នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិស នៃគម្រោងស្តីពី ការបង្កើតហេដ្ឋារចនាសម្ព័ន្ធកសិកម្មវៃឆ្លាតប្រកបដោយគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៅប្រទេសកម្ពុជា អមដំណើរដោយមន្រ្ដីជំនាញ បានចុះពិនិត្យវឌ្ឍនភាពគម្រោង Smart Farm នៅស្ថានីយពិសោធន៍ដំណាំហូបផ្លែ និងរុក្ខជាតិលម្អដីឥដ្ឋ ស្ថិតនៅភូមិពពាល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
ក្នុងដំណើរចុះពិនិត្យនេះ ធ្វើឡើងក្រោមកិច្ចសហការជាមួយ Official Development Assistance (ODA) និងគាំទ្រហិរញ្ញប្បទានដោយសាធារណរដ្ឋកូរ៉េ។
ឯកឧត្ដមរដ្ឋលេខាធិការ បានជួបពិភាក្សាជាមួយមន្រ្ដីជំនាញ និងជំនាញការកូរ៉េ ដែលកំពុងបម្រើការនៅមជ្ឈមណ្ឌល ដោយបានផ្ដល់ការណែនាំ តម្រង់ទិសដល់មន្រ្ដីពាក់ព័ន្ធ ត្រូវខិតខំទទួលយកចំណេះជំនាញពីអ្នកជំនាញការកូរ៉េ មុនការបិទបញ្ចប់គម្រោង លើការគ្រប់គ្រងដំណើរការប្រព័ន្ធគាំទ្រផលិតកម្មក្នុងផ្ទះសំណាញ់ ការស្រូបយកធាតុចូលកសិកម្មក្នុងស្រុក ជំនួសឱ្យធាតុចូលកសិកម្មនាំចូលពីបរទេសដូចជា ជី ថ្នាំ ពូជ និងត្រូវពង្រឹងសមត្ថភាពពង្រីកទីផ្សារកំពុងមានស្រាប់។
បន្ទាប់ពីជំនួប ឯកឧត្ដម និងក្រុមការងារ បន្ដចុះពិនិត្យស្ថានភាពផលិកម្មក្នុងផ្ទះសំណាញ់របស់គម្រោងដែលជាផ្ទះសំណាញ់មានភាពទំនើប ងាយស្រួល និងចំនេញពេលវេលា ដូចទៅនឹងផ្ទះសំណាញ់នៅប្រទេសកូរ៉េ ប៉ុន្ដែផ្ទះសំណាញ់នេះ ពុំទាន់ស្របតាមលក្ខខណ្ឌក្សេត្របរិស្ថាន និងសេដ្ឋកិច្ចសង្គមកម្ពុជា (កសិករ) នៅឡើយទេ ដែលទាមទារទុនវិនិយោគពីកសិករ ឬអ្នកវិនិយោគកម្រិតខ្ពស់។ គម្រោងនេះ នឹងបញ្ចប់នៅខែវិច្ចិកា ឆ្នាំ២០២៤ខាងមុខ ហើយការគ្រប់គ្រងនឹងប្រគល់ជូនមកក្រសួងកសិកម្មវិញ ដោយមានមន្រ្ដីជំនាញរបស់ក្រសួងប្រចាំនៅមជ្ឈមណ្ឌលខាងលើបន្ដអនុវត្ដ៕