្ចឹមជាលក្ខណៈពាក់កណ្តាលឧស្សហកម្មវិញ ប្រយោជន៍ដើម្បីលើកកម្ពស់ គុណភាពផលិតកម្មធានាបានគុណភាព អនាម័យ និងសុវត្ថិភាព។ ដោយឡែកអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វត្រូវរៀបចំ កម្មវិធីប្រឡងប្រណាំងកសិករឆ្នើមដែលមានស្នាដៃចិញ្ចឹមសត្វបានល្អ និងមានគំនិតច្នៃប្រឌិត ដោយផ្តល់ជាប័ណ្ណសរសើរ ឬប្រាក់រង្វាន់ លើកទឹកចិត្ត ដើម្បីជំរុញការងារផលិតកម្មសត្វឱ្យរីកចម្រើន ធានាបានការផ្គត់ផ្គត់ទីផ្សារក្នុងស្រុក និងឈានទៅកាត់បន្ថយការនាំចូល។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នទូទាំងខេត្តតាកែវបានបង្កាត់គោដោយសិប្បនិម្មិត្តបានជាង ១ពាន់ក្បាល។